ដោយ:ពៅនិមល/ភ្នំពេញ៖ នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់នូវសៀវភៅចំនួនពីរគឺ៖ កសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប និង កម្ពុជានិងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ពិធីសម្ពោធនេះ ក៏មានការចូលរួមផងដែរពី លោក ដាវិដ រ៉េ (David Ray) នាយក CAP RED Facility, ប្រតិភូស្ថានទូតអូស្ត្រាលីប្រចាំនៅទីក្រុងភ្នំពេញ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

សៀវភៅខាងលើនេះ ត្រូវបានរៀបរៀងឡើងដោយមានការគាំទ្រពីកម្មវិធីរបស់អូស្ត្រាលី ខ្សែសង្វាក់តំលៃកសិកម្មកម្ពុជាអូស្ត្រាលី (CAVAC) ដែលបានបញ្ចប់ទៅ ខណៈដែលថ្នាលឌីជីថលតែមួយនឹងត្រូវបាន គាំទ្រក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយទៀតរបស់ប្រទេសអូស្ត្រាលី គឺភាពជាដៃគូកម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAP RED)។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅក្រោយចប់កម្មវិធី បានឲ្យដឹងថា សៀវភៅព័ត៌មានស្តីពីកម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផ្តល់ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ និងងាយស្រួលយល់ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ដែលកម្ពុជាជាប្រទេសហត្ថលេខីមានជាអាទិ៍៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ អាសិប (Regional Comprehensive Economic Partnership – RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (Cambodia-People’s Republic of China FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (Cambodia-Republic of Korea FTA) ជាដើម។

សៀវភៅព័ត៌មាននេះ នឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបានអត្ថប្រយោជន៍នានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។ ថ្នាលឌីជីថលតែមួយ គ្រោងអភិវឌ្ឍឡើងតាមលំអានរបស់គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលីផ្ទាល់ ហើយក៏នឹងក្លាយជាកន្លែងផ្ទុកព័ត៌មានពាណិជ្ជកម្មដ៏ទូលំទូលាយសម្រាប់អ្នកនាំចេញ និងអ្នកនាំចូល ក្នុងការស្វែងរក និងទាញអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់របស់កម្ពុជា។ ថ្នាលឌីជីថលនេះ ក៏នឹងផ្តល់ព័ត៌មានផងដែរពីវិធានដើមកំណើតទំនិញ នីតិវិធីក្នុងការចុះឈ្មោះជាអ្នកនាំចេញដែលមានការទទួលស្គាល់ និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ។

នៅក្នុងពិធីនាឱកាសនេះ លោកឯកអគ្គរាជទូត បានលើកឡើងថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA), កិច្ចព្រមព្រៀងអាសិប (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ផ្តល់ឱកាសយ៉ាងធំធេងក្នុងការបង្កើនការនាំចេញ និងការវិនិយោគសម្រាប់កម្ពុជា។

លោកបន្តថា អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការជួយដល់ប្រទេសកម្ពុជានៅក្នុងវិស័យនេះ ដើម្បីធ្វើពិពិធកម្មដំណាំ និងទីផ្សារនាំចេញ។ លោកសង្ឃឹមថា មគ្គុទ្ទេសក៍ទាំងនេះ និងថ្នាលឌីជីថលតែមួយដែលនឹងអភិវឌ្ឍឡើងនាពេលខាងមុខ នឹងធ្វើឱ្យធុរជន និងពាណិជ្ជករ កាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានដែលមានប្រយោជន៍ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម”។

លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា “ក្រសួងពាណិជ្ជកម្មវាយតម្លៃខ្ពស់ចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធី CAP RED សម្រាប់ការគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ។ គម្រោងនេះនឹងជួយកម្ពុជាក្នុងការសម្រេចបានយ៉ាងពេញលេញនូវការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដូចជា កិច្ចព្រមព្រៀង ATIGA, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី នូវែលហ្សេឡង់ និងកិច្ចព្រមព្រៀង RCEP”។ N