ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ស្ត្រេតថែមស៍)៖ ចិនកាលពីថ្ងៃពុធទី១១មករាបានធ្វើការគំរាមវាយប្រហារកោះតៃវ៉ាន់សាជាថ្មីនិងបានព្រមានពួកអ្នកនយោបាយបរទេសដែលសកម្មទាក់ទងជាមួយក្រុមមេដឹកនាំកោះស្វ័យគ្រប់គ្រងនេះថាកុំ«លលេងជាមួយភ្លើង»។
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងនៅឆ្នាំថ្មីនេះប្តេជ្ញា«ការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី» ព្រមទាំង«បំផ្លាញចោលផែនការទាមទារឯករាជ្យភាព»នៅកោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិន។
លោកម៉ា ស៊ាវហ្កាង(Ma Xiaoguang)បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា«ការគាំទ្រឯករាជ្យភាពតៃវ៉ាន់ពីចំណោមសមាសភាពប្រឆាំងចិននៅក្នុងប្រទេសបរទេសមួយចំនួនជាការបង្ករឿងដោយចេតនា»។
លោកម៉ា ស៊ាវហ្កាង
សូមបញ្ជាក់ថា ចិនប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាទឹកដីចិន ដែលត្រូវតែធ្វើការបង្រួបបង្រួមមកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងវិញ និងអាចប្រើកម្លាំងយោធាក្នុងករណីចាំបាច់។
ដំណើរទស្សនកិច្ចបន្តបន្ទាប់នៅប៉ុន្មានខែចុងក្រោយនេះដោយអ្នកនយោបាយបរទេសមកកាន់កោះតៃវ៉ាន់ រួមមានប្រធានសភាអាម៉េរិកនិងអ្នកនយោបាយមួយចំនួនមកពីសហភាពអឺរ៉ុបផង នាំអោយចិនខឹងក្រេវក្រោធនិងបញ្ចេញសាច់ដុំយោធានៅជុំវិញកោះជាការគំរាម។
នៅសប្តាហ៍នេះ យោធាតៃវ៉ាន់ត្រូវធ្វើសមយុទ្ធយោធាក្នុងគោលបំណងធានាសាធារណជនឡើងវិញអំពីលទ្ធភាពរបស់ខ្លួនក្នុងការតតាំងជាមួយយោធាចិន នៅមុនបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនចិន។មន្ត្រីកងទ័ពអាកាសតៃវ៉ាន់ម្នាក់បានប្រាប់អ្នកយកព័ត៌មានថា« សំខាន់បំផុតគឺត្រូវរក្សាសុវត្ថិភាពរបស់ដែនអាកាសនិងសន្តិសុខជាតិរបស់យើង»។
ការហ្វឹកហាត់នេះកើតឡើងចំពេលសមាជិកសភាអាល្លឺម៉ង់និងលីទុយអានី ធ្វើទស្សនកិច្ចតៃវ៉ាន់ដើម្បីផ្តល់កម្លាំងចិត្តដល់រដ្ឋាភិបាលទីក្រុងតៃប៉ិ។
សមាជិកសភាអាល្លឺម៉ង់និងគណៈប្រតិភូរបស់លោកស្រី ឈរថតជាមួយប្រធានសភាតៃវ៉ាន់នៅវិមានសភាក្នុងក្រុងតៃប៉ិ
លោកម៉ាបាននិយាយថា «យើងអំពាវនាវគ្រប់ប្រទេសពាក់ព័ន្ធ…ឈប់បញ្ជូនសញ្ញាខុសទៅកាន់កម្លាំងផ្តាច់ខ្លួនតៃវ៉ាន់ និងឈប់លេងជាមួយភ្លើងអំពីបញ្ហាតៃវ៉ាន់»។
លោកបានបន្តថា សមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិននាពេលកន្លងមកជាការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងការបង្ករឿងខ្លាំងឡើងពីរដ្ឋាភិបាលទីក្រុងតៃប៉ិ ដែលធ្វើអោយខូចសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។«អាជ្ញាធរកោះនេះកាលពីពេលថ្មីៗបានបង្កើនការសមគំនិតយោធាជាមួយអាម៉េរិក»។
លោកទំនងជាចង់និយាយសំដៅពួកសមាជិកសភាអាម៉េរិកអនុម័តច្បាប់ថវិកាមួយកាលពីខែមុន រួមមានប្រាក់២ពាន់លានដុល្លារសំរាប់សព្វាវុធដល់តៃវ៉ាន់នៅឆ្នាំ២០២៣ និង១០ពាន់លានដុល្លារទៀតសំរាប់ជំនួយដល់ឆ្នាំ២០២៧។
កន្លងមកចិនបានឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់អ្នកនយោបាយបរទេសនៅកោះនេះជាមួយនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំដែលត្រូវបានគេមើលឃើញថាជាការហាត់សមបិទខ្ទប់ឬចូលឈ្លានពានកោះនេះ។កាលពីចុងខែធ្នូចិនបានបញ្ជូនយន្តហោះចម្បាំង៧១គ្រឿងនិងនាវាចម្បាំងប្រាំពីរគ្រឿងទៅធ្វើសមយុទ្ធឡោមព័ទ្ធតៃវ៉ាន់ ជាការបង្ហាញកម្លាំងក្បែរកោះតៃវ៉ាន់ធំបំផុតប្រចាំឆ្នាំ២០២២៕