ដោយ: បូកគោ / កំពត: អតីតយុទ្ធជនម្នាក់ កំពុងអំពាវនាវដល់ថ្នាក់ដឹកនាំកំពូល ឲ្យជួយរកយុត្តិធម៌ ករណីអាជ្ញាធរមូលដ្ឋាន បានទទួលស្គាល់ឯកសារក្លែងលើរឿង ខ្ចីលុយ ដោយដាក់ស្រែបញ្ចាំ បែរជាម្ចាស់បំណុល ធ្វើលិខិតទិញ-លក់ផ្តាច់។

លោក ជុំ កន អាយុ ៥៦ឆ្នាំ រស់នៅភូមិឫស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត បានប្រាប់ឲ្យដឹងថាៈ លោកនិងក្រុមគ្រួសារ កំពុងមានការឈឺចាប់ ព្រោះតែមេភូមិ មេឃុំ និងស្មៀន សមគំនិតគ្នា ទទួលស្គាល់ឯកសារក្លែងបន្លំ ធ្វើឡើងដោយម្ចាស់ បំណុល ដែលលោកបានដាក់បញ្ចាំស្រែ ដើម្បីខ្ចីលុយ។ កាលពីអំឡុងខែឧសភា ឆ្នាំ២០០៨ លោកបានខ្ចីបុល ពីស្ត្រីឈ្មោះ ឃុន ឡឹង ចំនួន ១.៧០០ ដុល្លារ ដោយដាក់បញ្ចាំស្រែ ទំហំ ៤.២៨១ ម៉ែត្រក្រឡា នៅក្បែរផ្ទះ។ កាលនោះ ម្ចាស់លុយ បាននិយាយថា មិនចាំបាច់ធ្វើកិច្ចសន្យាទេ បើគាត់ធ្វើស្រែបានមួយឆ្នាំ ឯងមានលុយ ១.៨០០ ដុល្លារ ទៅលោះយកចុះ តែបើធ្វើបានច្រើនឆ្នាំ ឲ្យគាត់ ១.៧០០ ដុល្លារវិញ ក៏បានដែរ។

កូនបំណុលដដែល បានបន្តថាៈ ដោយជឿទុកចិត្ត ព្រោះស្ត្រី ឃុន ឡឹង ជាអ្នកកាន់សីលនៅវត្ត លោកនិងប្រពន្ធ ក៏យល់ព្រមដោយទទួលលុយ ១.៧០០ ដុល្លារ រួចប្រគល់ប្លង់ដីនៅក្រោមដើមស្វាយមុខផ្ទះ នាវេលាម៉ោង ៦ ល្ងាច។
លោក ជុំ កន បានបន្តទៀតថាៈ រហូតដល់ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២១ លោកមាន លុយគ្រប់ចំនួន ក៏ទូរសព្ទសុំលោះស្រែវិញ តែស្ត្រីឈ្មោះ ឃុន ឡឹង បានប្រាប់ថា គាត់កំពុងនៅខេត្តកោះកុង ពេលត្រឡប់ទៅស្រុកវិញ សឹមនិយាយគ្នា។ លុះដល់ខែមីនា ឆ្នាំ២០២១ ស្រាប់តែមេឃុំហៅលោកទៅជួប ហើយប្រាប់ថា ដីស្រែនោះ គឺបានលក់-ទិញដាច់ស្រេច មានទាំងឯកសារផ្តិតមេដៃ ត្រឹមត្រូវ រួចហើយ។

កូនបំណុលដដែល បានបញ្ជាក់ថាៈ ទោះមេឃុំ មិនបង្ហាញលិខិត ដែលបានអះអាង ក្តី តែលោកបានស្រាវជ្រាវ រកឃើញឯកសារនោះ មានភាពមិនប្រក្រតីឡើយ ពោលគឺជាការសមគំនិត របស់មេភូមិ មេឃុំ និងស្មៀន ក្នុងការបង្កើតឯកសារ ក្លែងនេះ។ លោក និងប្រពន្ធ មិនបានផ្តិតសោះ បែរជាមានស្នាមមេដៃ ហើយមើល អត់យល់ទៀតផង។ រីឯសាក្សី គឺឈ្មោះ ឃុន ឡឹងទៅវិញ ហើយអ្នកទិញ ក៏លោកមិនធ្លាប់ឃើញដែរ។

