ដោយៈប.ខុន/ភ្នំពេញៈបរិមាណទឹកភ្លៀងធ្លាក់រយៈពេល២៤ ម៉ោង គិតត្រឹមព្រឹកថ្ងៃទី១១ខែមករានៅរាជធានីនិងខេត្តមួយ ចំនួនមានកម្រិតពីតិចដល់១៥៦មីលីម៉ែត្រតែមិនទាន់មានរបាយការណ៍ស្តីជំនន់ទឹកភ្លៀងកើតឡើងនៅកន្លែងណាមួយនៅឡើយទេ ហើយស្ថានភាពភ្លៀងធ្លាក់រាយប៉ាយនេះនៅបន្តកើត មានថែមទៀតនៅថ្ងៃទី១១ខែមករា ជាពិសេសនៅលើបណ្តា ខេត្តប៉ែកខាងលិចទន្លេមេគង្គរាលដាលទៅដល់តំបន់ទំនាបកណ្តាលភាគពាយព្យនិងខ្ពង់រាបភាគខាងជើង។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិង ឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១១ខែមករាថា បរិមាណទឹកភ្លៀងធ្លាក់រយៈពេល២៤ ម៉ោងត្រឹមព្រឺកថ្ងៃ ទី១១មករា នេះនៅតំបន់ខ្លះនៃខេត្តមួយចំនួនមានកម្រិតរហូត ដល់ជាង១០០មីលីម៉ែត្រហើយនៅថ្ងៃនេះភ្លៀងរលឹមនៅតែបន្តមានធ្លាក់រាយប៉ាយមិនស្មើ ជាមួយនឹងផ្ទៃមេឃអាប់អួរ ជា ពិសេសនៅបណ្តាខេត្តខាងលិចដងទន្លេមេគង្គរហូតដល់តំបន់ខ្ពង់រាបភាគខាងជើងនិងតំបន់ទំនាបកណ្តាលភាគពាយព្យ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថាភ្លៀងរលឹមនៅថ្ងៃទី១១មករានេះអាចមានបរិមាណមិនច្រើនដូចកាលពីថ្ងៃទី១០ខែមករាទេហើយភ្លៀងរលឹមដោយ សារឥទ្ធិពលសម្ពាធទាប នេះនឹងអស់ទៅវិញបន្ទាប់ពីថ្ងៃទី១២ខែមករា។ បណ្តាខេត្តជាប់មាត់សមុទ្រក៏នៅមានភ្លៀងរលឹមហើយផ្ទៃមេឃនឹងប្រែទៅជាស្រឡះវិញចាប់ពីថ្ងៃទី១២ខែមករាជាមួយនឹងសីតុណ្ហភាពធម្មតា។
លោកញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បាន ប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១១ខែមករា ថាបរិមាណ ទឹកភ្លៀងធ្លាក់រយៈពេល២៤ម៉ោងនៅក្នុង ខេត្តកំពង់ស្ពឺរាយ ប៉ាយគ្រប់ស្រុកមានកម្រិតពី១ដល់១៥៦មីលីម៉ែត្រត្រឹមព្រឹកថ្ងៃនេះ។ ទឹកភ្លៀងធ្លាក់ច្រើនគ្រប់កន្លែងនេះបានបំពេញដល់ប្រព័ន្ធធារាសាស្ត្រនានាឡើងវិញខណៈដែលបានបញ្ចេញទឹកប្រើអស់ខ្លះកាលពីចុងរដូវវស្សាកន្លងទៅ។

នៅតាមវាលស្រែបានច្រូតកាត់រួចមានទឹកពេញ តែមិនទាន់មានជំនន់ធ្លាក់ដល់ស្ទឹងព្រែកត្នោតនៅឡើយទេ។
បរិមាណទឹកភ្លៀងធ្លាក់រយៈពេល២៤ម៉ោងលើភូមិសាស្ត្ររាជធានីភ្នំពេញត្រឹមព្រឹកថ្ងៃទី១១ខែមករានៅតម្រងសែនសុខមានកម្រិត៣.៨មីលីម៉ែត្រ ចោមចៅ២៦មីលីម៉ែត្រ ចាក់អង្រែ៣២ មីលីម៉ែត្រ ផ្សារដើមគរ៣៣មីលីម៉ែត្រ សាក់សំពៅ៣៤ មីលីម៉ែត្រ និង តម្រងទឹកភ្លៀងបឹងធំ៤៥.៥មីលីម៉ែត្រ។

