ដោយ: បូកគោ / កំពត: ព្រោះតែធ្លាប់ស៊ីឈ្នួលសាងសង់ផ្ទះឲ្យ នាពេលកន្លងមក ជនសង្ស័យម្នាក់ បានបែកគំនិតចូលមកប្លន់ម្ចាស់លំនៅស្ថាន ដោយបិទបាំងមុខ និងបាញ់ប្រហារមុនពេលយកទ្រព្យសម្បត្តិ រួចរត់គេចខ្លួនបានត្រឹមរយ:ពេលខ្លី។ ហេតុការណ៍នេះ បានកើតឡើងក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ នៅវេលាម៉ោងជិត ១២ ថ្ងៃត្រង់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

តាមការប្រាប់ឲ្យដឹងពីមន្ត្រីនគរបាល នៃស្នងការដ្ឋានខេត្តកំពតថា បុរសរងគ្រោះ ក្នុងករណីខាងលើ ឈ្មោះ ប៉ែន ចំរើន អាយុ ៦២ ឆ្នាំ រស់នៅភូមិប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកជនសង្ស័យ ឈ្មោះ ស៊ន ណុជ ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាជាងសំណង់ មានស្រុកកំណើត នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តែមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែល បានរៀបរាប់ថា កាលពីវេលាម៉ោង១១ និង៤០នាទី ព្រឹកថ្ងៃទី១១ ខែមករា មានករណីប្លន់ បានកើតឡើងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ បណ្តាលឲ្យបុរសជាម្ចាស់ផ្ទះ រងរបួសត្រង់ដៃ និងជង្គង់ទាំងសងខាង ព្រោះតែការបាញ់ប្រហារ ដោយអាវុធខ្លី ព្រមទាំងបាត់បង់ខ្សែក អស់ ៤តម្លឹង។

សមត្ថកិច្ច បានបញ្ជាក់ថា ភ្លាមៗ ជនសង្ស័យបានផ្លោះរបងរត់គេចខ្លួន តែត្រូវនគរបាលនៃអធិការដ្ឋានស្រុកទឹកឈូ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំម៉ាក់ប្រាង និងប្រជាការពារ ឃាត់ខ្លួនបាន។ នៅកន្លែងកើតហេតុ សមត្ថកិច្ច បានរកឃើញបង់កាំភ្លើងខ្លីមួយ មានគ្រាប់ចំនួន៧ មួកសុវត្ថិភាព ពណ៌ខ្មៅមួយ ដែលជ្រុះលើដី ដោយសារការប្រតាយប្រតប់ជាមួយម្ចាស់ផ្ទះ។

ក្រោយឃាត់ខ្លួនបាន អ្នកភូមិដែលស្គាល់ចោរប្លន់រូបនោះ បានបញ្ជាក់ថា ជនសង្ស័យជាជាងដែលធ្លាប់សាងសង់ផ្ទះ ឲ្យបុរសរងគ្រោះខាងលើ៕/V-PC