ដោយៈសុផល/ភ្នំពេញ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៩ខែមករា បានជួបពិភាក្សា ការងារជាមួយក្រុមហ៊ុន NIPPON KOEI ដែលដឹកនាំដោយលោក ហ៊ីរ៉ូតូស៊ី ស៊ូហ្ស៊ីគី ( Hirotoshi SUZIKI) ។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុន NIPPON KOEIទាក់ទងនឹងគម្រោង កែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួន បីនៃផ្លូវដែកភាគខាងជើងរួមមាន៖ បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការប្រើប្រាស់ផ្លូវរថភ្លើងដែលមានស្រាប់សម្រាប់ការដឹកជញ្ជូនឱ្យបានកាន់តែប្រសើរឡើង។

លោក រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានធ្វើបទបង្ហាញលើគម្រោងកែលម្អប្រព័ន្ធដឹកជញ្ជូនផ្លូវរថភ្លើង ភាគខាងជើងដែលមានស្រាប់ហើយឆ្លៀតក្នុងឱកាសនោះដែរលោក បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការសិក្សាលើគម្រោងផ្លូ រថភ្លើងក្នុងទីក្រុង ភ្នំពេញ ជាពិសេសការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway)ដែលជាប្រភេទដឹកជញ្ជូនមួយបែបមានការនិយម ចូលចិត្ត ប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋ មានតម្លៃថោក ផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគដោយសារតម្លៃរបស់វាថោកធៀបនឹងប្រព័ន្ធប្រតិបត្តិការ រថភ្លើងស្វ័យប្រវត្តិ (AGT) ដែលទីភ្នាក់ងារJICAបានសិក្សារួចកន្លងមក។

សូមជម្រាបថា៖ ក្រុមហ៊ុន NIPPON KOEI ទទួលបានការគាំទ្រពីសមាគមសហប្រតិបត្តិការដឹកជញ្ជូន ជប៉ុន ឬហៅកាត់ថា JTCA (Japan Transport Cooperative Association) ជាអង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុនដែលផ្តោតជាសំខាន់លើ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន៕ N