ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ទាហានអ៊ុយក្រែនប្រហែល ១០០ នាក់នឹងធ្វើដំណើរទៅកាន់បន្ទាយហ្វតស៊ីល (Fort Sill)របស់រដ្ឋអូក្លាហូម៉ានៅសប្តាហ៍ក្រោយដើម្បីចាប់ផ្តើមការហ្វឹកហ្វឺនលើប្រព័ន្ធកាំជ្រួច Patriot ដែលនេះនឹងធ្វើឱ្យរដ្ឋាភិបាលក្រុងគៀវកាន់តែខិតទៅជិតការទទួលបានខែលការពារអាកាសដើម្បីប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។
អស់រយៈពេលជាច្រើនខែមកនេះអ៊ុយក្រែនបានស្នើសុំឱ្យសហរដ្ឋអាម៉េរិកផ្តល់ប្រព័ន្ធការពារមីស៊ីលនាំផ្លូវបាញ់ពីដីទៅអាកាស Patriot ព្រោះវាអាចកំណត់គោលដៅលើយន្តហោះ មីស៊ីលនាំផ្លូវនិងមីស៊ីលផ្លោងរយៈចម្ងាយខ្លី។ ក្នុងអំឡុងដំណើរទស្សនកិច្ចចុងខែធ្នូទៅកាន់សហរដ្ឋអាម៉េរិក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាប្រព័ន្ធនេះនឹងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងក្នុងការពង្រឹងការការពាររបស់ទីក្រុងគៀវប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ ផាត់ រ៉ាយឌឺ (Pat Ryder)បាននិយាយកាលពីថ្ងៃអង្គារទី១០មករាថាចំនួនទាហានអ៊ុយក្រែនដែលមកបន្ទាយហ្វតស៊ីលគឺប្រហែលនឹងចំនួនដែលត្រូវការដើម្បីដំណើរការជើងទម្របាញ់មួយ ហើយពួកគេនឹងផ្តោតលើការរៀនធ្វើប្រតិបត្តិការ និងថែទាំប្រព័ន្ធ Patriotផងដែរ។
ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងគៀវក្នុងការយកកងទ័ពចេញពីសមរភូមិដើម្បីហ្វឹកហាត់ឆ្លងកាត់មហាសមុទ្រអាត្លង់ទិកនៅសហរដ្ឋអាម៉េរិកគឺជារឿងមិនធម្មតាបើទោះបីជាអ៊ុយក្រែនបានបញ្ជូនកងកម្លាំងសម្រាប់ការហ្វឹកហ្វឺនរយៈពេលខ្លីនៅឯមូលដ្ឋានអឺរ៉ុបសម្រាប់ប្រព័ន្ធស្មុគស្មាញផ្សេងទៀតដែលខ្លួនបានទទួល ដូចជាប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ឬ HMARS។
លោករ៉ាយឌឺបាននិយាយថា ការហ្វឹកហាត់ប្រើប្រព័ន្ធ Patriot ជាធម្មតាអាចចំណាយពេលច្រើនខែ ប៉ុន្តែ “ការដែលកងទ័ពនៅកាន់តែឆ្ងាយពីសមរភូមិពួកគេនឹងមិនបានចូលរួមជួយដល់ការធ្វើសង្គ្រាមទេ” ដូច្នេះការហ្វឹកហាត់នឹងត្រូវបន្ថយពេលវេលា។
លោករ៉ាយឌឺនិយាយថា បន្ទាយហ្វតស៊ីលត្រូវបានជ្រើសរើសព្រោះវាដំណើរការសាលាបណ្តុះបណ្តាល Patriot រួចហើយ៕
កងទ័ពអ៊ុយក្រែន១០០នាក់នឹងហ្វឹកហាត់របៀបប្រើប្រព័ន្ធ Patriot នៅរដ្ឋអូក្លាហូម៉ា