ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ នៅមានការងារត្រូវធ្វើដើម្បធ្វើអោយប្រសើរឡើងនិងអភិវឌ្ឍប្រទេសថៃ នេះជាអ្វីដែលនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់ អូចា បាននិយាយកាលពីថ្ងៃចន្ទ និងនេះជាហេតុផលដែលលោកថាត្រូវតែវិលមកកាន់តំណែងនាយករដ្ឋមន្ត្រីវិញ ដើម្បីបញ្ចប់កិច្ចការងារ។
ក្នុងការថ្លែងជាសាធារណៈលើកដំបូងក្រោយក្លាយជាសមាជិកបក្សរួមថៃសាងឆាត(រួមជាតិថៃ-UTN) លោកបាននិយាយថា«ខ្ញុំចង់នៅជានាយករដ្ឋមន្ត្រី មិនមែនដោយសារស្រឡាញ់អំណាចឬផលប្រយោជន៍ទេ…តែដោយសារនៅមានការងារមិនទាន់សំរេច…ប្រទេសត្រូវធ្វើដំណើរទៅមុខ»។
នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ក្នុងសម្លៀកបំពាក់ក្រហម ខៀវ និងសដែលជាសញ្ញាសំគាល់បក្សថ្មីរបស់លោក លោកប្រាយុទ្ធបាននិយាយថាលោកស្ថិតក្នុងមុខតំណែងដូចថ្ងៃនេះដោយសារលោកគោរពដំណើរការប្រជាធិបតេយ្យថៃ។លោកក៏បានសន្យាដោះស្រាយបញ្ហាដូចជាអំពើពុករលួយ និងភាពក្រីក្រ តែបាននិយាយថា លោកមិនអាចដោះស្រាយបញ្ហាទាំងអស់នេះដោយខ្លួនលោកតែឯងបានទេ ហេតុដូច្នេះហើយបានជាលោកចូលរួមជាមួយគណបក្សUTN។
លោកប្រាយុទ្ធត្រូវបានប្រកាសជាសមាជិកUTNក្នុងពិធីកាលពីម្សិលមិញ ដែលវាក៏កត់សំគាល់ការចាប់ផ្តើមយុទ្ធនាការបោះឆ្នោតរបស់គណបក្សផងដែរ។
ភីរ៉ាផាន សាលីរ៉ាថាវីបាហ្កា(Pirapan Salirathavibhaga) មេដឹកនាំUTNនិយាយថាគណបក្សសង្ឃឹមថានឹងដឹកនាំរដ្ឋាភិបាលបន្ទាប់ក្រោមការដឹកនាំរបស់លោកប្រាយុទ្ធ។គណបក្សដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១មួយនេះ មានបំណងស្តារឯកភាពនិងសន្តិភាពនៅក្នុងប្រទេសថៃ។
ការបោះឆ្នោតសកលនាពេលខាងមុខអាចនឹងត្រូវធ្វើឡើងនៅថ្ងៃ៧ឧសភា បើសិនជាសភាមិនត្រូវបានរំលាយនៅមុនដំណាច់អាណត្តិរបស់ខ្លួននៅចុងខែមីនា។
UTNត្រូវតែរកអោយមានយ៉ាងតិច២៥កៅអីក្នុងចំណោមសភា៥០០អាសនៈក្នុងការបោះឆ្នោតនេះដើម្បីអាចតែងតាំងលោកប្រាយុទ្ធជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន។ព្រឹទ្ធសភានិងសមាជិកសភានឹងបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីម្នាក់ពីក្នុងចំណោមបេក្ខជនដែលតែងតាំងឡើងដោយគណបក្សនានា។
កាលពីចុងខែមុន លោកប្រាយុទ្ធបាននិយាយថាលោកនឹងមិនស្វះស្វែងរកការកាន់អំណាចនៅអាណត្តិទីបីជានាយករដ្ឋមន្ត្រីក្រោមស្លាកUTNទេ និងបញ្ជាក់លើពាក្យចចាមអារ៉ាមជាយូរមកហើយថាលោកនឹងចាកចេញពីគណបក្សផាឡាង ប្រាចារ៉ាត ដែលកំពុងដឹកនាំរដ្ឋាភិបាលចំរុះបច្ចុប្បន្ន៕
ប្រាយុទ្ធ ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សរួមថៃសាងឆាតក្នុងការជួបជុំសមាជិកបក្សលើកដំបូងមុនការចាប់ផ្តើមយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃ៩មករា