ដោយៈផេង ពង្សរ៉ាស៊ី/ព្រៃវែង៖ ពីរថ្ងៃបន្ទាប់ពីខួបលើកទី៤៤ឆ្នាំទិវាជ័យជម្នះ៧មករា កាលពីថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣​នេះ មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង បានអនុវត្តគម្រោង”វេទិកាអប់រំសហគមន៍”ជាមួយអ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហមចំនួន១០នាក់ដែលត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាឃុំ និងសិស្សានុសិស្សនៃអនុវិទ្យាល័យត្រពាំងជ្រែ​ចំនួន​១៥​នាក់​ដែលទំនេរពីការសិក្សា នៅក្នុងបរិវេណវត្តត្រពាំងជ្រែ ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើតឲ្យមានកិច្ចសន្ទនាអន្តរជំនាន់រវាងអ្នករស់រាន​មានជីវិតពី​ខ្មែរក្រហម និងក្មេង​ជំនាន់ក្រោយ ស្តីអំពី “ទំនាក់ទំនងជីវិតឆ្លងកាត់របបខ្មែរក្រហម និងជីវិតបច្ចុប្បន្ន”។

រូបថត ជុំគ្នារវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, សិស្សានុសិស្ស និងក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងនៅក្នុងកម្មវិធី វេទិកាអប់រំសហគមន៍ ស្តីអំពី «ទំនាក់ទំនងជីវិតឆ្លងកាត់របបខ្មែរក្រហម និងជីវិតបច្ចុប្បន្ន»។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

តាមរយៈប្រធានបទនេះ ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានចាប់ផ្តើមអនុវត្តកិច្ចការរបស់ខ្លួន ដោយគ្រាន់តែធ្វើការសម្របសម្រួលចំពោះកិច្ចពិភាក្សាអន្តរជំនាន់លើប្រធានបទខាងលើ តាមជំហានៗដូចខាងក្រោម៖

ជំហានទី១.ស្វែងយល់ពីជីវិតសព្វថ្ងៃរបស់ក្មេងៗជំនាន់ក្រោយ និងចំណេះដឹងពីមុនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម៖
ដំបូងលោក ផេង ពង្សរ៉ាស៊ី បានចាប់ផ្តើមពិភាក្សាជាមួយសិស្សានុសិស្សអំពីជីវិតនៅពេលបច្ចុប្បន្នរបស់ពួកគេ ដោយផ្តោតសំខាន់ទៅការរស់នៅប្រចាំថ្ងៃ ដូចជា ការសិក្សា ការប្រើប្រាស់សម្ភារ រួមមាន ទូរសព្ទ យានជំនិះ ប្រាក់កាស ការប្រើប្រាស់សិទ្ធិ ការដើរហើរ ការហូបចុក និងការស្លៀកពាក់។

បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី បានបន្តការពិភាក្សាពីចំណេះដឹងផ្ទាល់ខ្លួនរបស់សិស្សទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈសំណួរបំផុស តើអ្នកទាំងអស់គ្នា ធ្លាប់បានដឹង និងរៀនសូត្រពីប្រវត្តិសាស្ត្រខ្មែរក្រហមដែរឬទេ?។ សិស្សខ្លះឆ្លើយថា “ធ្លាប់” ហើយសិស្សខ្លះទៀតឆ្លើយថា “មិនធ្លាប់”។ លោក លោក ផេង ពង្សរ៉ាស៊ី បានសួរបន្តថា “តើអ្នកបានដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមមកពីណា? នរណាជាអ្នកប្រាប់?”។ មានតែសិស្សានុសិស្សប៉ុន្មាននាក់ប៉ុណ្ណោះនិយាយថាខ្លួន “ធ្លាប់” បានដឹង និងបានឮពីជីដូនជីតានិយាយប្រាប់។ ឧទាហរណ៍ សិស្សប្រុសវ័យ១៣ឆ្នាំម្នាក់បានងើបពីកៅអី ហើយនិយាយថា ខ្ញុំធ្លាប់បានឮយាយខ្ញុំនិយាយប្រាប់ថា សមាជិកគ្រួសាររបស់​គាត់​ភាគច្រើនបានស្លាប់ ហើយសមាជិកខ្លះទៀតបានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ យាយខ្ញុំនិយាយទៀតថា ដំបូងគឺ​មានការទម្លាក់គ្រាប់បែក ហើយបន្ទាប់មករបប ប៉ុល ពត ចូលកាន់កាប់ប្រទេស។ ចាប់តាំងពី ប៉ុល ពត ចូលកាន់កាប់​ប្រទេសមក ប្រជាជននៅក្នុងភូមិជួបការលំបាកខ្លាំង ដោយត្រូវធ្វើការងារធ្ងន់ និងហូបមិនឆ្អែត។

