ដោយ:ពៅនិមល/ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មនៃកម្ពុជា និងលោកបណ្ឌិត វ៉ាហ៊ីត គីរីស៊ី (Vahit KIRIŞCI) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃ សាធារណរដ្ឋ តួកគី បានចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៣ នៃ គណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគី ដែលបានប្រព្រឹត្ត ទៅរយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពី មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់ភាគីទាំងពីរ សរុបប្រមាណ ៨០រូប។

ក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្រោយចប់កិច្ចប្រជុំ កាលពីល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងអំឡុងកិច្ច ប្រជុំលើកទី៣នេះ ភាគីទាំងពីរ បានគូសបញ្ជាក់ពីឆន្ទៈ និង គោលជំហរដ៏មោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តសកម្មភាពការងារដូចមានព្រមព្រៀងក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំនេះ ដែលគ្របដណ្តប់លើវិស័យនិងអនុវិស័យ សំខាន់ៗដូចជា៖ ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ទូរគមនាគមន៍, សុខាភិបាល, អាកាសចរស៊ីវិល, ការដឹកជញ្ជូន, សហគ្រាសធុនតូចនិងមធ្យម, ស្តង់ដារ និងមាត្រាសាស្រ្ត, ធនធានទឹក, និងហាឡាល។-ល-។ លើសពីនេះ ភាគីទាំងពីរបាន ពិនិត្យលទ្ធភាពជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចររវាង ប្រទេស ទាំងពីរ ព្រមទាំងបានឯកភាពជំរុញបន្ថែមលើការអនុវត្ត កិច្ច ព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នានានា ដែល បានចុះហត្ថលេខារួមគ្នាកន្លងមក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ប្រភពខាងលើ បានបន្តថា ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ ដ៏ មានសារៈសំខាន់នេះ លោករដ្ឋមន្រ្តីទាំងពីរ ក៏បានជួប ពិភាក្សា ការងារទ្វេភាគី ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ជាពិសេស ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីឱ្យឈានដល់ ១,០០០លានដុល្លារអាម៉េរិក តាមរយៈ យន្តការនៃកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (Preferential Trade Agreement-PTA) ដែលភាគីទាំងពីរនឹងពិភាក្សា លម្អិត នាពេលសមស្របខាងមុខ។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាព ជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគលើផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្ម រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ម្នាស់ និងពោត។ ការណ៍នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ ការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ជាពិសេស ការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា គឹតក្នុងរយៈពេល ១១ខែ នៃឆ្នំា២០២២ ទំហំ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីសម្រេចបានប្រមាណ ១៣៦ លាន ដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៦៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សំលៀក បំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន៖ វាយនភ័ណ្ឌ និងសម្លៀកបំពាក់ គ្រឿងម៉ាស៊ីននិង បរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗ ធ្វើពីស្ពាន់ជាដើម៕សរន / N