ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ ឬអ.ប.ព (ACU) បានឃាត់ខ្លួនលោក ឡាយ សំណាង អនុប្រធាន​នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ​កិបកេងថវិការដ្ឋជិត ៤០ម៉ឺនដុល្លារ និងពាក់ព័ន្ធការសម្អាតប្រាក់។ ការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ និងបានបញ្ជូនទៅសាលាដំបូងរាធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃ​ទី១១ ខែមករា នេះថា អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃាត់ខ្លួនលោក ឡាយ សំណាង អនុប្រធាននាយក​ដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា កាលពីថ្ងៃទី១០ ខែមករា ហើយបានបញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែធ្នូ ដើម្បីឱ្យព្រះរាជអាជ្ញាធ្វើការសាកសួរ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា ៖យើងបានប្រកាសឃាត់ខ្លួនកាលពីម្សិលមិញហើយ (១០ មករា) ហើយយើងស៊ើបអង្កេតរឿងនេះ អស់១២ ,១៣ខែដែរ ។យើងគិតថា ម៉ោងនេះគាត់កំពុងនៅមុខព្រះរាជអាជ្ញាហើយ។

ចំណែកលោកសយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោកឡាយ សំណាង កាលពីម្សិលមិញ និងបានបញ្ជូនខ្លួន​នៅសាលាដំបូង​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា។ លោកបញ្ជាក់ថាការកសាងសំណុំរឿងរបស់យើងគឺពាក់ព័ន្ធនឹងបទល្មើស​ចំនួនពីរ ទី១. បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងទី២. ការសម្អាតប្រាក់។ យើងបានរកឃើញជាមួយ​នឹងក្រសួង គឺទឹកប្រាក់ដែលគាត់កិបកេងមានចំនួន ១.៥៤៨លានរៀល ប្រហែលជាជិត ៣៩ម៉ឺនដុល្លារ។

អ្នកនាំពាក្យបានបញ្ជាក់ថា ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយមានលក្ខណៈម៉ត់ចត់ ប្រមូលគ្រប់ជ្រុង​ជ្រោយ គឺប្រើពេលរហូតទៅដល់ ១៣ខែ បានឈានដល់ថ្ងៃឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមករា និងបានបញ្ជូនទៅតុលាការ​កាល​ពីវេលាម៉ោង ៩:៣០ព្រឹក។ ករណីនេះ គឺអង្គភាពប្រឆាំងអំពើពុករលួយបានទទួលបណ្តឹងពីក្រសួងក្រសួង​សង្គមកិច្ច​អតីតយុវជន និងយុវនីតីសម្បទា ហើយស្របពេលជាមួយគ្នានឹងក្រសួងក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានី​ភ្នំពេញដែរ។ សាលាដំបូងរាជធានីភ្នំពេញក៏បានបញ្ជូនសំណុំរឿងនេះមកអង្គភាពប្រឆាំងអំពើពុករលួយដែរ ពីព្រោះដោយសារវា​ជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ៕សរន / N