បរិមាណទឹកភ្លៀងធ្លាក់រយៈពេល២៤ម៉ោងលើភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រឹមព្រឹកថ្ងៃទី១១ខែមករាមានកម្រិតពី១ដល់១៥៦.៥មីលីម៉ែត្រ ដូចជានៅតម្រងស្រុកភ្នំស្រួច៩៥មីលីម៉ែត្រ តម្រងពាមពូល៥៧មីលីម៉ែត្រ តម្រងអូរកូនត្រុំ១៩មីលីម៉ែត្រ តម្រងស្រែខ្លុង១១៥មីលីម៉ែត្រ តម្រងសាលាស្រុកសំរោង ទង៤៥មីលីម៉ែត្រ តម្រងរលាំងជ្រៃ៧៤មីលីម៉ែត្រ តម្រងពាម ឃ្លៃ៨៦.២មីលីម៉ែត្រ តម្រងជណ្តើរកាច់៣៦មីលីម៉ែត្រ តម្រងអូរតា រ័ត្ន១៣០មីលីម៉ែត្រ តម្រងសាលាស្រុកបសេដ្ឋ ៨៥មីលីម៉ែត្រ តម្រងឃុំកាត់ភ្លុក៤០មីលីម៉ែត្រ តម្រងឃុំស្វាយចចិប២៤មីលីម៉ែត្រ តម្រងឃុំព្រះខែ៤៨មីលីម៉ែត្រ តម្រងសាលាស្រុកគងពិសី១១.៨មីលីម៉ែត្រ តម្រង់សាលាស្រុកឧដុង្គ១០១.៣មីលីម៉ែត្រ តម្រងឃុំពាំងល្វា៦៥មីលីម៉ែត្រ តម្រងឃុំវាលពុង១៥៦.៥មីលីម៉ែត្រ តម្រងឃុំយុទ្ធសាមគ្គី៥១មីលីម៉ែត្រ តម្រងចាន់ថ្នាល៦៦មីលីម៉ែត្រ តម្រងសាលាស្រុកថ្ពង១៣២មីលីម៉ែត្រ តម្រងឃុំយាអង្គ១០៦មីលីម៉ែត្រ តម្រងឃុំអមលាំង១៣៧មីលីម៉ែត្រ តម្រងសាលាស្រុកឱរ៉ាល់៩៩,៤មីលីម៉ែត្រ តម្រងឃុំត្រពាំងជោរ១១៩មីលីម៉ែត្រ តម្រងជាំ៣០មីលីម៉ែត្រនិងតម្រងក្រុងច្បារមន៦០មីលីម៉ែត្រ។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២៣បានជូនដំណឹងស្តីពីការព្យាករធាតុអាកាសសម្រាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៧ខែមករាថាព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលនេះទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននិងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យមនាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយដោយ អន្លើ។
ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពអាកាសធាតុបែបនេះធ្វើឲ្យតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អអ្សាសេ សីតុណ្ហភាពអតិបរមា មានពី៣០ទៅ៣២អង្សាសេ។ អាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។
នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី១៩ទៅ២២អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៩ទៅ៣១អង្សាសេ ។ អាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។ធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតខ្សោយមានតែនៅពេលព្រឹក ។
សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អអ្សាសេ សីតុណ្ហភាពអតិបរមា មានពី៣០ទៅ៣២អង្សាសេ ។ អាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ៕សរន/PC