ចុងក្រោយ លោក ផេង ពង្សរ៉ាស៊ី បានណែនាំឱ្យសិស្សានុសិស្សទាំងនោះ ស្តាប់រឿងរ៉ាវជីវិតរស់នៅក្រោមរបបខ្មែរក្រហម​ពីជីដូនជីតាដែលកំពុងតែមានវត្តមាននៅក្នុងវេទិកានេះ។ សិស្សានុសិស្សទាំងអស់ ក៏ត្រូវបានណែនាំឲ្យផ្តោតការយក​ចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការនិយាយរៀបរាប់ និងការចែករំលែកបទពិសោធន៍ពីអ្នកដែលបានឆ្លងកាត់​របបខ្មែរក្រហម​ផ្ទាល់។

ជំហានទី២.ក្មេងៗជំនាន់ក្រោយស្វែងយល់ពីការអធិប្បាយត្រួសៗអំពីប្រវត្តិសាស្ត្រខ្មែរក្រហម៖
ដើម្បីជាចំណេះដឹងខ្លះៗមុននឹងក្មេងៗជំនាន់ក្រោយចូលរួមស្តាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន លោក ផេង ពង្សរ៉ាស៊ី បានអធិប្បាយខ្លះៗអំពីព្រឹត្តិការណ៍ ដែលបានកើតឡើងក្នុងអំឡុងពេលនៃការកាន់​កាប់អំណាចរបស់ខ្មែរក្រហមដូចជា ការស្ម័គ្រចិត្តរបស់ប្រជាជនក្នុងការចូលបម្រើបដិវត្តន៍ខ្មែរក្រហម ការរស់នៅក្នុងរបប​ខ្មែរក្រហម និងទុក្ខលំបាករបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

លោក ផេង ពង្សរ៉ាស៊ី បានផ្តល់ឱកាសដល់អ្នករស់រានមានជីវិតទាំងអស់លើកឡើងអំពីរឿងហេតុពិតដែលបានកើត​ឡើងនៅ​ក្នុងមូលដ្ឋានឃុំត្រពាំងស្រែ ដើម្បីជាឧទាហរណ៍បន្ថែមលើព្រឹត្តិការណ៍រួមសំខាន់ៗដែលបានកើតឡើងនៅក្នុងរបប​ខ្មែរក្រហម។ ជាមួយនឹងការលើកឡើងពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្មេងៗជំនាន់ក្រោយបានស្តាប់យ៉ាងយក​ចិត្ត​ទុក​ដាក់ និងបានកត់ត្រាចូលទៅក្នុងសៀវភៅកំណត់ហេតុរបស់ខ្លួន។

ជំហានទី៣.កិច្ចសន្ទនាអន្តរជំនាន់-ក្មេងៗជំនាន់ក្រោយស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហមពីចាស់ៗ ៖
សិស្សានុសិស្សទាំង១៥នាក់ ត្រូវបានបែងចែកជាបីក្រុម។ ចំណែកអ្នករស់រានមានជីវិតទាំង១០នាក់ គឺជាអ្នកសម្រេចចិត្ត​ដោយ​ខ្លួនឯងថា តើក្រុមសិស្សមួយណាដែលគាត់ចង់ចូលរួមជាមួយ។ ទីបំផុត យើងទទួលបានក្រុមពិភាក្សាអន្តរជំនាន់​ចំនួន​បីក្រុម ដែលក្រុមនីមួយៗមានការចូលរួមពីសិស្សចំនួនប្រាំនាក់ និងអ្នករស់រានមានជីវិតចំនួនពីបីទៅបួននាក់។ ក្រុមនីមួយៗ ទទួលយកប្រធានបទដូចគ្នាគឺ ទំនាក់ទំនងជីវិតរស់នៅក្នុងរបបខ្មែរក្រហម និងជីវិតបច្ចុប្បន្ន យកទៅពិភាក្សា។ ការពិភាក្សានៅក្នុងក្រុម បានប្រព្រឹត្តទៅតាមការណែនាំ ដូចតទៅ ៖ ១) អ្នករស់រានមានជីវិត គឺជាអ្នកចែករំលែកបទពិសោធន៍របស់ខ្លួនប្រាប់ទៅក្មេងៗ ,(២) ក្មេងៗស្តាប់ដោយយកចិត្តទុកដាក់ និងកត់ត្រាពីព្រឹត្តិការណ៍ដែលខ្លួនបានឈ្វេងយល់ ព្រមទាំងសួរសំណួរផ្សេងៗទាក់ទងនឹងប្រធានបទ។

ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង គឺជាអ្នកសម្របសម្រួលតាមក្រុមនីមួយៗ។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបចេញពីការពិភាក្សាក្រុម។ ចំណែកឯការរៀបរាប់លម្អិត នឹងមាននៅក្នុងរបាយការណ៍រួមស្តីពីសកម្មភាព​គម្រោង៖
ក្រុមទី១៖ មានសិស្សានុសិស្សចូលរួមចំនួន៥នាក់ ស្រី៣នាក់ និងអ្នករស់រានមានជីវិតចំនួន៣នាក់។ កិច្ចពិភាក្សាបាន​ចាប់ផ្តើមដោយអ៊ំស្រី ផន ម៉ោ បានរៀបរាប់រឿងរ៉ាវនៅក្នុងឃុំត្រពាំងស្រែ តាំងពីពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់​សម្ដេចព្រះ នរោត្តម សីហនុ, ការទម្លាក់គ្រាប់បែក និងការជម្លៀសខ្លួនចេញ​ពីភូមិដើម្បីគេចពីការ​ទម្លាក់គ្រាប់។ បន្ថែមលើនេះ អ៊ំស្រី ផន ម៉ោ និងអ៊ំប្រុស វង់ ចក់ បានបង្ហាញអំពីព្រឹត្តិការណ៍នានាដូចជា ការធ្វើការរបស់​កុមារនៅក្នុង​សហករណ៍ ការហូបអាហារ ការស្លៀកពាក់ ការធ្វើការងារ ដោយរួមជាមួយការលើកយកជាឧទាហរណ៍អំពី​សកម្មភាព​​ទាំងអស់របស់ខ្លួនដែលបានអនុវត្ត និងឃើញជាក់ស្ដែង។

ចុងក្រោយ អ៊ំប្រុស សុខ មឿន បានធ្វើការសង្ខេប​ចំណុចទាំងអស់នេះឡើងវិញ មុននឹងសិស្សានុសិស្សនៅក្នុងក្រុម១ឡើង​ទៅ​ធ្វើ​បទ​បង្ហាញអំពីចំណេះដឹងដែលខ្លួនទទួលបាន។
ខាងក្រោមនេះគឺជាចំណេះដឹងរបស់ក្រុមទី១ ទទួលបាន ៖

ក្រោយពីការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្រុមទី១ទទួលបានចំណេះដឹងអំពីព្រឹត្តិការណ៍សំខាន់ៗ​ចំនួន៣គឺ ទី១) ការទម្លាក់គ្រាប់បែករបស់ លន់ នល់ ទី២) ការរត់ចូលព្រៃ និង ទី៣) ការធ្វើការហួសកម្លាំង។ ត្រង់ចំណុចនេះ សិស្សានុសិស្សក្នុងក្រុមទី១បានដឹងថានៅក្នុងរបប លន់ នល់ នៅក្នុងស្រុកភូមិរបស់ខ្លួនរស់នៅមានការ​ទម្លាក់​​គ្រាប់បែករបស់សហរដ្ឋអាមេរិក ដែល លន់ នល់ បានពឹងឲ្យជួយ។ ដូច្នេះនៅពេលមានការទម្លាក់គ្រាប់បែក ប្រជាជនបានរត់គេចចូលព្រៃដើម្បីចូលរួមចលនាបដិវត្តន៍ខ្មែរក្រហម។ បន្ទាប់ពីបដិវត្តន៍ខ្មែរក្រហមទទួលបានជោគជ័យ ប្រជាជនទាំងអស់ចាប់ផ្ដើមធ្វើការហួសកម្លាំង និងសម្រាកមិនគ្រប់គ្រាន់។ នៅក្នុងក្រុមទី១ដដែល សិស្សានុសិស្សបាន​បង្ហាញ​​អំពីអារម្មណ៍អាណិតអាសូរ និងសោកស្ដាយដែលលោកតាលោកយាយនៅរស់ជីវិតពីរបបខ្មែរក្រហម​ជួបរឿងឃោរឃៅមួយនេះ។

