ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចាបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិគ្រោះយោបល់ស្តីពីការពិនិត្យលើបញ្ជីផ្តល់ទីផ្សារ(Offer List) និងបញ្ជីសំណើ(Request List) នៅក្នុងជំពូកស្តីពីពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមបានរៀបចំកាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៣។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ មកពីអន្តរក្រសួងពាក់ព័ន្ធសំខាន់ៗដូចជា៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ, ក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការនិងដឹកជញ្ជូន, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងលេខាធិការដ្ឋានអាកាសចរស៊ីវិល សរុបប្រមាណ ៥០រូប។

ថ្លែងក្នុងកិច្ចប្រជុំ លោកស្រីរដ្ឋលេខាធិការ បានជម្រាបអង្គប្រជុំអំពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងនេះ ដែលបានប្រព្រឹត្តទៅចំនួន0២ជុំរួចមកហើយដោយទទួលបាននូវលទ្ធផលល្អគួរឱ្យកត់សម្គាល់។

អង្គប្រជុំ ក៏បានពិភាក្សាលើលទ្ធភាពរបស់កម្ពុជាក្នុងការផ្តល់ឱ្យតាមការស្នើសុំរបស់ភាគីអេមីរ៉ាតអារ៉ាប់រួម និងការស្នើអ្វីបន្ថែមពីលើការផ្តល់ឱ្យរបស់ភាគីអេមីរ៉ាតអារ៉ាប់រួម ពាក់ព័ន្ធនឹងការបើកច្រកទីផ្សារ (Market Access) និងប្រព្រឹត្តកម្មជាតិ (National Treatment) ចំពោះវិស័យ/អនុវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិបាល វិស្វកម្មសំណង់ស៊ីវិល ទេសចរណ៍ ការដឹកជញ្ជូន និងការស្រាវជ្រាវជាដើម។ ចំពោះការវិភាគសម្រាប់ការបើកច្រកទីផ្សារសេវា ត្រូវផ្អែកជាមូលដ្ឋានលើកត្តាមួយចំនួន រួមមាន៖ សមត្ថភាពឧស្សាហកម្មក្នុងស្រុក, សក្តានុពលនាពេលបច្ចុប្បន្ននិងអនាគត, តម្រូវការចំាបាច់, មិនមានផលប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក ឬប៉ះពាល់តិចតួចបំផុតបើប្រៀបធៀបនឹងការបើកវិសយ/អនុវិស័យដ៏ទៃ។ល។

បន្ថែមពីនេះ លោកស្រីរដ្ឋលេខាធិការបានលើកឡើងថាការចរចាពាណិជ្ជកម្មសេវាកម្មមានសារៈសំខាន់ សម្រាប់ឧត្តមប្រយោជន៍សេដ្ឋកិច្ចជាតិ និងសំណូមពរឱ្យមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធតាមវិស័យ ក្នុងកិច្ចពិគ្រោះយោបល់ នឹងផ្តល់ធាតុចូលក៍ដូចជាលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗ ដើម្បីឱ្យក្រុមមន្ត្រីចរចាអន្តរក្រសួងយល់ច្បាស់ពីតម្រូវការ ធានាការទទួលបានអត្ថប្រយោជន៍ជាអតិបរមា និងការពង្រឹកសមត្ថភាពឧស្សាហកម្មក្នុងស្រុក សម្រាប់ពាណិជ្ជករ ធុរជន និងវិនិយោគិនកម្ពុជា៕/PC