ដោយ៖ដេប៉ូ/ភ្នំពេញ៖ស្លឹកគ្រៃ (Citronella oil)ក្រៅពីប្រើបំបាត់ក្លិនឆ្អាបហើយ តាមការស្រាវជ្រាវបានបង្ហាញថា ស្លឹកគ្រៃនៅជារុក្ខជាតិដែលជនជាតិខ្មែរបានចេះយកមកប្រើប្រាស់ធ្វើជាឱសថព្យាបាលរោគជាច្រើនមុខដូចជា ព្យាបាលរលាកទងសួត អាការដេកមិនលក់ ជួយរំលាយអាហារ និង បញ្ចុះកម្តៅទៀតផង។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖តាមធម្មតាស្លឹកគ្រៃ មានកម្ពស់ ០,៨០-១,៥ម ស្លឹកដុះចេញពីក្តៀង មានក្លិនក្រអូបឈ្ងុយ សំប៉ែតវែងស្រួចចុង មានរោមខ្លីហើយរឹង នៅផ្ទៃក្រោម ផ្ទៃលើរលីង គែមស្លឹកមានរោមខ្លីៗ ហើយរឹងអាចមុត ស្លឹកមានទ្រនុងកណ្តាលក្រាស់ហើយរឹង។ រុក្ខជាតិផ្កាឈ្មោលមានទង ផ្លែស្ងួតរាងទ្រវែង មិនបែក មានគ្រាប់តែមួយជាប់នឹងសម្បកស្តើង។ ដើមមានក្លិនក្រអូបប្រហើរ បន្តពូជដោយបំបែកកូនដើមចេញពីគល់ ដុះលើគ្រប់ស្ថានភាពដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។
សម្រាប់ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
-គ្រឿងទេស: បង្កើនរសជាតិ និងក្លិនឈ្ងុយ ឬកាត់ក្លិនឆ្អាប។
–ឱសថ: ស្លឹកគ្រៃដាំទឹកផឹកព្យាបាលរលាកទងសួត ជំងឺដេកមិនលក់ ជួយរំលាយអាហារ បញ្ចុះកម្តៅ។
គួរបញ្ជាក់ថា៖បើតាមការស្រាវជ្រាវផ្សេងទៀតក៏បានបង្ហាញដែរស្លឹកគ្រៃក៏មានសារជាតិដែលអាចបំបាត់ការឈឺចុកចាប់ តាមផ្លូវរំលាយអាហារ,កាត់បន្ថយសម្ពាធឈាម,ជួយឱ្យអារម្មណ៍ស្រស់ស្រាយ,និង បំបាត់ការវិលមុខ ឬចង្អោរ ជាដើម៕/R