ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តារាសម្តែងវ័យក្មេង អូស្ទីន បាត់ត្លឺ (Austin Butler) រហស្សនាម អែលវីស (Elvis) និងតារាសម្តែងជើងចាស់ លោកស្រី មីសែល យ៉ូ (Michelle Yeoh) បានឈ្នះពានរង្វាន់ភាពយន្តកំពូលនៅឯពិធីប្រគល់ពានផែនដីមាស (Golden Globes) កាលពីថ្ងៃអង្គារទី១០មករា ខណៈហូលីវូដបានត្រឡប់មកវិញនិងឱបក្រសោបយកកម្មវិធីមួយ ដែលត្រូវបានផ្តាច់ចេញពីទូរទស្សន៍ដោយសារតែរឿងអាស្រូវនៃភាពចម្រុះនិងក្រមសីលធម៌។
លោកបាត់ត្លឺអាយុ ៣១ ឆ្នាំបានជាប់ជាតារាសម្តែងឆ្នើមនៅក្នុងរឿងភាគសម្រាប់ការដើរតួកំពូលតារាចម្រៀងរ៉ុក អែលវីស ប្រេស្ល៊ី (Elvis Presley)ហើយហាក់ទប់អារម្មណ៍រំជើបរំជួលមិនជាប់ក្នុងពេលទទួលពាននៅចំពោះមុខកំពូលតារាល្បីៗជាច្រើននាក់នៅក្នុងឧស្សាហកម្មភាពយន្ត។
លោកបាត់ត្លឺបាននិយាយថា “ខ្ញុំនៅក្នុងបន្ទប់នេះជាមួយវីរបុរសរបស់ខ្ញុំទាំងអស់។ ខ្ញុំសឹងមិនជឿថាខ្ញុំបាននៅទីនេះទេ”។
“ប្រ៊ែត ភីត, ខ្ញុំស្រលាញ់លោក។ ក្វេនទីន ថារ៉ានទីណូ (Quentin Tarantino) ខ្ញុំបានព្រីនអត្ថបទពីរឿង Pulp Fiction នៅពេលខ្ញុំមានអាយុ ១២ ឆ្នាំ”។
លោកស្រីយ៉ូ ដែលបានទទួលពានសម្រាប់ការដើរតួឯករបស់លោកស្រីនៅក្នុងខ្សែភាពយន្តបែបវាយតប់ “Everything Everywhere All at Once” បានឡើងឆាកបន្ទាប់ពីឈ្មោះរបស់លោកស្រីត្រូវបានហៅ ហើយនិយាយថា លោកស្រី “គ្រាន់តែឡើងឈរនៅទីនេះ ហើយទទួលយកអ្វីៗទាំងអស់ប៉ុណ្ណោះ”។
តារាសម្ដែងម៉ាឡេស៊ីដើមកំណើតចិនរូបនេះបានបន្ថែមថា “ហូលីវូដគឺជាសុបិនក្លាយជាការពិតរហូតដល់ខ្ញុំមកទីនេះ” ដោយកត់សម្គាល់ថា លោកស្រីត្រូវគេហៅថា “ជនជាតិភាគតិច” ហើយត្រូវគេសួរថាតើលោកស្រីចេះនិយាយភាសាអង់គ្លេសឬអត់នៅដើមអាជីពដំបូងរបស់លោកស្រី។
នៅ៤០ឆ្នាំក្រោយមក លោកស្រីបាននិយាយថា “វាជាដំណើរដ៏អស្ចារ្យនិងជាការតស៊ូមិនគួរឱ្យជឿក្នុងការមកដល់ទីនេះនៅថ្ងៃនេះ ប៉ុន្តែខ្ញុំគិតថាវាមានតម្លៃណាស់ចំពោះការតស៊ូនេះ”៕
លោកបាត់ត្លឺនិងលោកស្រីយ៉ូទទួលពានផែនដីមាសកាលពីថ្ងៃអង្គារ