ប្រែសម្រួល : កញ្ញាដាលីស (ណេសិន) ៖ បង្គន់ឆ្លាតវៃតម្លៃ ១០.០០០ ដុល្លារ ដែលមានភ្ជាប់មកជាមួយកម្មវិធី Amazon Alexa ពន្លឺសម្រាប់ប្តូរអារម្មណ៍ និងកៅអីលើកដាក់ចុះឡើងដោយស្វ័យប្រវត្តិ បានកំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលនៅឯពិព័រណ៍ CES នៅទីក្រុងឡាសវេហ្គាស។
បង្គន់ឆ្លាត Numi 2.0 របស់ក្រុមហ៊ុនអាម៉េរិក Kohler ក៏អាចចាក់តន្ត្រី ព័ត៌មាន និងរបាយការណ៍អាកាសធាតុ ព្រមទាំងបំពាក់នូវក្បាលរ៉ូប៊ីណេទឹកបាញ់សម្អាតគូទ កៅអីសម្អាតញើស ម៉ាស៊ីនសម្ងួត និងម៉ាស៊ីនសម្អាតដោយខ្លួនឯង ដែលប្រើពន្លឺ UV ដើម្បីសម្លាប់បាក់តេរីនិងមេរោគផងដែរ។
លោក អេនឌ្រូ វ៉ាន់ ហ្គ័រដិន (Andrew Van Gorden) អ្នកគ្រប់គ្រងផ្នែកទីផ្សារផលិតផលរបស់ក្រុមហ៊ុន Kohler នៅឯស្តង់ពិព័រណ៍ CES របស់ក្រុមហ៊ុននៅឡាសវេហ្គាស បានពន្យល់ថា “អ្នកនឹងមិនទុកគម្របចំហចោលម្តងទៀតនោះទេ។ វាជាបទពិសោធន៍ដែលមិនចំបាច់យកដៃប៉ះ ដែលបិទនិងបង្ហូរដោយស្វ័យប្រវត្តិ នៅពេលអ្នកចេញពីបន្ទប់ទឹក”។
មុខងារទាំងអស់របស់បង្គន់ Numi 2.0 អាចគ្រប់គ្រងបានយ៉ាងងាយស្រួលតាមរយៈកម្មវិធី Amazon Alexa ដែលមានស្រាប់ ឬឧបករណ៍បញ្ជាពីចម្ងាយ ដែលភ្ជាប់លើជញ្ជាំង។
លោកវ៉ាន់ ហ្គ័រដិនបាននិយាយថា “Amazon Alexa ត្រូវបានបំពាក់នៅក្នុងបង្គន់ ដូច្នេះវាត្រូវបានបង្កប់នៅក្នុង Numi 2.0 ។ វាអនុញ្ញាតឱ្យអ្នកចូលប្រើមុខងារពិសេសមួយចំនួនដូចជា លាងបង្គន់របស់អ្នក ឬចាប់ផ្តើមបទពិសោធន៍សម្អាតគូទជាមួយក្បាលរ៉ូប៊ីណេ”។
លោកបានបន្ថែមថា “វាក៏អនុញ្ញាតឱ្យអ្នកចាក់តន្ត្រី ចាក់ចម្រៀងតាមអនឡាញរបស់អ្នកតាមរយៈឧបករណ៍ផ្ទះឆ្លាតវៃរបស់អ្នកផងដែរ។ វាអាចចាក់ផតខាស (Podcast) ដែលអ្នកចូលចិត្ត និងឆែកមើលព័ត៌មាន។ ខណៈអ្នកកំពុងត្រៀមខ្លួនចេញធ្វើការនៅពេលព្រឹក វានឹងពិនិត្យមើលអាកាសធាតុជូនអ្នក មុនពេលអ្នកចាកចេញពីផ្ទះ”៕
បង្គន់ Numi 2.0 អាចគ្រប់គ្រងបានយ៉ាងងាយស្រួលតាមរយៈកម្មវិធី Amazon Alexa ដែលមានស្រាប់ ឬឧបករណ៍បញ្ជាពីចម្ងាយ ដែលភ្ជាប់លើជញ្ជាំង