ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សម្តេចប៉ាបហ្វ្រង់ស៊ីស កាលពីថ្ងៃចន្ទទី៩មករា បានទម្លាយភាពស្ងៀមស្ងាត់របស់ទ្រង់អំពីការតវ៉ាទូទាំងប្រទេស ដែលធ្វើឱ្យអ៊ីរ៉ង់ច្របូកច្របល់ដោយថ្កោលទោសការកាត់ទោសប្រហារជីវិតនៅទីនោះ និងហាក់ចាត់ទុកថាស្របច្បាប់ចំពោះបាតុកម្ម “ដែលទាមទារឱ្យមានការ គោរពកាន់តែច្រើនឡើងចំពោះសេចក្តីថ្លៃថ្នូររបស់ស្ត្រី”។
សម្តេចប៉ាបហ្វ្រង់ស៊ីសបានមានបន្ទូលបែបនេះនៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ក្រុមឯកអគ្គរដ្ឋទូត ដែលមានសាតាំងនៅបុរីវ៉ាទីកង់ ជាសុន្ទរកថាគោលនយោបាយការបរទេសដែលសម្តេចប៉ាបថ្លែងនៅដើមឆ្នាំនីមួយៗ ដោយរៀបរាប់ពីផ្នែកនៃក្តីបារម្ភបំផុតសម្រាប់បុរីមួយនេះ។
នៅក្នុងសុន្ទរកថាសម្តេចប៉ាបបានភ្ជាប់ការប្រឆាំងរបស់បុរីវ៉ាទីកង់ចំពោះការរំលូតកូនទៅនឹងការប្រឆាំងរបស់ខ្លួនចំពោះការកាត់ទោសប្រហារជីវិតដោយព្រះអង្គមានបន្ទូលថារឿងទាំងពីរនេះគឺជាការរំលោភលើសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិត។ សម្តេចប៉ាបហ្វ្រង់ស៊ីសបានផ្លាស់ប្តូរការបង្រៀននៅព្រះវិហារស្តីពីការកាត់ទោសប្រហារជីវិត ដោយសម្រេចថា ការប្រហារជីវិត”គឺមិនអាចទទួលយកបាន” នៅគ្រប់កាលៈទេសៈទាំងអស់។
សម្តេចប៉ាបមានបន្ទូលទៀតថា “សិទ្ធិរស់រានមានជីវិតក៏ត្រូវបានគំរាមកំហែងផងដែរនៅកន្លែងទាំងឡាយណាដែលការកាត់ទោសប្រហារជីវិតបន្តអនុវត្ត ដូចករណីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបាតុកម្មនាពេលថ្មីៗនេះដែលទាមទារការគោរពកាន់តែខ្លាំងឡើងចំពោះសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ទោសប្រហារជីវិតមិនអាចប្រើសម្រាប់ប្រព័ន្ធយុត្តិធម៌របស់រដ្ឋមួយបានទេព្រោះវាមិនមែនជាការរារាំងឬការបង្ហាញយុត្តិធម៌ដល់ជនរងគ្រោះទេ ប៉ុន្តែគ្រាន់តែជួយបញ្ឆេះការស្រេកឃ្លានសម្រាប់ការសងសឹកប៉ុណ្ណោះ”៕
សម្តេចប៉ាបថ្កោលទោសការប្រហារជីវិតបាតុករនៅអ៊ីរ៉ង់ក្នុងអំឡុងសុន្ទរកថាប្រចាំឆ្នាំនៅបុរីវ៉ាទីកង់កាលពីថ្ងៃចន្ទ