ដោយៈមុនីរ័ត្ន/ភ្នំពេញ៖មន្រ្តីជំនាញប្រទេសកម្ពុជានិងប្រទេសឡាវបានបើកវគ្គហ្វឹកហ្វឺនស្តីពីការផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹងលើការងារគ្រប់គ្រង់កិច្ចប្រតិបត្តិការរវាងអង្គភាពស៊ីម៉ាក់ និងអង្គភាពUXOLAO ក្រោមគម្រោងសហ ប្រតិបត្តិការ ត្បូង-ត្បូង (South-South Cooperation) គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ។
វគ្គនេះបានដំណើរការនៅបញ្ជាការដ្ឋានស៊ីម៉ាក់រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទៅ៩ខែមករាដោយមានការចូលរួមពីលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC), លោកសោម៉ានី ម៉ានីវង្ស (Saomany Manivong) នាយកស្តីទីអង្គភាពបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៃប្រទេសឡាវ និងលោកHayashi Akihito ទីប្រឹក្សាភ្នាក់ងារចៃកា(JICA)។

ទំព័រហ្វេសប៊ុកលោក ហេង រតនា បានបញ្ជាក់ថាវគ្គហ្វឹកហ្វឺននេះ មានរយៈពេលមួយខែ។ក្នុងនោះ ការហ្វឹកហាត់រយៈពេល១៥ថ្ងៃនឹងធ្វើឡើងក្នុងប្រទេសកម្ពុជា និង១៥ថ្ងៃទៀត នឹងធ្វើឡើងនៅប្រទេសឡាវ ដែលសិក្ខាកាមទាំងកម្ពុជា និងឡាវ មានចំនួន១០នាក់។
លោកមានប្រសាសន៍ថា៖«គោលបំណងនៃគម្រោងនេះគឺធ្វើឡើងដើម្បីសម្រួលដល់ប្រទេសដែលទទួលរងនូវផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ដោយមានការចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។
លោក ហេង រតនា បានឱ្យដឹងដែរថា តាមរយៈគម្រោងសហប្រតិបត្តិការត្បូង-ត្បូង ក្រោមការគាំទ្រដោយចៃកា គិតចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន បានអនុវត្តកម្មវិធីហ្វឹកហ្វឺននេះជា៣ដំណាក់កាលដោយមានសិក្ខាកាមទាំងកម្ពុជា និងឡាវចំនួនសរុប២២៨នាក់។

ដោយឡែកប្រភពស៊ីម៉ាក់បានឱ្យដឹងថា តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង គិតត្រឹមឆ្នាំ២០២៣នេះស៊ីម៉ាក់ បានធ្វើការហ្វឹកហ្វឺនចែករំលែកចំណេះនិងបទពិសោធន៍ទាក់ទងនឹងវិស័យមីននេះទៅដល់ប្រទេសដែលទទួលរងនៅផល ប៉ះពាល់ជាច្រើន ក្នុងនោះមាន ប្រទេសឡាវ, កូឡុំប៊ី, អង់ហ្គោឡា និងប្រទេសអ៊ីរ៉ាក់៕សរន

(រូបថតទំព័រហ្វេសប៊ុក លោក ហេង រតនា)