ដោយៈមុនីរ័ត្ន/ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះតួនាទីដ៏សំខាន់ និងការរួមចំណែកដ៏ចាំបាច់របស់ឥណ្ឌូនេស៊ី នៅក្នុងដំណើរការសន្តិភាពនៅក្នុងប្រទេស​កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។ ការបញ្ជាក់នេះ ក្នុងអំឡុងពេលដែលលោក Sudirman Haseng ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣។

ប្រភពក្រសួងការបរទេសបានឱ្យដឹងថា ក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកសរសើរចំពោះការរួមចំណែករបស់ ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រជាជាតិទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Haseng បានពិនិត្យមើលឡើងវិញនូវទំនាក់ទំនងទ្វេភាគីដែលកំពុងតែរីកលូតលាស់ និងបានពិភាក្សាអំពីមធ្យោបាយនានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។

ចំពោះវិស័យសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយក្តីរីករាយចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងបានចែករំលែកក្តីសង្ឃឹមរួម ចំពោះការចាប់ដំណើរការឡើងវិញនូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។ លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីលទ្ធភាពសម្រាប់ការចូលរួមរបស់ឥណ្ឌូនេស៊ីក្នុងគម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា រួមទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផងដែរ។


ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ឯកអគ្គរដ្ឋទូត បានអបអរសាទរកម្ពុជាចំពោះតួនាទីដ៏ជោគជ័យរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជា ការធ្វើជាម្ចាស់ផ្ទះ និងការរៀបចំផ្នែកពិធីការ និងបដិសណ្ឋារកិច្ចដ៏ល្អ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ឥណ្ឌូនេស៊ី ដែលបានគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងបានរំលឹកជាថ្មីអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ាននៅឆ្នាំនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរឥណ្ឌូនេស៊ីដែលបានរៀបចំកិច្ចប្រជុំកំពូល G-20 ប្រកបដោយជោគជ័យ នៅឆ្នាំ២០២២ ផងដែរ៕សរន