ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោក ពៅ សោមាណាក់ ប្រធានមន្ទីរ បរិស្ថាន ខេត្តកណ្ដាល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឱ្យ ធ្វើការបំភ្លឺករណីពីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពបំពេញតួនាទីភារកិច្ច។ ការឱ្យបំភ្លឺនេះ គឺយោងពាក្យប្ដឹងដែល អង្គភាព ប្រឆាំងអំពើពុករលួយ ទទួលបានកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២។

អង្គភាពប្រឆាំងអំពើពុករលួយ បានជម្រាបជូនលោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថាន ខេត្តកណ្ដាលថា អ.ប.ព បានទទួល និងពិនិត្យលើពាក្យប្ដឹងដែលបានលើកឡើងពី ភាព មិន ប្រក្រតីមួយចំនួន ពាក់ព័ន្ធ នឹងសកម្មភាពបំពេញតួនាទី ភារកិច្ច របស់លោកដូចខាងក្រោម៖
-យកលុយពីមន្ត្រីមិនមកបំពេញការងារក្នុងម្នាក់ ចំនួន ២០០ ដុល្លារ អាមេរិក ក្នុងមួយខែ។
–កិបកេងថវិការៀបចំថ្នាលបណ្តុះកូនឈើ ដែលក្រសួង ផ្តល់ជូន មន្ទីរ ចំនួន ៥៩លានរៀល ជាប្រយោជន៍ផ្ទាល់ខ្លួន។
-បញ្ហាឱ្យ មន្ត្រីទាមទារថ្លៃសេវារៀបចំឯកសារកិច្ច សន្យា ការពារបរិស្ថាន ពីសិប្បកម្ម អាជីវកម្ម លើសតម្លៃសេវា របស់រដ្ឋ ព្រមទាំងយកប្រាក់ប្រចាំខែពីសហគ្រាស រោងចក្រ អាជីវកម្ម សិប្បកម្ម ជាច្រើនកន្លែងជាថ្នូរនឹង ការមិនចាត់វិធានការច្បាប់។
ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យប្រធានមន្ទីរ បរិស្ថាន ខេត្តកណ្ដាល បំភ្លឺករណីនេះ និងផ្ដល់ឯកសារពាក់ព័ន្ធមក អ.ប.ព. ឲ្យបានឆាប់ ដោយការបំភ្លឺគឺជាមូលដ្ឋានសម្រាប់ អ.ប.ព. ពិចារណាថាត្រូវសម្រេចបញ្ចប់នីតិវិធី ឬ ត្រូវបន្តលើពាក្យប្ដឹងនេះ។
លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថាន ខេត្តកណ្ដាល មិនអាចសុំការអត្ថាធិប្បាយបានទេនៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣៕សរន/ N