ដោយ​៖ ដេប៉ូ​/​ភ្នំពេញ​៖ មន្ត្រី​នៃ​ក្រសួងបរិស្ថាន និង ដៃគូ កំពុង​បានបង្ហាញ​មោទកភាព​បន្ទាប់ពី​រកឃើញ​នៃ​ចំនួន​សត្វ​ត្រយង​ចង្កំ​កស និង​សត្វ​ស្លាប​ដ៏​កម្រ​មួយចំនួនទៀត​កំពុង មាន​និន្នាការ​កើន​ចំនួន​ឡើង​រួចមក​។​

​គួរ​បញ្ជាក់ថា​៖​សត្វ​ត្រយង​ចង្កំ​កស​គឺជា​ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ​បំផុត​នៅលើ​ពិភពលោក ហើយ​មានការ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ផុត​ពូជ​ជាស​កល ប្រសិនបើ​កត្តា​គំរាមកំហែង​នានា​នៅតែ​បន្ត​កើតមាន ក្នុងនោះ​មានការ​បរបាញ់ ការដាក់​អន្ទាក់ និង​ការបាត់បង់​ទីជម្រក​។ ចំនួន​ប្រជាសាស្ត្រ​ជាស​កល​នៃ​សត្វ​ស្លាប​ប្រភេទ​នេះ​មាន​ចំនួន​ប្រហែល​១.០០០​ក្បាល​តែប៉ុណ្ណោះ​។ ការធ្វើជំរឿន​ទូទាំងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ បាន​កត់ត្រា​ចំនួន ៧៩២​ក្បាល ដែល​ស្មើនឹង ៨០​ភាគរយ​នៃ​របាយ​លើ​ពិភពលោក​។​

​សត្វ​ត្រយង​ចង្កំ​កស (Pseudibis davisoni) ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ទូទាំង​ទ្វីបអាស៊ី​អាគ្នេយ៍ ប៉ុន្តែ​សព្វថ្ងៃនេះ គេ​ប្រទះឃើញ ប្រភេទ​សត្វ​សត្វ​ត្រយង​ចង្កំ​កស មាន​វត្ត​មាននៅ​តំបន់​ព្រៃរ​ល្បោះ​ភាគ​ខាងជើង និង​ខាងកើត​នៃ​ប្រទេស​កម្ពុជា និង​ចំនួន​របាយ​ផ្សេងទៀត​ត្រូវបាន​គេ​រកឃើញ​នៅលើ​កោះ Borneo នៃ​ឧបទ្វីប​អាស៊ី​ខាងត្បូង​។ សត្វ​ត្រយង​ចង្កំ​កស​ត្រូវបាន​គេ​ចាត់​ចូល​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម IUCN Red List​។

​នៅក្នុង​ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​ក្រុម​អង្គការ​អភិរក្ស បាន​រួមគ្នា​ចាប់ផ្តើម អង្កេត​តាមដាន​ចំនួន​សត្វ​ត្រយង​ចង្កំ​កស​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ធ្វើការ​រាប់​ចំនួន​សត្វ​នៅក្នុង​រដូវវស្សា​។ ការរាប់​នេះ​ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ខែ​ចាប់ពី​ខែកក្កដា ដល់​ខែតុលា ដោយ​ធ្វើការ​រាប់​ចំនួន​នៅពេល​សត្វ​ហើរ​ចូល​ទ្រនំ នៅពេល​ល្ងាច និង​រាប់​ចំនួន​នៅពេល​សត្វ​ហើរ​ចាក​ចេញពី​ទ្រនំ​នៅ​ព្រឹក​បន្ទាប់​។ ការធ្វើ​បែបនេះ​ជាការ​ប៉ាន់ប្រមាណ​ចំនួន និង​ការ​បម្រែបម្រួល​ចំនួន​ប្រជាសាស្ត្រ​នៃ​ប្រភេទ​សត្វ​នេះ​។ ចំនួន​ខ្ពស់បំផុត​ត្រូវបាន​រាប់​ក្នុង​ឆ្នាំ​២០១៣ ដែល​បាន​កត់ត្រា​សត្វ​ស្លាប​ប្រភេទ​នេះ​ចំនួន ៩៧៣​ក្បាល និង​មានការ​កត់ត្រា​ទាប​បំផុត​ត្រឹម​ចំនួន​៥៣១​ក្បាល ក្នុង​ឆ្នាំ​២០១៨ គឺមាន​ការថយចុះ​ប្រមាណ ៤៧​ភាគរយ​។ ក្នុងកំឡុងពេល​នៃ​ការថយចុះ​នេះ ប្រទេស​កម្ពុជា​បានទទួល​រង​នូវ​ការបាត់បង់​ព្រៃឈើ​កម្រិត​ខ្ពស់ ពិសេស​នៅ​ទីតាំង​សម្បទាន​ដី​សេដ្ឋកិច្ច​។ ការបាត់បង់​ទីជម្រក​គួបផ្សំ​នឹងមាន​ការរំខាន​នៅ​កន្លែង​សំបុក​ពង​កូន និង​ទ្រនំ​រក​ចំណី បាន​ជះ​ឥ​ទ្ឋិ​ពល​យ៉ាងខ្លាំង​ដល់​ការធ្លាក់ចុះ​នៃ​របាយ​សត្វ​ប្រភេទ​នេះ​ក្នុងប្រទេស​កម្ពុជា​។

