ដោយៈវ៉ៃកូ/ស្វាយរៀង៖នៅលើកំណាត់ផ្លូវមួយខ្សែដើមទីនៅភូមិ អូរដូនអាម ឃុំព្រះពន្លា ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀងអាជ្ញាធរបានដាក់របាកម្រិតខ្ពស់កាត់ទទឹងផ្លូវដើម្បីទប់ស្តាត់រថយន្តដឹកលើសទម្ងន់និងកម្ពស់ព្រមទាំងទប់ស្កាត់រថយន្តនិងយានយន្តកែច្នៃខុសទំហំកំណាត់។ប៉ុន្តែទោះជាដូចនេះក្តីជារឿយៗគេតែងតែសង្កេតរថយន្តធុនធំដែលបម្រាបមិនឱ្យ​ចរាចរណ៍​លើកំណាត់ផ្លូវនេះនៅតែអាចបើកបរបានដូចជាគ្មានអ្វីរំខានសោះ។

ចំពោះរូបភាពដែលថតបានពីសកម្មភាពនៃការបើករបានោះគឺឃើញមានអ្នកមកបើករបានោះខណៈដែលក្រុមអ្នកសារព័ត៌មានយើងកំពុងតែធ្វើដំណើរនៅម៉ោង៨យប់ថ្ងៃទី៩ខែមករានៅលើកំណាត់ផ្លូវមួយខ្សែដើមទីនៅភូមិ អូរដូនអាម ឃុំព្រះពន្លា ស្រុក កំពង់រោទិ៍ ។

លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍បានឆ្លើយតបនឹងអ្នកសារព័ត៌មានដែលផ្តល់ព័ត៌មានទៅលោកថា លោកសូម​អរគុណ​ចំពោះការផ្តល់ព័ត៌មាននេះហើយលោកនឹងប្រាប់ទៅក្រុមអ្នកធ្វើផ្លូវ។

ចំណែកលោក នួន លីហួន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងបានប្រាប់ឱ្យដឹងថា ផ្លូវមួយខ្សែ​ដែល​ទើបក្រាលកៅស៊ូមិនទាន់ហើយនេះគឺជាការដ្ឋានរបស់អភិវឌ្ឍន៍ជនបទ មិនពាក់ព័ន្ធនិងសាធារណការទេ ។

បើតាមប្រជាពលរដ្ឋរស់នៅជិតតំបន់នោះបានប្រាប់អ្នកសារព័ត៌មានថាទោះជាមានការដាក់របាកម្រិតកម្ពស់និងទម្ងន់ក៏ដោយតែនៅពេលដែលមានរថយន្តដឹកទំនិញធំៗខ្ពស់ៗមកដល់ទីនេះតែងតែមានអ្នកមកចាំបើករបាឱ្យឡានធំៗធ្វើដំណើរបានយ៉ាងរលូន។

បើយោងតាមរលិខិតរបស់រដ្ឋបាលខេត្តស្វាយរៀង លេខ៥៧៨/២២លសចុះថ្ងៃ៨ខែធ្នូឆ្នាំ២០២២ជម្រាបមក៖ លោកអភិបាល​ស្រុកស្វាយជ្រំ ,លោកអភិបាលស្រុករំដួល និង លោកអភិបាលស្រុកកំពង់រោទិ៍ បានបញ្ជាក់ច្បាស់​ស្ដីពីការសម្របសម្រួលកិច្ច​សហការគ្រប់គ្រងរបារកម្រិតកម្ពស់កាត់ទទឹងផ្លូវ ដើម្បីទប់ស្កាត់រថយន្ត ដឹកលើសទម្ងន់ និងយានយន្តកែច្នៃខុសទំហំ​កំណត់បើកបរនៅលើផ្លូវជនបទ ។
លិខិតខាងលើបានបញ្ជាក់ដោយមានខ្លឹមសារទាំងស្រុងថា

យោង៖ លិខិតលេខ ០១១៩/២២ ក.អ.ជ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោកអភិបាលស្រុក ជ្រាបថា៖ ក្រសួង អភិវឌ្ឍន៍ជនបទ បាននិងកំពុងធ្វើការកែសម្ពផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ (DBST) និងបេតុង ក្រោមការគាំទ្រថវិការបស់រាជរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ ដើម្បីធ្វើឱ្យផ្លូវប្រើប្រាស់ បានយូរអង្វែង ក្រសួងអភិវឌ្ឍន៍ជនបទ នឹងសាងសង់របារកម្រិតកម្ពស់កាត់ទទឹងផ្លូវរបស់គម្រោងកែលម្អផ្លូវ ជនបទជំហានទី៣ ក្នុងគោលបំណងទប់ស្កាត់រថយន្តធុនធ្ងន់ដឹកជញ្ជូនលើសទម្ងន់ និងយានយន្តកែច្នៃខុសទំហំកំណត់ ។ របារកាត់ទទឹងផ្លូវនីមួយៗនឹងត្រូវស្ថាបនាចំនួនពីរទីតាំង គឺនៅទីតាំងដើមខ្សែផ្លូវមួយកន្លែង និងនៅចុងខ្សែផ្លូវមួយ កន្លែង ។ (សូមភ្ជាប់តារាងបញ្ជីឈ្មោះផ្លូវបំពាក់របារកំណត់កម្ពស់ឆ្លងកាត់) ៕សរន / N