ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ាគីស្ថានបានទទួលប្រាក់សន្យាជាង ៩ ពាន់លានដុល្លារកាលពីថ្ងៃចន្ទទី៩មករាដើម្បីជួយប្រទេសនេះស្តារឡើងវិញពីគ្រោះមហន្តរាយទឹកជំនន់កាលពីឆ្នាំមុន ដោយប្តេជ្ញាក្លាយជាគំរូមួយសម្រាប់របៀបដែលប្រទេសនានាអាចកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
ប៉ាគីស្ថាននៅកំពុងជួបការលំបាកពីទឹកជំនន់មិនធ្លាប់មានពីមុនមក ដែលបានពន្លិចតំបន់ភាគច្រើននិងសម្លាប់មនុស្សជាង ១.៧០០ នាក់ ខណៈជាង៣៣លាននាក់ផ្សេងទៀតបានទទួលរងផលប៉ះពាល់ពីជំនន់។
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក ប៊ីឡាវ៉ាល់ ប៊ុតទូ ហ្សាដារី (Bilawal Bhutto Zardari)បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPនៅចុងបញ្ចប់នៃសន្និសីទអន្តរជាតិនៅទីក្រុងហ្សឺណែវដែលស្វែងរកការគាំទ្រសម្រាប់ការស្តារឡើងវិញពីទឹកជំនន់សម្រាប់ប្រទេសគាត់ យ៉ាងដូច្នេះថា “យើងប្រហែលជាប្រទេសដំបូងគេ ដែលមិនធ្លាប់ឃើញផ្ទៃដី១ភាគ៣ស្ថិតនៅក្រោមទឹក តែយើងនឹងមិនក្លាយជាប្រទេសចុងក្រោយនោះទេ”។
ជំនន់ឆ្នាំ២០២២នាំអោយផ្ទៃដីប៉ាគីស្ថាន១ភាគ៣ស្ថិតនៅក្រោមទឹក
លោកបានសម្តែងក្តីសង្ឃឹមថា “ជោគជ័យដ៏ខ្លាំង” នៃសន្និសីទនេះ ដែលបានទទួលប្រាក់សន្យាច្រើនជាងការរំពឹងទុក អាច”ផ្តល់នូវគំរូមួយឆ្ពោះទៅមុខសម្រាប់ប្រទេសដទៃនាពេលអនាគតដែលជួបទុក្ខលំបាក”។
ប៉ាគីស្ថាន ដែលមានប្រជាជនច្រើនជាងគេទីប្រាំលើពិភពលោក បានបំភាយឧស្ម័នផ្ទះកញ្ចក់សកលតិចជាង១ភាគរយប៉ុន្តែជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះអាកាសធាតុធ្ងន់ធ្ងរ ដែលបណ្តាលមកពីការឡើងកម្តៅផែនដី។
ប្រធានអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស បានអំពាវនាវឱ្យមាន “ការវិនិយោគទ្រង់ទ្រាយធំ” ដើម្បីជួយប៉ាគីស្ថានស្តារឡើងវិញពី “គ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរ”។
លោកបាននិយាយថា “បណ្តាប្រទេសនៅជួរមុខនៃវិបត្តិអាកាសធាតុ ត្រូវការការគាំទ្រយ៉ាងខ្លាំងបំផុត” ខណៈនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) បានព្រមានថា ប្រទេសរបស់គាត់កំពុង “ប្រណាំងប្រជែងនឹងពេលវេលា” ដើម្បីដោះស្រាយជាមួយនឹងតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់។
លោកបន្តថា “យើងត្រូវតែផ្តល់ឱ្យមនុស្ស ៣៣ លាននាក់នូវអនាគតរបស់ពួកគេត្រឡប់មកវិញ”៕
កុមារ ដែលបានផ្លាស់ទីលំនៅ ស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ដែលកំពុងរស់នៅក្នុងជំរំបណ្ដោះអាសន្ននៅតំបន់រងគ្រោះដោយទឹកជំនន់នៃខេត្ត Dera Allah Yar ក្នុងប្រទេសប៉ាគីស្ថាន