ក្រុមទី២ ៖ មានសិស្សានុសិស្សចំនួន៥នាក់ ក្នុងនោះមានប្រុស២នាក់ និងមានអ៊ំចាស់ៗចំនួន៤នាក់។ នៅក្នុងក្រុមទី២ អ៊ំ ប៊ូ សន បាននិយាយថា ខ្មែរក្រហមទទួលបានជ័យជម្នះនៅឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជោគជ័យ ខ្មែរក្រហមបានជម្លៀស​ប្រជាជនទៅតាមទីជនបទដើម្បីធ្វើស្រែ។ នៅឆ្នាំ១៩៧៧ នៅក្នុងភូមិខ្មែរក្រហមចាប់ផ្ដើមបង្កើតក្រុមនារីដើម្បី​ធ្វើការងារ​ធ្ងន់ៗ។ ក្រោយមកទៀត គ្រួសាររបស់លោកយាយ ប៊ូ សន ត្រូវបានកម្មាភិបាលខ្មែរក្រហមជម្លៀសទៅខេត្តពោធិ៍សាត់ និងបានសម្លាប់សមាជិក្នុងគ្រួសាររបស់គាត់អស់ជាច្រើននាក់។

ចំណែកលោកយាយ សាំង ហ៊ាត បាននិយាយថា នៅក្នុងសម័យខ្មែរក្រហមអង្គការបានជម្លៀសគ្រួសាររបស់គាត់ទៅ​ស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅទីនោះ កម្មាភិបាលខ្មែរក្រហមតូចៗមួយក្រុម បានមកចាប់គ្រួសាររបស់គាត់ទៅ​សម្លាប់ចោល។ មុនដំបូងក្រុមឈ្លបមកចាប់ចង ឪពុក និងបងប្អូនរបស់គាត់បណ្តើរទៅមួយខ្សែដែលមានចំនួន៥នាក់។ ក្រោយមកទៀតអង្គការបានមកចាប់ម្ដាយរបស់គាត់បន្តទៀត។ ឃើញដូច្នេះគាត់បានសម្រេចចិត្តរត់គេច​ចេញពីទី​កន្លែងនោះដើម្បីឱ្យខ្មែរក្រហមបាញ់សម្លាប់ ព្រោះគាត់គិតថា បើឲ្យឈ្លបខ្មែរក្រហមយកកាំបិទអាក ឬ យកដំបង និងដងចបវាយគាត់ទម្លាក់ចូលក្នុងរណ្ដៅនឹងធ្វើឲ្យគាត់ឈឺចាប់យូរ។ អំឡុងពេលគាត់រត់ចេញពីកង កងឈ្លបមិនឃើញ​គាត់ទេ ព្រោះគាត់នៅតូចនៅឡើយ។ គាត់បានបន្តរត់ទៅមុខទៀត និងបានឃើញរណ្ដៅដែលមានសាកសពជាច្រើន។ គាត់បានរើសយកខោអាវអ្នកដែលស្លាប់ក្នុងរណ្ដៅមកពាក់។

តមកយាយ ទន់ អ៊ាង បានរៀបរាប់ថា គ្រួសារប្អូនរបស់គាត់ក៏ត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តពោធិ៍សាត់ដែរ។ នៅទីនោះ ប្អូនស្រីរបស់គាត់ដែលមានផ្ទៃពោះ៩ខែទៅហើយ ត្រូវបានអង្គការយកទៅសម្លាប់ចោលជាមួយប្ដី។ ចំណែក​មួយគ្រួសារផ្សេងទៀត នៅក្បែរគ្នានោះ ប្រពន្ធមានផ្ទៃពោះ៩ខែដែរ ក៏ត្រូវបានកងឈ្លបយកទៅសម្លាប់ចោល​ដូចគ្នា។ ចំពោះការសម្លាប់មនុស្ស អង្គការយកកាំបិទកាប់ ឬដំបងវាយទម្លាក់ចូលក្នុងរណ្ដៅដើម្បីកប់។

