ដោយៈ ប.ខុន / ភ្នំពេញៈ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិសាត់ បានបើកបញ្ចេញទឹកពីអាងលេខ៣ ដើម្បីបញ្ជូនទៅស្រោចស្រព ដំណាំស្រូវ នៅក្រុងពោធិ៍សាត់ ស្រុកបាកាន និងស្រុកកណ្តៀង។ ខេត្តពោធិសាត់ មកដល់ពេលនេះ ធ្វើការដាំដុះស្រូវប្រាំង បានចំនួនប្រមាណជា ២១២ ភាគរយ នៃផែនការ ១៨.០០០ ហិកតាហើយ។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិសាត់ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ថាៈ អាងទឹកលេខ៣ បានបើកទ្វារបញ្ចេញទឹក រយៈពេលមួយសប្តាហ៍ មកហើយ អស់ទឹកពីក្នុងអាង ប្រមាណជា ១០ ភាគរយ នៃទឹកដែលអាងបានស្តុកចំនួន ២៥,៥ លានម៉ែត្រគូប ដើម្បីបញ្ជូនទៅស្រោចស្រពផ្ទៃដីស្រូវ ប្រាំង ដែលពេលនេះ អនុវត្តបានរហូតដល់ ២១២ ភាគរយ នៃផែនការ ១៨.០០០ ហិកតា។

លោកប្រធានមន្ទីរ បាននិយាយឱ្យដឹងទៀតថាៈ អាងទឹកលេខ៣ ពេលមិនទាន់ បើកទ្វារ ទឹកនៅហូរលើទំនប់បង្ហៀរ នៅឡើយទេ តែដោយសារកម្រិតហូរ លើបង្ហៀរ មានបរិមាណតិច ក្រុមការងារ បានសម្រេចបើកទ្វារទឹកបន្ថែម ដើម្បីបំពេញតម្រូវការ ទឹករបស់ប្រជាកសិករដែលជាទូទៅ គឺគាត់បើកបញ្ចូលស្រែ ដោយមិនចាំបាច់ បូមនៅកន្លែងខ្លះ និងកន្លែងខ្លះ ដែលមានស្រែខ្ពស់ជាងប្រឡាយ ក៏ត្រូវប្រើម៉ាស៊ីន បូមដែរ។ ជាទូទៅ ពេលនេះមិនទាន់មានកន្លែងណាមួយ ប្រឈមការខ្វះទឹក នៅឡើយទេ។

លោក កែវ វ័យ បាននិយាយឱ្យដឹងទៀតថាៈ ចំពោះអាងលេខ៥ ដែលស្តុកទឹក បានប្រមាណជា ២៤,៥ លានម៉ែត្រគូប ពេលនេះ នៅមិនទាន់បើកបញ្ចេញទឹក នៅឡើយទេ ទឹកនៅហូរលើទំនប់បង្ហៀរ អាងទឹកទាំងពីរនេះ តាំងពីធ្វើរួចមក គឺមិនដែលអស់ទឹកទេ។ ទឹកដែលបញ្ចេញដាក់ទៅតាមប្រឡាយមេ ត្រូវបានបែង ចែកការប្រើប្រាស់ទៅតាមវេណ។

ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បើកបង្ហូរទឹកទំនប់ទី៣ ដើម្បីជួយស្រោចស្រពដំណាំស្រូវប្រាំង ក្រុង-ស្រុក ចំនួន ៣ រួមមាន ក្រុងពោធិ៍សាត់ ស្រុកបាកាន និងស្រុកកណ្តៀង ក្នុងឃុំ-សង្កាត់ចំនួន១៩ ដែលមានផ្ទៃដីសរុបចំនួន ២៩.៥០០ ហិកតា និងមន្ទីរខេត្ត បានផ្តល់ម៉ាស៊ីនបូមទឹកខ្នាតធំ ចំនួនមួយគ្រឿង សម្រាប់បូមអន្តរាគមន៍ ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នៅលើផ្ទៃដី ចំនួន ១២០ ហិកតា។

លោក កែវ វ័យ បាននិយាយឱ្យដឹងផងដែរថាៈ ផែនការដាំដុះស្រូវប្រាំង នៅក្នុងខេត្តពោធិសាត់ មានចំនួនតែ ១៨.០០០ ហិកតាទេ តែពេលនេះ កសិករ ធ្វើការដាំដុះបាន រហូតដល់ ៣៨.៥០០ ហិកតា គឺធ្វើនៅលើផ្ទៃដីស្រូវវស្សា និងផ្ទៃដីស្រូវដែលរងការខូចខាត ដោយសារទឹកជំនន់ កាលពីក្នុងរដូវវស្សា៕ V / N