ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអាទិត្យទី៨មករាបានត្រៀមខ្លួនទប់ទល់នឹងអាកាសធាតុកាន់តែធ្ងន់ធ្ងរបន្ទាប់ពីភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងពេញមួយសប្តាហ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ ហើយបានផ្តាច់ចរន្តអគ្គិសនីសម្រាប់ផ្ទះនិងក្រុមហ៊ុនរាប់សែនខ្នង។
អ្នកព្យាករណ៍ជាមួយនឹងសេវាអាកាសធាតុជាតិបានព្រមានថា ភាគខាងជើងនិងកណ្តាលរដ្ឋកាលីហ្វ័រញ៉ានៅតែស្ថិតក្នុងផ្លូវនៃ “ក្បួនព្យុះស៊ីក្លូនជាច្រើន”ដូច្នេះនឹងពុំមានការធូរស្រាលសម្រាប់តំបន់នេះរហូតដល់ពាក់កណ្តាលសប្តាហ៍ក្រោយ។
បាតុភូតត្រួតស៊ីគ្នាពីរ គឺខ្យល់ដ៏ធំសម្បើមនៃសំណើមក្រាស់ពីមហាសមុទ្រហៅថាទន្លេបរិយាកាស និង ប្រព័ន្ធវិសម្ពាធទាបដែលមានកម្លាំងខ្យល់ព្យុះស៊ីក្លូនបានបណ្តាលឱ្យមានទឹកជំនន់ដ៏បំផ្លិចបំផ្លាញនិងការធ្លាក់ព្រិលបំបែកឯតទគ្គកម្មកាលពីសប្តាហ៍មុន។
ព្យុះចុងក្រោយបំផុតនេះបានបង្ហាញយ៉ាងច្បាស់ពីផលវិបាកនៃសមុទ្រក្តៅនិងសីតុណ្ហភាពខ្យល់ត្រជាក់ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
រដ្ឋមន្ត្រីធនធានធម្មជាតិរបស់រដ្ឋកាលីហ្វ័រញ៉ា លោក វេដ ក្រូវហ្វ៊ូត (Wade Crowfoot)បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ព្យុះទាំងនេះត្រូវបានជំរុញដោយការប្រែប្រួលអាកាសធាតុ”។
ទោះបីជាមានទឹកជំនន់បែបនេះក៏ដោយ ក៏ភាគខាងលិចសហរដ្ឋអាម៉េរិកនៅតែស្ថិតក្នុងគ្រោះរាំងស្ងួតរយៈពេលពីរទសវត្សរ៍។ ខណៈការប្រែប្រួលអាកាសធាតុបានបណ្តាលឱ្យមានកម្តៅខ្លាំង គ្រោះរាំងស្ងួត និងទឹកជំនន់ អ្នកជំនាញនិយាយថា ភាគខាងលិចនឹងត្រូវការភ្លៀងធ្លាក់ច្រើនឆ្នាំជាប់ៗគ្នាដើម្បីបំពេញអាងទឹកនិងអាងស្តុកទឹកឡើងវិញ៕
យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ដោយសារឧបទ្ទវហេតុទាក់ទងនឹងអាកាសធាតុនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាចាប់តាំងពីចុងសប្តាហ៍នៃឆ្នាំថ្មី