ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីនៅថ្ងៃចន្ទទី៩មករានេះបានព្រមព្រៀងគ្នាថានឹងពង្រឹងតួនាទីអាស៊ាននៅក្នុងការដើរតួលើកិច្ចការអន្តរជាតិ។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានអំពាវនាវអោយយោធាមីយ៉ាន់ម៉ាអនុវត្តផែនការសន្តិភាព ដែលផ្តួចផ្តើមបង្កើតឡើងដោយក្រុមតំបន់នេះ។ក្រោយជំនួបនៅវិមានរដ្ឋក្នុងទីក្រុងបូហ្គ័រ ក្រៅទីក្រុងហ្សាការតា លោកវីដូដូ បាននិយាយថា«យើងបានយល់ស្របថា អាស៊ានត្រូវតែបន្តតួនាទីកណ្តាលមួយក្នុងការធ្វើអោយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានសន្តិភាព វិបុលភាពនិងមានស្ថិរភាព»។
លោកបានបន្ថែមថា «អំពីបញ្ហាមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីមានទស្សនៈដូចគ្នាស្តីពីសារសំខាន់នៃការអនុវត្តកុងសង់ស៊ីសប្រាំចំណុច។យើងទទូចសុំរបបយោធាមីយ៉ាន់ម៉ាអនុវត្តកុងសង់ស៊ីប្រាំចំណុចនេះ»។
មេដឹកនាំទាំងពីរក៏បញ្ជាក់អះអាងឡើងវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយលោកអាន់វ៉ាបានអរគុណលោកវីដូដូចំពោះការទទួលស្វាគមន៍លោកនិងគណៈប្រតិភូរបស់លោក។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកអាន់វ៉ានៅឥណ្ឌូនេស៊ីជាដំណើរចេញក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីលោកបានស្បថចូលកាន់តំណែងកាលពីថ្ងៃ២៤វិច្ឆិកា។លោកត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីជាច្រើនរូប។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ អនុស្សរណៈនៃការយោគយល់គ្នាចំនួនប្រាំបីរវាងវិស័យឯកជនម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីត្រូវបានចុះហត្ថលេខា ជាមួយនឹងគំរោងមានតំលៃសរុប១,១៦ពាន់លានរីងហ្គីត។
ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី ដែលជាប្រទេសដាំដូងប្រេងនិងផលិតប្រេងឆាធំបំផុតក្នុងលោកកាលពីថ្ងៃចន្ទក៏បានព្រមព្រៀងគ្នាថានឹងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹង«ការរើសអើង»ប្រឆាំងនឹងទំនិញប្រេងឆារបស់ខ្លួន។
ក្រោយជួបប្រជុំជាមួយមេដឹកនាំម៉ាឡេស៊ី លោកវីដូដូ បាននិយាយថា ប្រទេសទាំងពីរនឹងប្រយុទ្ធប្រឆាំងនឹងការរើសអើងប្រឆាំងនឹងប្រេងឆាផលិពីដូងប្រេងរបស់ប្រទេសទាំងពីរ ហើយ«ពង្រឹងកិច្ចសហការតាមរយៈក្រុមប្រឹក្សារបស់ប្រទេសផលិតប្រេងឆាមកពីដូងប្រេង» ដើម្បីដោះស្រាយការព្រួយបារម្ភ៕
លោកអាន់វ៉ា និងប្រធានាធិបតីឥណ្ឌូនេស៊ី ជួបគ្នានៅក្នុងទីក្រុងបូហ្គ័រ កាលពីថ្ងៃចន្ទ