ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ អតីតប្រធានាធិបតីស្តាំនិយមប្រេស៊ីល លោក ជែរ បូលសូណារ៉ូ (Jair Bolsonaro) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងរដ្ឋផ្លរីដាកាលពីថ្ងៃចន្ទ ទី៩មករាដោយសារឈឺពោះ ខណៈអ្នកគាំទ្ររបស់គាត់ចំនួន ១.៥០០ នាក់ត្រូវបានចាប់ខ្លួននៅរដ្ឋធានីប្រាស៊ីលីយ៉ា បន្ទាប់ពីបានលុកលុយអគារសំខាន់ៗក្នុងរដ្ឋធានីកាលពីចុងសប្តាហ៍។
ប្រធានាធិបតី ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva)ជាជនឆ្វេងនិយមដែលបានចូលកាន់តំណែងនៅថ្ងៃទី ១ខែមករាបន្ទាប់ពីបានផ្តួលលោកបូលសូណារ៉ូក្នុងការបោះឆ្នោតខែតុលា បានប្តេជ្ញាថានឹងនាំខ្លួនអ្នកទទួលខុសត្រូវមកកាត់ទោស។
លោកបានចោទក្រុមកុបករថាបានព្យាយាមផ្តួលរំលំលទ្ធិប្រជាធិបតេយ្យ ហើយបានចោទសួរថាហេតុអ្វីបានជាកងទ័ពមិនបង្អាក់ការអំពាវនាវឱ្យមានរដ្ឋប្រហារយោធានៅក្រៅបន្ទាយរបស់ពួកគេ។
កាលពីថ្ងៃអាទិត្យ ហ្វូងមនុស្សដែលមានកំហឹងបានលុកលុយពេញសភា តុលាការកំពូល និងការិយាល័យប្រធានាធិបតី ដោយវាយកម្ទេចបង្អួច គ្រឿងសង្ហារិមនិងស្នាដៃសិល្បៈនានានៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតលើស្ថាប័នរដ្ឋចាប់តាំងពីការវិលត្រឡប់របស់ប្រេស៊ីលទៅកាន់លទ្ធិប្រជាធិបតេយ្យក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។
លោកបូលសូណារ៉ូ ដែលបានហោះទៅសហរដ្ឋអាម៉េរិកប៉ុន្មានថ្ងៃមុនពេលអាណត្តិរបស់គាត់បានបញ្ចប់ បានទៅមន្ទីរពេទ្យក្នុងទីក្រុងអ័រលែនដូ (Orlando)កាលពីថ្ងៃចន្ទដោយត្អូញត្អែរពីការឈឺពោះវៀន ដែលទាក់ទងនឹងការចាក់គាត់របួសក្នុងអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៨។
វេជ្ជបណ្ឌិតរបស់គាត់បាននិយាយថា គាត់មានបញ្ហាស្ទះពោះវៀនមិនធ្ងន់ធ្ងរ ហើយទំនងជាមិនត្រូវការការវះកាត់ទេ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN Brasil លោកបូលសូណារ៉ូបាននិយាយថា លោកមានគម្រោងស្នាក់នៅសហរដ្ឋអាម៉េរិករហូតដល់ចុងខែមករាប៉ុន្តែឥឡូវនេះមានគម្រោងត្រឡប់ទៅប្រទេសប្រេស៊ីលវិញក្នុងពេលឆាប់ៗដើម្បីជួបគ្រូពេទ្យ៕
លោកបូលសូណារ៉ូមានបញ្ហាស្ទះពោះវៀនមិនធ្ងន់ធ្ងរ ហើយទំនងជាមិនត្រូវការការវះកាត់ទេ