ដោយ: បាយ័ន/សៀមរាប: កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ តាមប្រតិទិនដែលបានគ្រោងទុកក្រោមអធិបតីភាពរបស់ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អាជ្ញាធរជាតិអប្សរា លោក នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះឱ្យសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរ ក្រុង ស្រុក។
បន្ទាប់ពីអនុម័តលើរបៀវារៈមួយចំនួន ដែលបានគ្រោងរួចមក ក្នុងនោះដែរសមាជិកនៃក្រុមប្រឹក្សាខេត្ត បានធ្វើការពិនិត្យ ពិភាក្សា ព្រមទាំងបានលើកនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងការបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការកំណត់ផ្លូវឯកទិស ការរៀបចំសណ្តាប់ធ្នាប់ផ្សារលើធំថ្មីឡើងវិញ ការរៀបចំគូសគំនូសឆ្លងផ្លូវនៅតាមភ្លើងសញ្ញាចរាចរណ៍តាមគោលដៅសំខាន់ៗ ការគ្រប់គ្រងសុខសុវត្ថិភាពសណ្តាប់ធ្នាប់ការលក់ប្រេងឥន្ធនៈ ការគ្រប់គ្រងបរិស្ថាននៅទីកន្លែងសក្ការៈព្រះអង្គចេកព្រះអង្គចម ការជួសជុលផ្លូវកូរ៉េ (ចាប់ពីផ្លូវ ៣០ម៉ែត្ររហូតដល់ផ្លូវមុខបាឡុង) និងការរៀបចំកែលម្អសោភណ្ឌភាពនៅរង្វង់មូលជ័យវរ្ម័នទី៧ និងរង្វង់មូលរំដួល។ ជាមួយនឹងការលើកឡើងខាងលើ លោក អភិបាលខេត្ត លោក អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺ និងទទួលយកកិច្ចការទាំងនេះយកទៅបន្តអនុវត្តដើម្បីដោះស្រាយ។
លោក អភិបាល នៃគណៈអភិបាលខេត្ត ក៏បានជំរុញបន្ថែមដល់មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី បន្តយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដែលលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើងនាពេលនេះ។ ជាមួយនេះ រដ្ឋបាលខេត្តនៅមានភាពមមាញឹកក្នុងការរៀបចំកិច្ចការផ្លាស់លំនៅឋានរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាពិសេសត្រូវរៀបចំផ្លាស់ប្តូរជីវភាពឡើងវិញ និងព្យាយាមស្វែងរកនិយោគិន ដើម្បីធ្វើការវិនិយោគនៅក្នុងតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង ក្នុងការបង្កើតមុខរបរបន្ថែមទៀតជូនដល់ពួកគាត់។
ដោយឡែកចំពោះដីដែលនៅទំនេរបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋបាន រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រជុំពិភាក្សាដើម្បីរៀបចំឡើងវិញ។ លោក អភិបាលខេត្ត បានស្នើសុំដល់អង្គប្រជុំជួយបន្តផ្សព្វផ្សាយជូនដល់ប្រជាជនក្នុងខេត្ត ដើម្បីមកទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការធ្វើអត្តសញ្ញាណប័ណ្ណ ព្រមទាំងធ្វើទុតិយតាសម្រាប់ប្រជាពលរដ្ឋដែលបានបាត់អត្តសញ្ញាណប័ណ្ណ ឬសុពលភាពសល់រយៈពេល ៩០ថ្ងៃ និងផុតសុពលភាព ដើម្បីបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាដែលប្រព្រឹត្តទៅនាពេលខាងមុខនេះ។
លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវអំណរគុណចំពោះគណៈអភិបាលខេត្តក្រោមការដឹកនាំរបស់ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំអនុវត្តកិច្ចការសំខាន់ៗជាច្រើនដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយ បញ្ហាផ្សេងៗ ព្រមទាំងសភាពការណ៍ជាក់ស្តែងដែលកើតមានឡើងក្នុងខេត្ត ពិសេសកិច្ចសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់។ ម្យ៉ាងទៀតជាមោទនភាពបន្ថែមទៀត គឺកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៣ ដែលមានលក្ខណៈល្អប្រសើរក្រៃលែង និងមានការងារមួយចំនួនទៀត។
លោក ប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមថា ឆ្នាំនេះខេត្តសៀមរាបនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបបន្ថែមទៀត៕/R