ដោយៈ ទេពក្រងី/កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែនការសម្រេចឱ្យបាននូវការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលឱ្យបានទាំងស្រុងនៅត្រឹមខែមីនានេះ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានប្រាប់បណ្ដាញសារព័ត៌មានថា រដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធនានា បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធីសាស្ត្រមួយចំនួនដើម្បីលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យក្នុងមូលដ្ឋាន។ ជាពិសេសជំរុញឱ្យប្រជាពលរដ្ឋក្នុងភូមិ ឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល ដើម្បីឱ្យខេត្ត ស្រុកទទួលបានការប្រកាសទទួលស្គាល់ជាផ្លូវការថាបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ផែនការនេះជាការអនុវត្តតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលកំណត់ឱ្យខេត្តសម្រេចនូវការបញ្ចប់ការបន្ទោបង់ក្រៅបង្គន់អានាម័យត្រឹមឆ្នាំ២០២៣នេះ។

លោកអភិបាលខេត្តបានបន្តថា ខេត្តមានប្រាំបីក្រុង/ស្រុក(ក្រុងមួយនិងស្រុកចំនួនប្រាំពីរ)។បច្ចុប្បន្ននៅសល់តែពីរស្រុកប៉ុណ្ណោះ នៅមិនទាន់សម្រេចបានកិច្ចការងារអនាម័យនៅឡើយ។ គឺស្រុកជលគីរី និងស្រុកកំពង់លែងដែលទើបតែសម្រេចបានជាង៧០ភាគរយប៉ុណ្ណោះ បើធៀបនឹងស្រុកដទៃដែលសម្រេចបាន១០០ភាគរយហើយ។ លោកបានពន្យល់ថា ស្រុកជលគីរី និងស្រុកកំពង់លែង មានទីតាំងស្ថិតមិនអំណោយផល ដោយសារពួកគេនៅផ្ទះទឹក។តំបន់នោះជាទូទៅប្រាំមួយខែលិចទឹកនិងប្រាំមួយខែគោក ធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នោះមិនអាចធ្វើបង្គន់ដូចភូមិសាស្រ្តស្រុកដទៃ។ពីមុននៅតំបន់នោះ ភាគច្រើនគាត់បន្ទោបង់ចូលទឹក តែមកបច្ចុប្បន្ន អាជ្ញាធរបានណែនាំឱ្យគាត់សាងសង់បង្គន់នៅលើគោក ហើយបង្រៀនពួកគាត់ឱ្យមកបន្ទោបង់នៅក្នុងបង្គន់នៅលើគោកវិញ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា ដើម្បីឈានទៅសម្រេចផែនការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល បានទាំងស្រុងនៅត្រឹមខែមីនាឆ្នាំ ២០២៣នេះ រដ្ឋបាលខេត្ត នឹងអាជ្ញាធរពាក់ព័ន្ធ បានរួមគា្នតាមដាន ពិនិត្យ និងធ្វើរបាយការណ៍ពីសកម្មភាពរាល់ថ្ងៃពីបញ្ហាអនាម័យ និងការសាងសង់បង្គន់តាមបណ្តារភូមិ ឃុំ ស្រុក ពិសេសនៅតាមខ្នង់ផ្ទះរបស់ពលរដ្ឋផ្ទាល់។

យោងតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការឆ្នាំ២០២០ បានឱ្យដឹងថា ប្រមាណ ៨២,៨៣ភាគរយ នៃគ្រួសារកម្ពុជាមានបង្គន់អនាម័យប្រើប្រាស់ ក្នុងនោះតំបន់ទីប្រជុំជន ៩០.៤១ភាគរយ និងជនបទ ៧៨.៣១ភាគរយ។ ចំពោះគ្រួសារកម្ពុជាដែលមិនមានបង្គន់អនាម័យប្រើមាន ១៧.១៧ភាគរយ ក្នុងនោះទីប្រជុំជនមាន ៩.៥៩ភាគរយ និងជនបទ ២១.៦៩ភាគរយ៕/R