ដោយបាយ័ន/សៀមរាបៈ អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បើកសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដារអន្តរជាតិ ISO14001-2015 នៅគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO 14001: 2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន រយៈពេល២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៣។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ពិធីបើកនេះ ក្រោមអធិបតីភាពលោក សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា តំណាងឱ្យលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។

លោក សុខ លក្ខិណា បានលើកឡើងថា ការបើកសវនកម្មផ្ទៃក្នុងគឺដើម្បីត្រួតពិនិត្យវាយតម្លៃ ភាពមិនអនុលោម ចំណុចតាមអង្កេត និងចំណុចអនុសាសន៍ និងចំណុចប្រសើរ នៅក្នុងស្ថាប័នដែលបានអនុវត្តកន្លងមក និងត្រៀមខ្លួនឱ្យស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ចុះមកធ្វើសវនកម្មលើស្ថាប័នអាជ្ញាធរជាតិ នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា ការធ្វើសវនកម្មផ្ទៃក្នុង គឺធ្វើឡើងយ៉ាងទៀងទាត់ ២ដងក្នុងមួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវភាពអនុលោមជាប្រចាំរបស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ជាពិសេសការអនុវត្តជារួមនៅក្នុងនាយកដ្ឋាននីមួយៗ ឆ្លើយតបទៅនឹងផែនការរបស់ខ្លួន និងស្របតាមអ្វីដែលស្តង់ដារតម្រូវឱ្យអនុវត្ត៕ N