ដោយបាយ័ន/សៀមរាបៈកាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០២៣ លោក រិន ឡូត អភិបាលរងស្រុកក្រឡាញ់ ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសតែងតាំងជាអភិបាលស្រុកបន្ទាយស្រី ជំនួសលោក ឃឹម ហ្វីណង់ ដែលបានទៅទទួលភារកិច្ចថ្មីជាអភិបាលរងខេត្តសៀមរាប។

លោកទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រី ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុកឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ម៉្យាងទៀតស្រុកក៏មានសក្តានុពល ក្នុងវិស័យកសិកម្ម ទេសចរណ៍ទៀតផង។

លោកអភិបាលខេត្ត ក៍បានស្នើដល់ លោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកបន្ទាយស្រី
ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួននោះគឺ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គមឱ្យបានល្អប្រសើរ ក្នុងការតាមដានត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នានានៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះត្រូវរួមគ្នាកសាង ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសភូមិ ឃុំឱ្យមានភាពធុនទៅនិងវិបត្តការប្រែប្រួល នៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលកន្លងមក ដោយឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដោយយើងក៏មិនត្រូវធ្វេសប្រហែសឡើយ គឺត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ-១៩ ព្រមទាំងជម្រុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តទៀតផងដែរ។

លោក ទៀ សីហា បានផ្តល់នូវអនុសាសន៍៨ចំណុចសម្រាប់រដ្ឋបាលស្រុកដើម្បីបន្តសហការអនុវត្តឱ្យមានប្រសិទ្ធិភាព នូវកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ឲ្យទទួលបានជោគជ័យ និង បង្ការទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ និង ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋ។ ម៉្យាងទៀតស្រុកបន្ទាយស្រី ក៏មានសក្តានុពលលើវិស័យទេសចរណ៍ និង កសិកម្ម ដែលមានប្រាង្គប្រាសាទដ៏ប្រណិតក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត៕ N