ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមថា ” ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង តាមសំណើររបស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃទី ២៩ខែធ្នូ ឆ្នាំ ២០២២ ដោយ នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង សម្តេចបានប្រគល់ជូនលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ ហើយ ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុនពេលមានការ ផ្តល់មតិ សម្តេចសម្រេចលុបចោល ស.ជ.ណ លេខ១៨ មយ ថ្ងៃទី៥ មករា ២០២៣ ចាប់ពីម៉ោងនេះតទៅ។

 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចយ៉ាងណាទៀតនឹងធ្វើក្រោយពេល លោក ជា សុផារ៉ា ផ្តល់មតិ។

ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើលិខិតជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។ នេះបើយោងតាមលិខិតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកកែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ជូនសម្តេចក្រឡាហោម ស ខេង និងអភិបាលខេត្តកណ្តាល ស្តីពីករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ទាក់ទងករណីនេះ លោកស្រី សៀង ចាន់ហេង មិនអាចសុំការអត្ថាធិប្បាយបានទេ៕ N