ដោយ:ពៅនិមល/ភ្នំពេញ៖ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ គិតចាប់ពីថ្ងៃទី១១ ដល់ទី២០ ខែមករា ឆ្នាំ២០២៣ សម្រាប់ប្រេងម៉ាស៊ូត ឃើញថាបានធ្លាក់ពី ៤.៥៥០រៀល មកត្រឹម ៤.៤០០រៀល ក្នុង១លីត្រ។ រីឯប្រេងសាំងធម្មតារក្សាថ្លៃនៅដដែល គឺ ៤.២០០ រៀល នៅក្នុង១លីត្រ បើធៀបនឹងរយៈពេលដូចគ្នានៅដើមខែមករា។
យោងតាមសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ នៅរសៀលថ្ងៃនេះ បានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់ទី២០ ខែមករា ឆ្នាំ២០២៣ នឹងត្រូវលក់ ៤.៤៦៧រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៤.៦៦៧រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ក្រសួង បានឲ្យដឹងទៀតថា រហូតមកដល់បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារ ក្នុង១លីត្រដដែល ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ៕/R