​នៅ​ឆ្នាំ​២០២២ ជា​ឆ្នាំ​ទី​៤ ដែល​បានបង្ហាញ​ពី​ចំនួន​នៃ​ការធ្វើជំរឿន​បាន​កត់​ត្រ​ទិន្ន័យ​ខ្ពស់​បន្តបន្ទាប់​គ្នា​។ ល​ទ្ឋ​ផល​នេះ គឺជា​ការលើកទឹកចិត្ត​ដែល​បាន​បង្ហាញថា ការអភិរក្ស​មាន​ភាព​ល្អប្រសើរ​ឡើង ទោះជា​នៅ​តំបន់​ខ្លះ​មានការ​ថយចុះ តែ​ចំនួន​សរុប​មានការ​កើនឡើង​។
ចំនួន​ខ្ពស់បំផុត​ត្រូវបាន​កត់ត្រា​នៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង (៣៧៧​ក្បាល​) និង​នៅ​តំបន់​ព្រៃ​លិច​ទឹកទន្លេ​មេគង្គ (៣២៦​ក្បាល​)​។ ការរាប់​ចំនួន​ផ្សេងទៀត ត្រូវបាន​ធ្វើឡើង​នៅ​តំបន់​កោះ​ស្រ​ឡាយ ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព លំផាត់ ស្រែ​ពក និង​ភ្នំ​ព្រេច​។ ការធ្វើជំរឿន​ប្រចាំឆ្នាំ ត្រូវបាន​សម្របសម្រួល​ដោយ​ក្រុមការងារ​អភិរក្ស​សត្វ​ត្រយង​កម្ពុជា (CIWG) ដែល​បាន​បង្កើតឡើង​ដោយ ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​(ACCB) អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​(NLC) ក្រុមហ៊ុន រ៉ា​យ​ហ្ស៊ី​ង​ហ្វី​និក​(RP) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF)​។​

​ទាក់ទិន​ក្នុង​រឿងនេះ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួម ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ ដែល​លទ្ធផល​ពេលនេះ​បានបង្ហាញ​ពី​ការកើនឡើង​នូវ​ប្រភេទ​សត្វព្រៃ​មួយចំនួន​ក្នុងនោះ​មាន​សត្វ​ត្រយង​ក​ង្កំ​កស​ផងដែរ​។ នេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​នានា​របស់​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ និង​បង្ហាញ​ពី​ភាពប្រសើរឡើង​នៃ​ការអភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ការផ្លាស់ប្តូរ​ឥរិយាបថ​សាធារណជន​ចំពោះ​សត្វព្រៃ​”​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​៖ ក្រសួងបរិស្ថាន​និង​ដៃគូ​ទាំងអស់​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ផ្តល់​ជម្រក​សុវត្ថិភាព​ដល់​សត្វព្រៃ​តាមរយៈ​ការអនុវត្ត​ច្បាប់ ការបង្កើត សេដ្ឋកិច្ច​មូលដ្ឋាន និង​ការធ្វើ​យុទ្ធនាការ​ផ្សេងៗ​ដើម្បី​ផ្លាស់ប្តូរ​ឥរិយា​ថ​សាធារណជន​។ ក្រសួងបរិស្ថាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​ការដាក់​អន្ទាក់ ការ​បរបាញ់ និង​ការហូប​សាច់សត្វ​ព្រៃ និង​ការជួញដូរ​សត្វព្រៃ​»​។

​លោក សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) ប្រចាំ​ប្រទេស​កម្ពុជា បាន​សាទរ​ចំពោះ​កំណើន​នៃ​ចំនួន​សត្វ​ត្រយង​ចង្កំ​កស​ក្នុងប្រទេស​កម្ពុជា​។ លោ​កថា​នេះ​ជា​លទ្ធផល​វិជ្ជមាន​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុងការ​អភិរក្ស​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក​។ សត្វ​ត្រយង​ចង្កំ​កស​ចំនួន ៣២៦ ក្បាល ព្រមទាំង​ទ្រនំ​របស់​ពួកវា​ចំនួន ១៧​កន្លែង ត្រូវបាន​កត់ត្រា​ថា ឃើញ​មាននៅ​ដែនជម្រកសត្វព្រៃ​សំបូរ​ក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ នា​ខេត្តក្រចេះ ដែល​ចំនួន​នេះ​បាន​កើនឡើង ២៩% ក្នុង​ឆ្នាំ​២០២២ ធៀប​នឹង​ចំនួន ២៥២ ក្បាល ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ​២០២១​។ លោក​បន្តថា​៖ «​អង្គការ​WWF មាន​សេចក្តីសោមនស្ស​រីករាយ និង​សូម​អបអរសាទរ​ចំពោះ​លទ្ធផល​វិជ្ជមាន​នៃ​ជំរឿន​សត្វ​ត្រ​យ៉ង​ចង្កំ​កស​ក្នុងឆ្នាំនេះ​។​

​លោក ប៊ូ វរ​សក្ស នាយក​អង្គការ​ធម្មជាតិ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ប្រទេស​កម្ពុជា​គាំទ្រ​ដល់​ចំនួន​ប្រជាសាស្ត្រ​សត្វ​ត្រយង​ចង្កំ​កស​ច្រើនជាងគេ​នៅលើ​ពិភពលោក លទ្ធផល​ជំរឿន​ក្នុង​ឆ្នាំ ២០២២​នេះ បានបង្ហាញ​ពី​អនាគត​ដ៏​ជោគជ័យ​។ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា សូម​ថ្លែ​អំណរគុណ​ចំពោះ​ក្រសួងបរិស្ថាន ដែល​បាន​ដឹកនាំ​ក្រុមការងារ​អភិរក្ស​សត្វ​ត្រយង​កម្ពុជា​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ ក្នុងការ​គាំទ្រ​ដល់​ក្រុមការងារ​អភិរក្ស​នេះ ដើម្បី​រៀបចំ​និង​អនុវត្ត​ផែនការ​សកម្មភាព​អភិរក្ស​សត្វ​ត្រយង​កម្ពុជា​កុំឱ្យ​ផុត​ពូជ​»៕/R