ដោយ៖ រ៉ាម៉ន / ព្រះសីហនុ៖ ក្រោមការខិតខំរួមគ្នា របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះដឹកនាំផ្ទាល់ ក្នុងប្រតិបត្តិការទប់ទំនប់ក្បាលឆាយ ដែលទឹកហូរច្រោះដាច់នេះទាំងយប់ ទាំងថ្ងៃ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេល ២ថ្ងៃ ៣យប់ មកនេះ គិតត្រឹម យប់ថ្ងៃទី៩ មករា គឺអាជ្ញាធរខេត្ត អាចគ្រប់គ្រងស្ថានភាព នៅទំនប់ទឹកក្បាលឆាយបានទាំងស្រុង ហើយការផ្គត់ផ្គង់ទឹកស្អាត នឹងបានគ្រប់គ្រាន់ឡើងវិញ នៅត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ជាមួយនឹងការដាក់នូវវិធានការអនុវត្តបន្ត ក្នុងកិច្ចការងារ សង្គ្រោះទំនប់ទឹកក្បាលឆាយ និងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋ ក្នុងក្រុងព្រះសីហនុ។

ខាងលើនេះ គឺជាប្រសាសន៍របស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នាយប់ថ្ងៃទី៩ មករា ២០២៣ ខណៈពេល ដែលលោក ចុះប្រតិបត្តិការក្នុងការទប់ទំនប់ក្បាលឆាយ ដែលទឹកហូរច្រោះដាច់។

លោក ឡុង ឌីម៉ង់ បានបន្តថា៖ មកដល់ពេល នេះ ទី១. យើងបានជួសជុលទំនប់ស្ទាក់ទឹកទី៣ ដែលបានខូចខាតប្រមាណ ៣០០ ម៉ែត្រ រួចរាល់ស្ទើរតែទាំងស្រុង នៅត្រឹមយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ ការងារទី២ បាននិងកំពុងជួសជុលទំនប់ ស្ទាក់ទឹកទី២ (ដែលត្រូវបានទឹកហូរច្រោះដាច់) ដែលគ្រោងនឹងបិទភ្ជិតឡើងវិញ នៅត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។ ការងារទី៣ បាននិងកំពុងរៀបចំស្ថានីយបូមទឹកឆៅបណ្តោះអាសន្ន យកទឹកពីទំនប់ស្ទាក់ទឹកទី៣ សម្រាប់ដំណើរការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី៣ ឡើងវិញ ក្នុងនោះ ម៉ូទ័របូមទឹកទីមួយ សមត្ថភាពប្រមាណ ១៦.៨០០ ម៉ែត្រគូបក្នុង១ថ្ងៃ បាននិងកំពុងដំណើរការនៅម៉ោងប្រមាណ ២០:00 យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតទី៣ ចាប់ផ្តើមដំណើរការផលិត និងផ្គត់ផ្គង់ទឹកស្អាតឡើងវិញបណ្តើរៗ ហើយសមត្ថភាពផលិតនេះ នឹងកើនឡើង ទេ្វដង ដល់ ៣៣.៦០០ ម៉ែត្រគូបក្នុង១ថ្ងៃ នៅត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដែលនឹងធានាបាន នូវបរិមាណទឹកស្អាត គ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋប្រើប្រាស់។ ការងារទី៤ បានរៀបចំប្រព័ន្ធបណ្តាញអគ្គិសនី ដែលខូចខាត ឡើងវិញ ដែលការងារនេះ បានបញ្ចប់ជាស្ថាពរ នៅត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។ ការងារទី៥ កំពុងធ្វើការជួសជុល ស្ថានីយបូមទឹកឆៅ យកទឹកពីទំនប់ស្ទាក់ទឹកទី២ ឡើងវិញ ដែលអាចនឹងបញ្ចប់ក្នុងរយៈពេលពី ៣ ទៅ ៤ សប្តាហ៍។

លោកអភិបាលរងខេត្ត បានបញ្ជាក់ដែរថា៖ការងារទី៦ អាជ្ញាធរខេត្ត បានបន្តរៀបចំស្ថានីយបូមទឹកឆៅបំរុងបន្ថែម ដែលយកទឹកពីទំនប់ស្ទាក់ទឹកទី១ សម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់ ដើម្បីធានានិរន្តរភាព នៃការផ្គត់ផ្គង់ទឹកស្អាត នាពេលអនាគត។ អាស្រ័យហេតុនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជនឱ្យបានដឹង៕/V-PC