ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ខ្យល់ព្យុះឥតឈប់ឈរបានវាយលុករដ្ឋកាលីហ្វ័រញ៉ាម្តងទៀតកាលពីថ្ងៃអង្គារទី១០មករា ដែលជាការបំផ្លិចបំផ្លាញចុងក្រោយបំផុតក្នុងសប្តាហ៍នៃអាកាសធាតុធ្ងន់ធ្ងរ ដែលបណ្តាលឱ្យស្លាប់មនុស្សយ៉ាងតិច ១៦ នាក់ និងបង្កការបំផ្លិចបំផ្លាញនៅតំបន់ដ៏ធំទូលាយ។
ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ បិទផ្លូវហាយវេសំខាន់ៗ ដួលរលំដើមឈើ និងអូសយកអ្នកបើកបរនិងអ្នកដំណើរ រួមទាំងក្មេងប្រុសអាយុប្រាំឆ្នាំម្នាក់ដែលនៅតែបាត់ខ្លួននៅកណ្តាលរដ្ឋកាលីហ្វ័រញ៉ា ខណៈភ្លៀងនិងព្រិលកាន់តែច្រើនបន្តវាយប្រហាររដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់អាម៉េរិកមួយនេះ។
យោងតាមវេបសាយតាមដានថាមពល Poweroutage.us បានឱ្យដឹងថា ផ្ទះនិងអាជីវកម្មនៅរដ្ឋកាលីហ្វ័រញ៉ាប្រហែល ១៦០.០០០ ខ្នងគឺគ្មានថាមពលប្រើកាលពីថ្ងៃអង្គារ។
សេវាអាកាសធាតុជាតិ (NWS) បាននិយាយថា ព្យុះថ្មីមួយគ្រោងនឹងវាយប្រហាររដ្ឋនេះជាមួយនឹងភ្លៀងថ្មីរហូតដល់កម្រិត ៧ អ៊ីញ (១៨ សង់ទីម៉ែត្រ) នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃពុធ និង ព្រិលកម្រាស់ក្រាស់ៗបន្ថែមទៀតនៅលើភ្នំសៀរ៉ានេវ៉ាដា (Sierra Nevada) ។
NWS បានពណ៌នាអំពី “ការវាយលុកគ្មានទីបញ្ចប់នៃព្រឹត្តិការណ៍បរិយាកាសទន្លេ” ដែលជាប្រព័ន្ធព្យុះដ៏មានឥទ្ធិពលបំផុត ចាប់តាំងពីឆ្នាំ២០០៥។
ទីប្រជុំជនម៉ុនតេស៊ីតូ (Montecito) ដែលជាលំនៅរបស់ព្រះអង្គម្ចាស់ហារីរបស់ចក្រភពអង់គ្លេស និងមហេសីមេហ្គាន ម៉ាកិល (Meghan Markle) ត្រូវបានវាយប្រហារដោយភ្លៀង ដោយគំរាមបង្កការរអិលបាក់ដីដ៏គ្រោះថ្នាក់នៅតាមភ្នំ ដែលមានដីជ្រាយរួចទៅហើយដោយសារភ្លៀងធ្លាក់អស់ជាច្រើនសប្តាហ៍ និងបង្កឱ្យមានការជម្លៀសមនុស្សចេញ។
អ្នកស្រុក ឈ្មោះ ដានីញែល ដេមូយើ (Daniel DeMuyer) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ដោយសារតែភ្នំនៅទីនោះ ចឹងនៅពេលភ្លៀងធ្លាក់មកក្នុងអត្រាខ្ពស់…វាពិតជាគ្រោះថ្នាក់ណាស់”៕
ផ្នែកភាគច្រើននៃរដ្ឋកាលីហ្វ័រញ៉ាជន់លិចដោយសារព្យុះភ្លៀង