ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រី​ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសហប្រធានសម្រាប់ភាគីកម្ពុជា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបច្ចេក​ទេស​ទ្វេភាគី ជាមួយនឹង លោកស្រី ម៉េតាប អាថាខាន អូសខាន (Mehtap ATAKAN ÖZKAN) អគ្គនាយករងនៃក្រសួងពាណិជ្ជកម្មតួកគី និងជាសហប្រធានសម្រាប់ភាគីតួកគី ដើម្បីពិនិត្យនិងពិភាក្សាបន្ថែមលើសេចក្តីព្រាងកំណត់ហេតុរួម ត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គនៃ កិច្ចប្រជុំលើកទី៣នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃនេះ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំបច្ចេកទេសនេះរៀបចំនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ​២០២៣ មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីអន្តរក្រសួង-ស្ថាប័នរបស់កម្ពុជានិងតួកគី សរុបប្រមាណ ៧០រូប។

នៅក្នុងកិច្ចប្រជុំបច្ចេកទេសនេះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងកំណត់ហេតុរួម ដែលគ្របដណ្ដប់លើវិស័យ និងអនុវិស័យអាទិភាព រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ហាឡាល សហគ្រាសធុនតូចនិងមធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរ​ស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត ក្នុងគោលបំណងដើម្បីជំរុញនិងទាញអត្ថប្រយោជន៍អតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី។

ក្នុងនោះដែរ ភាគីទាំងពីរ បានពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ ដើម្បីសម្រេចបាននូវគោលដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឈានដល់១.០០០លានដុល្លារអាមេរិក ។

សូមបញ្ជាក់ថា៖ សម្រាប់ ១១ខែដំបូង នៃឆ្នំា២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងតួកគី សម្រេចបានប្រមាណ ១៣៦,១៥ លានដុល្លាអាមេរិក ជាមួយនឹងកំណើនប្រមាណ ៦៣,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើង ឆ័ត្រ សម្ភារៈធ្វើដំណើរ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន៖ គ្រឿងម៉ាស៊ីន កប្បាស ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក ជាដើម៕/R