ដោយៈម៉េងឆៃ/ភ្នំពេញ៖កិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ទភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់(CMAC) ឆ្នាំ​២០២២កន្លងទៅនេះទទួលបានលទ្ធផលគួរជាទីមោទនៈដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់បានជាង១៩៤គីឡូម៉ែត្រក្រឡា។សមិទ្ធផលនេះបានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់និងប្រយោលដល់ប្រជាពលរដ្ឋជាងបីម៉ឺនគ្រួសារ។​នេះជាតួលេខដែលបានបង្ហាញនៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងលើក ទិសដៅផែនការសមាហរណកម្មការងារឆ្នាំ២០២៣ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា នាទីបញ្ជាការស៊ីម៉ាក់ភ្នំពេញក្រោមអធិបតីភាពលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់និងមានការចូលរួមពីថ្នាក់ដឹកនាំមកពីកងឯកភាពនិងអង្គភាព​​ជំនាញនានា។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់នៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងលើក ទិសដៅផែនការសមាហរណកម្មការងារឆ្នាំ២០២៣(រូបថត ស៊ីម៉ាក់)

របាយការណ៍ដែលបានបញ្ជាក់ក្នុងសិក្ខាសាលាឱ្យដឹងថាក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ឆ្នាំ២០២២កន្លងទៅនេះទទួលបានលទ្ធផលគួរជាទីមោទនៈដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់បានជាង១៩៤គីឡូម៉ែត្រក្រឡាស្មើនឹង៩១,៤ភាគរយគិតជាតំបន់ចម្ការមីនមានចំនួយជាង៣៤០និងរំដោះភូមិគ្មានមីនបានចំនួន១៦៨ភូមិនិងរំដោះខេត្តគ្មានមីនចំនួន៩ខេត្ត/រាជធានីក្នុងនោះរុករកឃើញនិងកម្ទេចចោល គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ៦១.៤៧៧ គ្រាប់។

ប្រភពស៊ីម៉ាក់បញ្ជាក់ទៀតថាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះបានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់និងប្រយោលដល់ប្រជាពលរដ្ឋជាងបីម៉ឺនគ្រួសារសម្រាប់ដីលំនៅដ្ឋាន ដីកសិកម្ម និងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះ ក៏បានធ្វើការផ្សព្វផ្សាយអប់រំយល់ដឹងពីមីនដល់ក្រុមគោលដៅបានចំនួន២២.៧៦៥លើកមានមនុស្សចូលរួមសរុប ចំនួន១.៣៤២.៧៩៤នាក់។

ក្នុងអង្គសិក្ខាសាលនេះដែរ បន្ទាប់ពីការពិភាក្សា និងការតម្រង់ទិសពីលោកប្រតិភូ បានកំណត់ថាក្នុងឆ្នាំ២០២៣នេះ អង្គភាពស៊ីម៉ាក់មានផែនការបោសសម្អាតរំដោះផ្ទៃដីចម្ការមាននិងចម្ការគ្រាប់ចំនួនជាង ២៦៨ គីឡូម៉ែត្រក្រឡា និងអាចមានលទ្ធភាពពង្រីកបន្ថែមដល់ប្រមាណ៣០០គីឡូម៉ែត្រក្រឡានិងត្រៀមឆ្លើយតបតាមសំណើរសុំអន្តរាគមន៍បន្ទាន់ៗមួយចំនួនតាមភារកិច្ចចាំបាច់ដើម្បីធានាសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងសង្គមជាតិ។

បន្ថែមពីនេះអង្គភាពCMACនឹងត្រៀមខ្លួនដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលផ្លាស់ប្តូរបទពិសោធន៍លើវិស័យសកម្មភាព មីនជាមួយនឹងប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ៕សរន

សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងលើក ទិសដៅផែនការសមាហរណកម្មការងារឆ្នាំ២០២៣(រូបថតស៊ីម៉ាក់)