ដោយៈប.ខុន/ ភ្នំពេញៈនៅរាជធានីភ្នំពេញនិងតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់គួរសមចាប់ពីវេលាទាបភ្លឺអូសរហូតដល់ព្រឹកថ្ងៃទី១០ខែមករាជាមួយនឹងផ្ទៃមេឃអាប់អួរនៅខេត្តដទៃទៀតដូចជាតំបន់ទំនាបកណ្តាលភាគពាយព្យនិងតំបន់ខ្ពង់រាបក៏មានភ្លៀងដោយសារឥទ្ធិពលសម្ពាធទាបរុញមកពីសមុទ្រចិនខាងត្បូងបានទៅដល់ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ខែមករា។ឯសីតុណ្ហភាពវិញចាប់ផ្តើមងើបឡើងទៅរកភាពធម្មតារហូតដល់ពាក់កណ្តាលខែមករានេះ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៩ខែមករាឆ្នាំ២០២៣ថានៅរាជធានីភ្នំពេញនិងតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយច្រើនគួរសមនៅវេលាទាបភ្លឺអូសរហូតដល់ព្រឹកថ្ងៃទី១០ខែមករាក៏នៅតែមានភ្លៀងក្នុងកម្រិតខ្សោយនិងផ្ទៃមេឃមានសភាពអាប់អួរ ដោយសារសម្ពាធទាបរុញមកពីសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថាបណ្តាខេត្តដទៃទៀតក៏មានភ្លៀងដែរចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ខែមករា។ភ្លៀងមានធ្លាក់រាយប៉ាយទៅដល់ តំបន់ទំនាបកណ្តាលភាគពាយព្យនិងតំបន់ខ្ពង់រាប។ចំណែកស្ថានភាពសីតុណ្ហភាពវិញចាប់ផ្តើមកើនឡើងទៅរកភាពធម្មតាវិញ ពីពេលនេះរហូតដល់ពាក់កណ្តាលខែមករាក៏មិន ទាន់ឃើញមានការប្រែប្រួលថ្មីដែរ។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២៣ បានជូនដំណឹងស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៤ដល់ថ្ងៃ១០ខែមករាថាព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែមករាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មរុញមកពីភាគខាងក្រោម(ត្បូង)នៃសមុទ្រចិនខាងត្បូង ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែមករាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននិងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពអាកាសធាតុបែបខាងលើធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២១ទៅ២៤អង្សាសេ សីតុណ្ណភាពអតិបរមាមានពី២៨ទៅ៣០អង្សាសេ។នៅអំឡុងពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមករា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។
សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី១៨ទៅ២១អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៨ទៅ៣០អង្សាសេ។នៅអំឡុងពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែមករា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អអ្សាសេ សីតុណ្ណភាពអតិបរមាមានពី២៨ទៅ៣០អង្សាសេ។នៅអំឡុងពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមករា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើនិងអាចមានខ្យល់បក់ពីបង្គួរទៅខ្លាំង។ឯនៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រពីមធ្យមទៅបង្គួរផងដែរ៕/PC