សៀមរាប៖ក្រុមហ៊ុនAIAIដែលជាក្រុមហ៊ុនអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានឱ្យដឹងថាគិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២កន្លងទៅនេះគម្រោងទាំងមូលសម្រេចបាន៦៣ភាគរយដែលយឺតតិចតួចជាងការគ្រោងទុកកា​ពីដើមឆ្នាំដែលគ្រោងឱ្យបាន៧០ភាគរយ។ការយឺតជាគម្រោងដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខា​សំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ១៩។ជាមួយគ្នាដែរក្រុមហ៊ុនបានដាក់ចេញនូវផែនការ២០២៣និងធ្វើការប្តេជ្ញាចិត្តខ្ពស់ថានឹងសម្រេចឱ្យការងារសាងសង់នេះឱ្យបាន៩០ភាគរយនៅត្រឹមដំណាច់ខែមីនាខាងមុខ។នេះបើយោងតាមលទ្ធផលដែលរាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២និងទិសដៅការងារឆ្នាំ២០២៣របស់គណៈកម្មការតម្រង់ទិសសម្រាប់ការ​សាង​សង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

 

ផ្អែកតាមសមិទ្ធផលជាក់ស្តែង តាមរយៈការត្រួតពិនិត្យការដ្ឋានផ្ទាល់ និងរបាយការណ៍វឌ្ឍនភាពក្រុមហ៊ុន លោក តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិសបាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមមហ៊ុន AIAI ដែលបានយកចិត្តទុកដាក់ខ្ពស់និងផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះគម្រោងនេះហើយបានអនុវត្តគម្រោងទទួលបានជោគជ័យយ៉ាងខ្លាំងដូចដែលយើងបានឃើញនៅថ្ងៃនេះទោះក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងជួបវិបត្តិយ៉ាងខ្លាំងក៏ដោយ។

ក្នុងកិច្ចប្រជុំនេះដែរលោកប្រធានក៏បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មការទាំងអស់និងគ្រប់ភាគីពាក់ព័ន្ធដែលបានជ្រោមជ្រែងសម្របសម្រួលនិងគាំទ្ររហូតយើងសម្រេចបានសមិទ្ធផលនៅពេលនេះ។តាមរយៈសមិទ្ធផលឃើញថ្ងៃនេះ យើងអាចវាយតម្លៃបានថា “ពេលវេលាលំបាកបំផុតក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យនៅះ គឺពួកយើងបានឆ្លងផុតហើយ” នៅសល់តែការងារតិចតួចប៉ុណ្ណោះដែលយើងត្រូវបន្តអនុវត្តឱ្យបានចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៣ និងការងារ​បើកឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣។

លោកបន្តទៀតថា កំឡុងពេលបន្តទៀតនេះ គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែន​ការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាសម្រេចឱ្យបានតាមផែនការដែលបានឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី រួចហើយ។

ដើម្បីឈានទៅសម្រេចបានដូចការគ្រោងទុកឯកឧត្តមប្រធានបានធ្វើការណែនាំចំណុចសំខាន់ៗ ចំនួនបីចំនុច។ក្នុងនោះ ទី១.ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនត្រូវបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់លក្ខណៈបច្ចេកទេសរបស់អាកាសយានដ្ឋាន (Airport Certification)។ទី២.ក្រុមការងារបច្ចេកទេសត្រូវរៀបចំសំណុំលិខិតនិងឯកសារនានាដើម្បីដាក់ស្នើសុំការបញ្ជាក់ការ វាយតម្លៃគុណភាពសំណង់ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងលិខិតបញ្ជាក់គុណភាពផ្សេងៗទៀតជាមួយស្ថាប័នមានសមត្ថកិច្ចឱ្យបានរួចរាល់និងទី៣.ជាចំណុចចុងក្រោយគឺការចូលមកធ្វើការរបស់ផ្នែកពាក់ព័ន្ធផ្សេងៗ(Service Providers)នៅអាកាសយានដ្ឋានអន្តរជាតិសូមឱ្យ​យក​​ចិត្តទុក​ដាក់ពិនិត្យពិច័យឱ្យបានត្រឹមត្រូវច្បាស់លាស់ ទទួលយកក្រុមហ៊ុនដែលមានជំនាញបទពិសោធនិងកេរ្តិ៍ឈ្មោះនៅក្រៅប្រទេសស្រាប់ដើម្បីជំរុញផ្នែកផ្សព្វផ្សាយក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាអាកាសយានដ្ឋានថ្មីស្ថិតនៅ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អាកាសយានដ្ឋាននេះនឹងអាចទទួលការចុះចតនូវយន្តហោះគ្រប់ប្រភេទបាន ៕ដោយ៖AMS