ដោយបាយ័ន/សៀមរាបៈកាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០២៣ លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ឋានន្តរស័ក្តិវរៈមន្តី្រថ្នាក់លេខ២ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកអង្គរធំ ជំនួសលោក ឡុង រដ្ឋារក្ស ដែលត្រូវបានគ្រប់អាណត្តិរបស់ខ្លួន បានផ្ទេរភារកិច្ចថ្មីទៅបម្រើការនៅសាលាខេត្តសៀមរាបក្រោមអធិបតីភាពរបស់ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ។

លោក ទៀ សីហា បានមានប្រសាសន៍ថា សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេចបាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព។ ជាមួយគ្នានោះ លោកបានស្នើដល់ លោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកអង្គរធំ
ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួននោះគឺ -ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គមឱ្យបានល្អប្រសើរ ក្នុងការតាមដានត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នានានៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះត្រូវរួមគ្នាកសាង ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសភូមិ ឃុំឱ្យមានភាពធុនទៅនិងវិបត្តការប្រែប្រួល នៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលកន្លងមក ដោយឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដោយយើងក៏មិនត្រូវធ្វេសប្រហែសឡើយ គឺត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ-១៩ ព្រមទាំងជម្រុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តទៀតផងដែរ។

លោក ទៀ សីហា បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់រដ្ឋបាលស្រុកបន្តសហការអនុវត្តឱ្យមានប្រសិទ្ធិភាព នូវកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ឲ្យទទួលបានជោគជ័យ និង បង្ការទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ និង ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋ។ ម៉្យាងទៀតស្រុកអង្គរធំ ក៏មានសក្តានុពលលើវិស័យទេសចរណ៍ និង កសិកម្ម ដែលមានប្រាង្គប្រាសាទដ៏ប្រណិតក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត។ N