ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ថៃនៅថ្ងៃចន្ទនេះបានលុបចោលវិញច្បាប់មួយដែលខ្លួនបានប្រកាសកាលពីចុងសប្តាហ៍ថានឹងតំរូវអោយអ្នកដំណើរចូលថៃត្រូវបង្ហាញភស្តុតាងថាបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេស។
លោកអានុទីន ឆានវីរ៉ាគុល(Anutin Charnvirakul)បានប្រាប់អ្នកយកព័ត៌មានថា មិនចាំបាច់ត្រូវការភស្តុតាងនៃការចាក់វ៉ាក់សាំងទេ ដោយសារតែភាពស៊ាំនឹងជំងឺកូវីដ១៩មាននៅទូទាំងពិភពលោក ដូច្នេះអ្នកមិនបានចាក់វ៉ាក់សាំងការពារក៏ត្រូវអនុញ្ញាតអោយចូលថៃដោយគ្មានការរឹតបន្តឹងដែរ។
រដ្ឋមន្ត្រីសុខាភិបាលថៃលោកអានុទីន ឆានវីរ៉ាគុល បានលុបចោលច្បាប់ថ្មីដែលតំរូវអោយបង្ហាញភស្តុតាងចាក់វ៉ាក់សាំងដោយលោកថា ពិភពលោកមានភាពស៊ាំនឹងជំងឺកូវីដ១៩គ្រប់គ្រាន់ហើយ
ការសំរេចចិត្តនេះនឹងជំនួសច្បាប់ថ្មី ដែលប្រកាសកាលពីថ្ងៃសៅរ៍ដោយការីអាកាសចរណ៍ថៃនៅមួយថ្ងៃគត់មុនចិនបើកព្រំដែនរបស់ខ្លួនឡើងវិញ។
មុននេះរដ្ឋាភិបាលថៃបាននិយាយថា ខ្លួនកំពុងពិនិត្យមើលឡើងវិញការចេញប្រើច្បាប់ថ្មីភ្លាមៗដែលតំរូវអ្នកមកពីបរទេសត្រូវតែបង្ហាញឯកសារបញ្ជាក់ថាបានចាក់វ៉ាក់សាំងយ៉ាងតិចពីរលើក បន្ទាប់ពីការីទេសចរណ៍កោះភូកេត បានត្អូញត្អែរថាច្បាប់ថ្មីនេះបណ្តាលអោយអ្នកទេសចរណ៍ជាច្រើនលុបចោលផែនការធ្វើដំណើរមកកាន់កោះនេះ។
រដ្ឋមន្ត្រីទេសចរណ៍និងកីឡាថៃ លោក ភីផាត រ៉ាតចាគីតប្រាកាន(Phiphat Ratchakitprakarn)បាននិយាយកាលពីថ្ងៃចន្ទថា លោកបានស្នើសុំរដ្ឋមន្ត្រីសុខាភិបាលអោយកែសម្រួលច្បាប់តំរូវអោយចាក់វ៉ាក់សាំងពីរដូសនេះសំរាប់ភ្ញៀវទេសចរបរទេស។លោកបានធ្វើអន្តរាគមន៍ក្រោយពីសមាគមទេសចរណ៍ភូកេតផ្ញើលិខិតមួយមករដ្ឋាភិបាលដោយត្អូញត្អែរប្រាប់ថា ច្បាប់ថ្មីគំរាមការរើបរើឡើងនៃវិស័យទេសចរណ៍ចំពេលភ្ញៀវចិនត្រៀមមកកាន់ថៃ។
សមាគមទេសចរណ៍ភូកេតបាននិយាយថា ខ្លួនបានទទួលប្រតិកម្មអវិជ្ជមានមកពីការីទេសចរណ៍បរទេស ដែលសម្តែងការស្រឡាំងកាំងចំពោះការផ្លាស់ប្តូរវិធានការភ្លាមៗសំរាប់ភ្ញៀវចូលថៃ។
នៅអាល្លឺម៉ង់ ក្រុមហ៊ុនទេសចរណ៍ជាច្រើនបាននិយាយថាការតំរូវអោយចាក់វ៉ាក់សាំងបែបនេះបង្កបបញ្ហាមួយនិងកាត់បន្ថយជំនឿចិត្តលើទេសចរណ៍ថៃ ដោយការកក់បន្ទប់ចំនួនជាង១.០០០ត្រូវបានលុបចោល នេះបើតាមកាសែតបាងកកប៉ុស្តិ៍៕
ទេសចរណ៍ថៃរំពឹងរើបរើខ្លាំងបន្ទាប់ពីចិនបើកព្រំដែនឡើងវិញ