ដោយៈ ភ្នំខៀវ / បាត់ដំបងៈ អ្នកជំនាញ ចាប់ផ្តើមបង្ហូរទឹកស្ទឹងសង្កែ ចេញមួយចំនួនធំ ត្រៀមសម្អាតបរិស្ថាន និងរៀបចំច្រាំងស្ទឹង ជាច្រើនគីឡូម៉ែត្រ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ថែមទៀត។

មកទល់នឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ មន្ត្រីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានចាប់ផ្តើមបិទទ្វារទឹក នៅទំនប់ស្ទាក់ទឹក ពហុបំណង សេកសក ស្ទើរតែទាំងស្រុងហើយ ដើម្បីទុកលទ្ធភាពដល់ ក្រុមបច្ចេកទេស បានរៀបចំកែលម្អច្រាំងស្ទឹង ប្រមាណជាជិត ៥ ទីកន្លែង នៅក្នុងភូមិសាស្ត្រស្រុក ក្រុងមួយចំនួន ដែលមានទីតាំង នៅតាមបណ្តោយដង ស្ទឹងសង្កែ ឲ្យមានភាពរឹងមាំ និងស្រស់ស្អាតឡើងវិញ។

ទន្ទឹមនឹងការបិទទ្វារទឹក អាងស្តុកទឹក នៅផ្នែកខាងលើ ទំនប់ស្ទាក់ទឹកសាលាតាអន ដែលឋិតនៅផ្នែកខាងក្រោម ក្នុងស្រុកឯកភ្នំ ក៏បានបើកទ្វារទំលាក់ទឹកចុះ ទៅប៉ែកបឹងទន្លេសាប យ៉ាងច្រើនម៉ែត្រគូបផងដែរ ដែលបច្ចុប្បន្ន ទឹកស្ទឹងសង្កែ មានកម្ពស់ប្រហាក់ប្រហែល ២ ទៅ ៣ ម៉ែត្រ ឬតិចជាងនេះ ពិសេសនៅប៉ែក ខាងលើ។

ការរៀបចំកែលម្អលើកកម្ពស់សោភ័ណភាព ដងស្ទឹងសង្កែ កន្លងមក អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានជំរុញដល់បណ្តាអាជ្ញាធរមូលដ្ឋាន ជាប់ដងស្ទឹងចំនួន ៥ ក្រុង ស្រុក រួមមាន ក្រុងបាត់ដំបង ស្រុកបាណន់ ស្រុកសង្កែ និងស្រុកឯកភ្នំ ថែមទាំងបំផុសដល់ប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងយុទ្ធនាការ ប្រមូលសំរាម និងពន្លឿនចុះណែនាំដល់ពលរដ្ឋទាំងអស់ ឲ្យចូលរួមថែរក្សាអនាម័យ កុំឲ្យចោលសំរាម ក្នុងស្ទឹងសង្កែ ឬក្នុងព្រែក ប្រឡាយ បឹងបួទាំងឡាយ សំដៅលើកស្ទួយមុខមាត់ ក្នុងមូលដ្ឋាន ជៀសផុតពីជំងឺផ្សេងៗ និងលើកកម្ពស់ដល់ វិស័យទេចរណ៍ ឲ្យល្អប្រសើរ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមានចំនួន កាន់តែច្រើន ទ្វេឡើងថែមទៀត។

គម្រោងរៀបចំដងស្ទឹង និងច្រាំងស្ទឹងសង្កែ មិនធ្លាប់មានពីមុនមកនេះ អាជ្ញាធរ ឬមន្ត្រីជំនាញ មិនបានបញ្ជាក់ពីការកំណត់ ពេលវេលាបញ្ចប់ការសាងសង់ទេ វាអាស្រ័យទៅលើភាពជាក់ស្តែង៕ V / N