បន្ទាប់ពីចប់ការរៀបរាប់ ក្រុមទី២ បានរៀនអំពីព្រឹត្តិការណ៍សំខាន់ៗ ដូចជា ការជម្លៀសប្រជាជនចេញពីទីក្រុងទៅតាម​ទីជនបទ ការបង្ខំប្រជាជនឲ្យធ្វើការហួសកម្លាំង ការសម្លាប់សមាជិកនៅក្នុងគ្រួសារដោយមិនលើកលែងសូម្បីកូនក្មេង។ បន្ថែមលើនេះ ក៏មានការសម្លាប់ប្រជាជននៅខាងខេត្តពោធិ៍សាត់ជាច្រើនគ្រួសារ បើទោះបីជាស្រ្តីមានផ្ទៃពោះជិតគ្រប់​ខែក៏​​ដោយ។

ក្រុមទី៣៖ មានសិស្សានុសិស្សចំនួន៥នាក់ ក្នុងនោះមានសិស្សប្រុស៣នាក់ និងមានចាស់ៗនៅក្នុងភូមិចំនួន៣នាក់។ នៅក្នុងក្រុមទី៣ ចាស់ៗនៅក្នុងភូមិបានរៀបរាប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងតាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩។ នៅក្នុងឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។

ចាប់ពីពេលនោះមកមានសង្គ្រាមជាប់រហូតដល់ឆ្នាំ១៩៧៥។ ការធ្វើសង្គ្រាមគឺ លន់ នល់ បានពឹងវៀតណាមខាងត្បូងឱ្យជួយ ហើយសម្ដេចព្រះ សីហនុ បានពឹងវៀតណាមខាងជើង។ ចាប់តាំងពីខ្មែរក្រហមទទួលបានជ័យជម្នះ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឲ្យប្រជាជនស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដើម្បីបញ្ជាក់ថាពណ៌នេះគឺជាពណ៌តំណាងឱ្យទាសករ។ ប៉ុន្តែខ្មែរក្រហមបែរជាប្រាប់ប្រជាជនថាដើម្បីសម្គាល់ថាជាកសិករបរិសុទ្ធ។ បន្ទាប់ពីចប់ការរៀបរាប់របស់ចាស់ៗ សិស្សានុសិស្សបានដឹងថា នៅឆ្នាំ១៩៧០ មានសង្គ្រាមកើតឡើងនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីវៀតណាម​ខាងជើង និងខាងត្បូង។ ប្រជាជនរស់នៅ លំបាកវេទនាដោយសារសង្គ្រាម។ ក្រោយពីរបប លន់ នល់ ដួលរលំ នៅឆ្នាំ១៩៧៥ ប្រជាជនកាន់តែលំបាកវេទនា ព្រោះប្រជាជនគ្មានសិទ្ធសេរីភាពទាំងអស់សូម្បីតែការស្លៀកពាក់។ ប្រជាជនមួយចំនួនត្រូវ​បានអង្គការចោទថាក្បត់ ឬក៏សន្តិសម្ព័ន្ធ ហើយអ្នកដែលអង្គការចោទប្រកាន់ គឺភាគច្រើនត្រូវបានយកទៅសម្លាប់ចោល។

ជំហានទី៤.ជីវិតក្រោយរបបខ្មែរក្រហម និងការអភិវឌ្ឍភូមិឃុំ ៖
បន្ទាប់ពីរយៈពេល៤៤ឆ្នាំក្រោយរបបខ្មែរក្រហម​​ដួលរលំ អ្នករស់រានមានជីវិតភាគច្រើនបានឈានចូលដល់ វ័យចាស់ជរា និងមានជំងឺជាប់ខ្លួន។ តាមរយៈការសាកសួរពីក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង យើងបានស្តាប់ឮ​ផ្ទាល់នឹងត្រចៀកថា ភាគច្រើននៃអ្នកចូលរួមនៅក្នុងវេទិកាអប់រំសហគមន៍ មានជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ដុំគីស និងសន្លាក់។ អ្នករស់រានមានជីវិតជាស្ត្រីចំនួនពីរនាក់បាននិយាយថា ខ្លួនធ្លាប់វះកាត់ច្រើនលើកដោយសារជំងឺគីស។ អ្នករស់រានមានជីវិតជាបុរសៗពីរបីនាក់ បានត្អូញត្អែរពីជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដែលកំពុងញុំាញីជីវិត​របស់គាត់។

