ដោយៈប.ខុន/ភ្នំពេញៈអភិបាលខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី១១ ខែ មករាឆ្នាំ២០២៣រួមជាមួយមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ភ្លៀងទឹកហូរកាត់ផ្លូវលំចំនុចភូមិអូរអញ្ចាញឃុំតាសាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺបន្ទាប់ពីមានភ្លៀងធ្លាក់ដល់កម្រិត១៥៦មីលីម៉ែត្រនៅក្នុងភូមិសាស្ត្រឧរ៉ាស់កាលពីយប់ថ្ងៃទី១០ឈានចូលថ្ងៃទី១១ខែមករារួចមក។

នៅក្នុងឱកាសខាងលើនេះលោកវ៉ី សំណាង អភិបាល ខេត្តកំពង់ ស្ពឺបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរដោយទូកចម្លងនៅចំណុចផ្លូវដែលត្រូវបានទឹកជន់លិចជ្រៅនៅក្នុងរដូវប្រាំងដោយបានណែនាំឱ្យមានការប្រុងប្រយ័ត្នក្នុងពេលដឹកចម្លងដោយមិនត្រូវដាក់លើសចំណុះ អាជ្ញាធរមូលដ្ឋានត្រូវជួយ សហការក្នុងការ ចម្លងប្រជាពលរដ្ឋត្រឹមត្រូវនិងមានសុវត្ថិភាព។

លោកញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត កំពង់ ស្ពឺបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រលប់ថ្ងៃទី១១ខែមករាថា អូរចំនួន៣ទៀតនៅភាគខាងលើនៃផ្លូវដែលត្រូវបានទឹកហូរកាត់ពីលើនេះ មានទឹកពេញហៀរមិនអាចឆ្លងកាត់បាន រដ្ឋបាលខេត្ត កំពង់ស្ពឺបានបញ្ជូនទូកទៅជួយចម្លងនៅកន្លែងផ្លូវដែលមានទឹកលិច។អាងទឹកតាសាលទឹកចាប់ឡើងផ្តើម។

លោកប្រធានមន្ទីរបានបញ្ជាក់ថាទឹកស្ទឹងព្រែកត្នោតនៅភាគខាងលើចាប់ផ្តើមជន់ឡើង នៅទ្វារទឹករលាំងជ្រៃទឹកបានឡើងលើសពី ៧ម៉ែត្រ។ទ្វារទឹករលាំងជ្រៃមួយទ្វារបានបើកកម្ពស់កន្លះម៉ែត្ររួមជាមួយវារីអគ្គិសនីខ្នាតតូចចំនួន៤បានដំណើរការទាំងអស់។ទំនប់អន្លង់ជ្រៃ ឃុំប្រាំមុម ស្រុកថ្ពងបានបើកទ្វារទឹកស្វ័យប្រវ័ត្តចំនួន៣ (ខេត្តកំពង់ស្ពឺ ១ទ្វារ និងខេត្តកំពង់ឆ្នាំង ២ទ្វារ)។

បរិមាណទឹកភ្លៀងធ្លាក់រយៈពេល២៤ម៉ោងលើភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រឹមព្រឹកថ្ងៃទី១១ខែមករាមានកម្រិតពី១ដល់១៥៦.៥មីលីម៉ែត្រ ដូចជានៅតម្រងស្រុកភ្នំស្រួច៩៥មីលីម៉ែត្រ តម្រងពាម ពូល៥៧មីលីម៉ែត្រ តម្រងអូរកូនត្រុំ១៩មីលីម៉ែត្រ តម្រងស្រែ ខ្លុង១១៥មីលីម៉ែត្រ តម្រងសាលាស្រុកសំរោងទង៤៥មីលីម៉ែត្រ តម្រងរលាំងជ្រៃ៧៤មីលីម៉ែត្រ តម្រងពាមឃ្លៃ៨៦.២មីលីម៉ែត្រ តម្រងជណ្តើរកាច់៣៦មីលីម៉ែត្រ តម្រងអូរតា រ័ត្ន១៣០មីលីម៉ែត្រ តម្រងសាលាស្រុកបសេដ្ឋ៨៥មីលីម៉ែត្រ តម្រងឃុំកាត់ ភ្លុក៤០មីលីម៉ែត្រ តម្រងឃុំស្វាយចចិប២៤មីលីម៉ែត្រ តម្រងឃុំព្រះខែ៤៨មីលីម៉ែត្រ តម្រងសាលាស្រុក គង ពិសី១១.៨មីលីម៉ែត្រ តម្រង់សាលាស្រុកឧដុង្គ១០១.៣មីលីម៉ែត្រ តម្រងឃុំពាំងល្វា៦៥មីលីម៉ែត្រ តម្រងឃុំវាលពុង១៥៦.៥មីលីម៉ែត្រ តម្រងឃុំយុទ្ធសាមគ្គី៥១មីលីម៉ែត្រ តម្រងចាន់ថ្នាល៦៦មីលីម៉ែត្រ តម្រងសាលាស្រុកថ្ពង១៣២មីលីម៉ែត្រ តម្រងឃុំយាអង្គ១០៦មីលីម៉ែត្រ តម្រងឃុំអមលាំង១៣៧មីលីម៉ែត្រ តម្រងសាលាស្រុកឱរ៉ាល់៩៩,៤មីលីម៉ែត្រ តម្រងឃុំត្រពាំងជោរ១១៩មីលីម៉ែត្រ តម្រងជាំ៣០មីលីម៉ែត្រនិងតម្រងក្រុងច្បារមន៦០មីលីម៉ែត្រ៕សរន / N