ដោយៈមុនីរ័ត្ន/ភ្នំពេញ៖មេដឹកនាំគណបក្សធម្មាធិបតេយ្យ ដែលមានសញ្ជាតិពីរ (ខ្មែរ និងហូឡង់) លោកស្រី ពោធិតី សាវត្ថី បានប្រកាសគាំទ្រនូវគំនិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលមានបំណងចង់ធ្វើច្បាប់ ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ។ លោកស្រីបានបញ្ជាក់ថាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការត្រឹមត្រូវ។

លោកស្រីបានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១១ ខែមករានេះថា នៅក្នុងពេលឆាប់ៗនេះ លោកស្រីនឹងធ្វើសេចក្តីស្នើសុំចូលរួមជំរុញឱ្យធ្វើច្បាប់នេះចេញនៅក្នុងពេលឆាប់ៗពីព្រោះស្ថានភាពនយោបាយបច្ចុប្បន្នរបស់ពិភពលោក គឺជារឿងចាំបាច់សម្រាប់បង្កើតច្បាប់សញ្ជាតិតែមួយសម្រាប់អ្នកនយោបាយ និងជាការចាំបាច់ពង្រឹងស្ថេរភាពនយោបាយ និងសន្តិសុខរបស់សង្គមជាតិខ្មែរទាំងងមូល និងដើម្បីកុំឱ្យបរទេសលូកដៃចូលកកូរកកាយកិច្ចការផ្ទៃកក្នុរបស់កម្ពុជា។

(រូបថត ឯកសារ)

កាលពីថ្ងៃទី ៩ ខែមករា ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម សម្ដេចតេជោ បានបង្ហាញបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ ។ការចង់ធ្វើច្បាប់បែបនេះ ព្រោះធុញទ្រាន់នឹងបរទេសមួយចំនួន យកបញ្ហាសញ្ជាតិនេះមកស្នើសុំលើវិធានការច្បាប់កម្ពុជា ចំពោះអ្នកមានទោសហើយមានសញ្ជាតិដទៃ។

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានបញ្ជាក់ថា លោកស្រីគាំទ្រចំពោះបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ ពីព្រោះប្រទេសណាក៏ដោយគេអត់មានអ្នកនយោបាយ ឬក៏តំណាងរាស្ត្រមានសញ្ជាតិពីរទេ។ ការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី គឺជារឿងត្រឹមត្រូវ។ លោកស្រីបានបញ្ជាក់ថា “បើសិនជាច្បាប់នឹងចេញជាធរមាន គឺខ្ញុំនឹងលាលែងពីសញ្ជាតិមួយដើម្បីមកបម្រើជាតិ មាតុភូមិ យើងអត់ស្តាយក្រោយទេ។ គោលនយោបាយរបស់គណបក្សខ្ញុំ គឺអ៊ីចឹងដែរ គឺសញ្ជាតិតែមួយ បច្ចុប្បន្ននេះ ប្រទេសជាតិកំពុងត្រូវការយើងដើម្បីបម្រើសង្គម អ៊ីចឹងវាសំខាន់ណាស់ ពីព្រោះវាជារឿងសំខាន់សម្រាប់ប្រទេសជាតិ ហើយធានាសន្តិសុខ ដល់មាតុភូមិយើង ហើយបរទេសអត់បន្លំយើងបានទេ”។

លោកស្រីបន្តថា “ខ្ញុំសូមគាំទ្រនូវគំនិតយោបល់សម្តេចតេជោ គឺគាំទ្រ១០០ភាគរយ តែម្តង ពីព្រោះគំនិតនេះ ធ្វើដើម្បីពង្រឹងសន្តិសុខជាតិ ហើយធានានូវសុវត្ថិភាព នៃប្រទេសជាតិទៅថ្ងៃអនាគត។ ច្បាប់នេះចូលជាធរមានឆាប់កាលណា ល្អកាលហ្នឹងសម្រាប់ខ្ញុំ។ ខ្ញុំនឹងធ្វើតាម គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ខ្ញុំនឹងត្រឡប់ទៅហូឡង់សុំលាសញ្ជាតិហូឡង់តែម្តង ដើម្បីមកបម្រើជាតិ ពូជសាសន៍របស់ខ្ញុំ ប្រជាពលរដ្ឋក៏ត្រូវការខ្ញុំ អ៊ីចឹងខ្ញុំលះបង់សញ្ជាតិដទៃមួយមិនជាបញ្ហាធំដុំទេ”។

