​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា និង​ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃ​ចន្ទ​បាន​សន្យាថា​នឹង​បង្កើន​កិច្ចសហការ​សន្តិសុខ​នៅ​​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ពេល​លោក​គី​ស៊ី​ដា ធ្វើ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ទៅកាន់​បារាំង​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​។​

​ជប៉ុន​កាន់តំណែង​ប្រធាន​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​ប្រាំពីរ​ហៅថាG7​សំ​រាប់​ឆ្នាំ​២០២៣ ហើយ​លោក​គី​ស៊ី​ដា​កាលពី​ថ្ងៃ​ចន្ទ​បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ប្រទេស​ជា​សមាជិក​G7​រួម​មាន​បារាំង​ ​អ៊ីតាលី អង់គ្លេស កាណាដា​និង​សហរដ្ឋ​អាម៉េរិក​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ជាមួយ​ម៉ា​ក្រុង​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​និយាយថា​លោក​ទន្ទឹងរង់ចាំ​កិច្ចសហការ​ច្រើន​ឡើង​ជាមួយ​បារាំង​លើ​បញ្ហា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ហើយ​«​បារាំង​ជា​ដៃគូ​ឈាន​មុខ​មួយ​សំរាប់​ការធ្វើអោយ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​ក្លាយជា​ការពិត​»​។

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា និង​ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង ក្នុងជំនួប​នៅ​ក្រិងប៉ារីស​កាលពី​ថ្ងៃច​ន្ទ​

​លោក​បាន​និយាយថា​«​នៅពេល​មាន​ការប៉ុនប៉ង​ខ្លាំង​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ស្ថានការណ៍​ជាក់ស្តែង​នៅ​សមុទ្រ​ចិន​ខាងកើត​និង​សមុទ្រ​ចិន​ខាងត្បូង​ជា​ឯ​តោ​ភាគី​ដោយ​ប្រើ​កម្លាំង​និង​បរិយាកាស​សន្តិសុខ​​កាន់តែ​តានតឹង យើង​មាន​បំណង​បន្ត​កិច្ចសហការ​ជាមួយ​បារាំង​»​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើការរុះរើ​គោលនយោបាយ​ការពារ​ជាតិ​ធំ​មួយ​កាលពី​ខែ​មុន រួម​មាន​ការបង្កើន​ការចំណាយ​យោធា​ដ៏​ធំ នៅ​ពេល​ខ្លួន​ព្រមាន​ថា​«​ចិន​បង្ក​ការ​ប្រឈម​យុទ្ធសាស្ត្រ​​ធំ​បំផុត​មិន​ដែល​ធ្លាប់​មាន​»​ចំពោះ​សន្តិសុខ​របស់​ខ្លួន​។​

​លោក​ម៉ា​ក្រុង​បាន​និយាយថា បារាំង​និង​ជប៉ុន​នឹង​«​បន្ត​ធ្វើ​សកម្មភាព​រួម​គ្នា​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​ជប៉ុន​ពឹង​លើ​ការគាំទ្រ​មិន​ស្រកស្រុត​របស់​យើង​ក្នុងការ​ប្រឈម​ការ​នឹង​រំលោភ​មកពី​រដ្ឋាភិបាល​​ទីក្រុង​ព្យុងយ៉ាង​លើ​ច្បាប់​អន្តរជាតិ​»​។​

​លោក​គី​ស៊ី​ដា ក៏​បាន​បញ្ជាក់ថា ក្រុម​G7​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែន​ក្រោយ​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​ក្បែរ​ខាង​ដែល​គាំទ្រ​លោក​ខាងលិច​កាលពី​ឆ្នាំមុន​។​

​ក្រៅ​ពី​បញ្ហា​អ៊ុ​យក្រែន នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​បញ្ជាក់​មុន​ចេញដំណើ​រថា លោក​ក៏​រំពឹង​ថា​សម្ពន្ធមិត្ត​ក្នុង​G7​នឹង​បង្ហាញ​សាមគ្គីភាព​ជាមួយ​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​លើ​បញ្ហា​ដូចជា​ការប្រែប្រួល​​អាកាសធាតុ ទឹកជំនន់​និង​វិបត្តិ​ថាមពល​៕