ជុំវិញការចោទប្រកាន់ខាងលើ លោក ង៉ែត មាស មេភូមិឫស្សីដុំ បានបំភ្លឺតាម ទូរសព្ទថាៈ លោកបានបញ្ជាក់លើលិខិតលក់-ទិញដីស្រែនោះ​ ព្រោះតែមានស្នាម មេដៃ ពីភាគីទាំងសងខាង រួមនឹងសាក្សីដឹងឮផង។ កាលនោះប្រពន្ធលោក ជុំ កន បានកាន់ឯកសារមកផ្តិតមេដៃ នៅចំពោះមុខលោក ហើយអះអាងថា នឹងយកលិខិតនេះ ទៅឲ្យប្តីផ្តិតតាមក្រោយ។

លោកមេភូមិ បានបន្តថាៈ លោក ជុំ កន បានទៅរត់ម៉ូតូឌុបនៅភ្នំពេញ។ ត្រង់ថា ប្តីរបស់គាត់ ជាអ្នកផ្តិត ឬអ្នកណាផ្សេង លោកមិនដឹងទេ តែជាក់ស្តែងមានស្នាម មេដៃ។ បើមិនមានការយល់ព្រម ពីភាគីទាំងសងខាង អាជ្ញាធរ ក៏មិនហ៊ានបញ្ជាក់ ដែរ។

ស្រដៀងគ្នានេះ លោក កាន់ ហ៊ុយ មេឃុំប្រភ្នំ បានបញ្ជាក់ថាៈ ដីស្រែនោះ គឺលោ​ក ជុំ កន បានលក់ក្នុងឆ្នាំ២០០៧ ឲ្យទៅអ្នកភ្នំពេញ ត្រូវជាក្មួយរបស់ស្ត្រីឈ្មោះ ឃុន ឡឹង ដែលរស់នៅក្នុងឃុំប្រភ្នំនេះ។ បើទាំងពីរនាក់ប្តីប្រពន្ធ មិនលក់ ហេតុអ្វីបានជា ប្រគល់ប្លង់រឹង ឲ្យទៅគេ។

លោកមេឃុំ បានបន្តថាៈ ចំពោះស្នាមមេដៃ គឺប្រពន្ធបានព្រមព្រៀងគ្នា ផ្តិតចំពោះ មុខមេភូមិ រួចយកទៅឲ្យប្តីផ្តិតនៅផ្ទះ ទើបប្រគល់ប្លង់ និងលុយតាំងពីពេលនោះ មក។ ស្រាបតែឆ្នាំ២០២១ លោក ជុំ កន មកសើរើថា មិនបានលក់ ដោយគ្រាន់តែ បញ្ចាំទៅវិញ។

ពាក់ព័ន្ធនឹងការបំភ្លឺទាំងនេះ លោក ជុំ កន បានបញ្ជាក់ថាៈ លោកបដិសេធទាំងស្រុង ចំពោះពាក្យថា លោកបានផ្តិតមេដៃ លក់ដីស្រែនោះ។ ក្នុងនាមអតីតយុទ្ធជន ដែលធ្លាប់ឆ្លងកាត់សមរភូមិ ស្ទើររាប់មិនអស់ លោកសូមអំពាវនាវ ក៏ដូចជា សំណូមពរដល់សម្តេចក្រឡាហោម ស ខេង និងសម្តេចតេជោ ហ៊ុន សែន មេត្តាជួយស្រាវជ្រាវ ព្រមទាំងមានចំណាត់ការធ្វើកោសលវិច័យ ស្នាមមេដៃលើ កិច្ចសន្យាលក់-ទិញនោះ ដើម្បីផ្តល់យុត្តិធម៌ សម្រាប់ក្រុមគ្រួសារលោក ក្នុងរឿងនេះ ដោយក្តីអនុគ្រោះផងចុះ៕/V-PC