ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការប៉ុនប៉ងដំបូងក្នុងការបាញ់បង្ហោះផ្កាយរណបពីអឺរ៉ុបខាងលិចហាក់បរាជ័យកាលពីព្រឹកថ្ងៃអង្គារនេះ នៅពេលដែលក្រុមហ៊ុន Virgin Orbitបានរាយការណ៍ពី “ភាពមិនប្រក្រតីមួយ” ដែលបានរារាំងរ៉ុក្កែតរបស់ខ្លួនពីការទៅដល់គន្លងគោចរ។
បេសកកម្មនេះបានបាញ់បង្ហោះចេញពីទីក្រុងឆ្នេរសមុទ្រញូវក្វេ (Newquay) ភាគនិរតីប្រទេសអង់គ្លេស ដោយរ៉ុក្កែត LauncherOne របស់ក្រុមហ៊ុន Virginបានដឹកនៅក្រោមស្លាបនៃយន្តហោះកែច្នៃ Boeing 747 ហើយក្រោយមកបានបញ្ចេញនៅលើមហាសមុទ្រអាត្លង់ទិក។
ក្រុមហ៊ុនបាននិយាយថា “យើងទំនងជាមានភាពខុសប្រក្រតីមួយដែលបានរារាំងយើងពីការឈានដល់គន្លង។ យើងកំពុងវាយតម្លៃព័ត៌មាន”។
បរាជ័យជាក់ស្តែងនេះបានវាយសំពងបន្ថែមទៀតដល់មហិច្ឆតាអវកាសអឺរ៉ុប បន្ទាប់ពីបេសកកម្មរ៉ុក្កែត Vega-C ផលិតដោយអ៊ីតាលី បានបរាជ័យបន្ទាប់ពីបាញ់បង្ហោះចេញពីកោះ French Guiana កាលពីចុងខែធ្នូ។
រ៉ុក្កែតនោះត្រូវបានទុកចោលក្នុងឃ្លាំងហើយចាប់តាំងពីពេលនោះមក។
ក្រុមហ៊ុន Virgin Orbit ដែលកាន់កាប់មួយផ្នែកដោយមហាសេដ្ឋីអង់គ្លេសលោក រីឆាត ប្រ៊ែនសុន (Richard Branson)បានគ្រោងដាក់ពង្រាយផ្កាយរណបតូចៗចំនួនប្រាំបួនទៅក្នុងគន្លងផែនដីទាប (LEO) នៅក្នុងបេសកកម្មដំបូងរបស់ខ្លួននៅខាងក្រៅមូលដ្ឋានសហរដ្ឋអាម៉េរិករបស់ខ្លួន។
មន្ត្រីទទួលបន្ទុកបាញ់បង្ហោះមិនទាន់អាចទាក់ទងបានភ្លាមៗសម្រាប់ការអត្ថាធិប្បាយបន្ថែមនោះទេ។ ក្រុមហ៊ុនបាននិយាយនៅលើ Twitter ថា រ៉ុក្កែត LauncherOne បានទៅដល់គន្លងផែនដី ប៉ុន្តែក្រោយមកសារនោះក៏បានលុបចោលវិញ៕
រ៉ុក្កែត LauncherOne របស់ក្រុមហ៊ុន Virgin Orbit ដែលភ្ជាប់ទៅនឹងស្លាបរបស់យាន Cosmic Girlដែលជាយន្តហោះកែច្នៃ Boeing 747-400 នៅអាកាសយានដ្ឋាន Newquay នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣
រ៉ុក្កែត LauncherOneគ្រោងនឹងព្រលែងផ្កាយរណបនៅពេលវាទៅដល់គន្លងទាបនៃផែនដី តែភាពមិនប្រក្រតីរារាំងការងារនេះ
របៀបដែលយន្តហោះBoeing 747-400 ចេញដំណើរនិងព្រលែងរ៉ុក្កែត LauncherOne