ដោយ៖ បាយ័ន/សៀមរាបៈ នាថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៣ នៅសាលាស្រុកក្រឡាញ់ត្រូវបានរៀបចំពិធីប្រកាសលោក សុខ ណារ៉េត អភិបាលរងស្រុកក្រឡាញ់ ឋានន្តរស័ក្តិវរៈមន្ត្រី ថ្នាក់លេខ១ ចូលកាន់តំណែងជាអភិបាលស្រុកក្រឡាញ់ ជំនួសលោកស្រី ម៉ននី រងី្ស អតីតអភិបាលស្រុក ដែលបានទៅទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាបក្រោមអធិបតីភាពរបស់ លោក ទៀ សីហា អភិបាលខេត្តសៀមរាប។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និងត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកដែលទើបទទួលបានការតែងតាំងថ្មីរួចមក នាឱកាសនោះដែរលោក ទៀ សីហា ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកក្រឡាញ់ ដែលបានរួមសាមគ្គីគ្នាក្នុងការកសាងអភិវឌ្ឍន៍ស្រុកឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។

លោក បានស្នើដល់ លោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុក ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជម្រុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ឱ្យបានគ្រប់ៗគ្នាតាមដូសបន្តបន្ទាប់ និង ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឱ្យបានល្អប្រសើរ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

លោក បានបញ្ជាក់ថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការទាំងអស់ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ពិសេសអនុវត្តន៍តាមអភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់) ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និង ភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ម៉្យាងទៀតក៏ត្រូវបង្ក្រាបឲ្យខាងតែបាននូវបទល្មើសគ្រឿងញៀន ក្មេងទំនើងក្នុងមូលដ្ឋាន និង បង្កើនការដាក់ស្លាកសញ្ញាចរាចរណ៍ ភ្លើងបំភ្លឺតាមដងផ្លូវ ក្នុងការបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងជំរុញប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណជិតហូសសុពលភាព ទៅធ្វើថ្មីនៅតាមបណ្តាប៉ុស្តិ៍នគរបាលតាមឃុំ។

លោក បានគូសបញ្ជាក់បន្ថែមថា ត្រូវរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត គឺត្រូវធ្វើការបណ្តុះបណ្តាលមន្រ្តីរាជការសាលាស្រុកឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និងត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ៕/R