លោក ផេង ពង្សរ៉ាស៊ី បានប្រាប់អ្នកអ្នករស់រានជីវិតពីរបបខ្មែរក្រហមពីការបោះពុម្ពកូនសៀវភៅ ណែនាំអំពីសុខភាព ដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាចប្រើប្រាស់សម្រាប់ការថែទាំសុខភាពរបស់ខ្លួន ដែលកូនសៀវភៅនេះនឹង​ចងក្រង​រួចរាល់ក្នុងពេលឆាប់ៗនេះ។ ទាក់ទងនឹងការអភិវឌ្ឍភូមិឃុំ អ្នករស់រានមានជីវិតទាំងអស់បានត្អូញត្អែរពីការឡើង​ថ្លៃទំនិញ។ ទោះបីយ៉ាងណា មេភូមិនិងសមាជិកក្រុមប្រឹក្សាឃុំត្រពាំងស្រែ បានឱ្យដឹងពីការអភិវឌ្ឍផ្លូវ និងប្រព័ន្ធទំនប់​ប្រឡាយ ដែលជាតម្រូវការចំាបាច់បំផុតរបស់ប្រជាជនក្នុងមូលដ្ឋាន។

ជំហានទី៥. ស្វែងយល់ពីចំណាប់អារម្មណ៍របស់អ្នកចូលរួម និងការចុះទៅកាន់គេហដ្ឋានផ្ទាល់របស់អ្នករស់រានមានជីវិត ៖
នេះជាជំហាននៃការវាយតម្លៃលើដំណើរការវេទិកាអប់រំសហគមន៍របស់យើង។ ក្រុមការងារបានទៅជួបសម្ភាសន៍​ជាមួយអ្នករស់រានមានជីវិតចំនួន៣នាក់ ដើម្បីស្នើសុំការចែករំលែករឿងរ៉ាវជីវិតលម្អិតឆ្លងកាត់របបខ្មែរក្រហម និងសាកសួរពីមិតយោបល់របស់គាត់ចំពោះការវាយតម្លៃសកម្មភាពវេទិកាថ្នាក់រៀនកាលពីម្សិលមិញ ក៏ដូចជាស្នើសុំយោបល់សម្រាប់ការអភិវឌ្ឍវេទិកានេះនាពេលអនាគត៕សរន

លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជាកំពុងធ្វើបទបង្ហាញទៅកាន់សិស្សានុសិស្សនៅក្នុងកម្មវិធី «វេទិកាអប់រំសហគមន៍»។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជាកំពុងធ្វើបទបង្ហាញទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងសិស្សានុសិស្សនៅក្នុងកម្មវិធី «វេទិកាអប់រំសហគមន៍»។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកំពុងចែករំលែកបទពិសោធន៍ ជីវិតឆ្លងកាត់របបខ្មែរក្រហមទៅកាន់សិស្សានុសិស្សនៅក្នុងកម្មវិធី «វេទិកាអប់រំសហគមន៍»។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកំពុងចែករំលែកបទពិសោធន៍ជីវិត ឆ្លងកាត់របបខ្មែរក្រហមទៅកាន់សិស្សានុសិស្សនៅក្នុងកម្មវិធី «វេទិកាអប់រំសហគមន៍»។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

សិស្សានុសិស្សកំពុងកត់ត្រារឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងកម្មវិធី «វេទិកាអប់រំសហគមន៍»។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកំពុងផ្តល់បទសម្ភាសន៍ដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកំពុងអង្គុយនៅក្នុងផ្ទះរបស់ខ្លួន។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ទេសភាពតាមវាលស្រែនៅក្នុងខេត្តព្រៃវែង។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ទេសភាពនៅក្នុងភូមិនៅខេត្តព្រៃវែង។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)