លោកស្រីប្រធានគណបក្សធម្មាធិបតេយ្យ បានអះអាងថា នៅថ្ងៃស្អែក (១២ មករា) លោកស្រីនឹងធ្វើសេចក្តីស្នើសុំជំរុញឱ្យច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយចេញនៅក្នុងពេលឆាប់ៗខាងមុខនេះ។ នៅថ្ងៃស្អែកនេះ លោកស្រីនឹងធ្វើញត្តិស្នើសុំ និងគាំទ្រនូវការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន។ លោកស្រីពិតជាមានសញ្ជាតិពីរ តែបើសិនជាច្បាប់នឹងចេញជាផ្លូវការ លោកស្រីនឹងជិះយន្តហោះទៅហូឡង់សុំលាលែងសញ្ជាតិតែម្តង ដើម្បីស្ថេរភាពនយោបាយ ដើម្បីរក្សាសន្តិភាព ស្ថេរភាពក្នុងសង្គមជាតិយើង គឺយើងត្រូវតែលះបង់ដើម្បីសេចក្តីសុខនគរមួយទាំងមូល។

សូមជម្រាបថា ក្នុងពីធីបើកការដ្ឋានដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម កាលពីថ្ងៃទី០៩ ខែមករា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ ការចង់ធ្វើច្បាប់បែបនេះ ព្រោះធុញទ្រាន់នឹងបរទេសមួយចំនួន យកបញ្ហាសញ្ជាតិនេះមកស្នើសុំលើវិធានការច្បាប់កម្ពុជា ចំពោះអ្នកមានទោស ហើយមានសញ្ជាតិដទៃ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «ខ្ញុំបានប្រាប់អគ្គរដ្ឋទូតប្រទេសមួយ ដោយសារតែគេចូលនិយាយថា អ្នកមានសញ្ជាតិនេះ សញ្ជាតិនោះ ត្រូវទទួលការប្តឹងផ្តល់ ឬជាប់ឃុំឃាំង។ ខ្ញុំបាននិយាយទៅកាន់វិញថា បើយ៉ាងដូចនេះ ខ្ញុំក៏ត្រូវគិតដែរ អំពីរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ឱ្យមានសញ្ជាតិតែមួយម្តងកុំឱ្យវាពិបាក…! ដល់ពេលវាជាប់ទោស អគ្គរដ្ឋទូតថា អាហ្នឹងជាសញ្ជាតិរបស់អ្នកនោះ។បើអ៊ឹចឹងទេយើង បញ្ចប់តែម្តងអ្នកធ្វើនយោបាយទាំងឡាយ គឺសញ្ជាតិខ្មែរទាំងអស់»។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារទៅកាន់មិត្តភក្តិបរទេសទាំងឡាយ ត្រូវយល់ឱ្យច្បាស់ បើសិនជាបន្តនិយាយតទៅទៀតអំពីបញ្ហារឿងសញ្ជាតិរបស់ប្រជាពលរដ្ឋកម្ពុជា។ «ឥឡូវប្រជាពលរដ្ឋអ្នកឯងមកជាប់គុកស្រុកខ្មែរ មកធ្វើនយោបាយស្រុកខ្មែរ ចាំធ្វើពលរដ្ឋអ្នកឯងនៅស្រុកអ្នកឯងទៅ មកដល់កម្ពុជា គឺជាពលរដ្ឋកម្ពុជា មិនអាចឱ្យពលរដ្ឋបរទេសមកធ្វើនយោបាយនៅស្រុកខ្មែរទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានប្រទេសចំនួនប៉ុន្មានដែលអនុញ្ញាតឱ្យអ្នកមានសញ្ជាតិ២ ធ្វើសកម្មភាពនយោបាយ?។ សម្រាប់កម្ពុជា បច្ចុប្បន្ននេះ គឺកម្ពុជា ហាមឃាត់មនុស្សចំនួន១៣នាក់ទេ ឱ្យមានសញ្ជាតិតែមួយគឺ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំង៩រូប តំណែងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែមានសញ្ជាតិខ្មែរតែមួយ៕សរន