ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ បន្ទាប់ពីមានសកម្មភាពឈូសឆាយដីព្រៃ ដែលជាតំបន់ការពារដែនព្រៃបំរុងទុកអចិន្រៃ្តយ៍របស់រដ្ឋ នៅចំណុចអូរដីទួលកន្ទួត ក្នុងភូមិសាស្រ្តភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់នោះ នៅថ្ងៃទី១០ ខែមករា ថ្មីៗនេះ លោក សុក ហៃ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងដី ដែលកូនលោក ប្រាក់ មិន មេឃុំសុចិត្រ ស្រុកសណ្តាន់ បានទៅស៊ីឈ្នួលឈូសឆាយដីព្រៃ នៅក្នុងភូមិសាស្រ្តភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែង នៅទីតាំងខាងលើរួចមក លោកក៏បានជួបប្រជុំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសុចិត្រ ដែលក្នុងនោះមានការចូលរួមពី លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ, លោកអភិបាលរងស្រុកសណ្តាន់ លោកនាយ,នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់, លោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីង, ជំទប់ទី១ ឃុំសុចិត្រ, សមាជិកក្រុមប្រឹក្សាឃុំសុចិត្រ, កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស, កម្លាំងនគរបាលក្រសួងមហាផ្ទៃ… ជាលទ្ធផល លោក សុក ហៃ ដែលជាប្រធានក្រុមការងារ បានសម្រេចឲ្យចុចយកនិយាមកា ដើម្បីហ៊ុមព័ទ្ធ ស្នើសុំដីកាដកហូត និងរៀបចំចងក្រងសំណុំរឿង តាមនីតិវិធី ក្នុងរយៈពេល ១ សប្តាហ៍ ដើម្បីបញ្ជូនទៅតុលាការ។ ម៉្យាងវិញ ទៀត លោក សុក ហៃ សង្កត់ធ្ងន់ទៅលើអាជ្ញាធរនៅទីនោះថា សូមកុំយកបញ្ហាបទល្មើស មកពាក់ព័ន្ធជាមួយបក្សឲ្យសោះ!។

គួររំលឹកផងដែរថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ សហការជាមួយកម្លាំងប្រតិបត្តិការសឹករងកំពង់ធំ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងនគរបាលក្រសួងមហាផ្ទៃ (ក្រុមការងារដីធី្លថ្នាក់ជាតិ) បង្រ្កាបបាន ត្រាក់ទ័រ ២ គ្រឿង ក្នុងនោះ បើករត់គេចបាត់ ១គ្រឿង មុនពេលសមត្ថកិច្ចទៅដល់ ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ដែលជាតៃកុងត្រាក់ទ័រឈូសឆាយព្រៃ បានម្នាក់ផងដែរ ប៉ុន្តែមានជនមួយក្រុម មានគ្នាប្រមាណជាង ២០ នាក់ នាំបក្ខពួក មកទីតាំងកើតហេតុ ក្នុងគោលបំណង រំដោះយកវត្ថុតាងពីសមត្ថកិច្ច ក្នុងកាលៈទេសៈនោះធ្វើឲ្យជនសង្ស័យម្នាក់ ឆ្លៀតឱកាសរត់គេចខ្លួន ដោយសុវត្ថិភាព។

ប្រភពសមត្ថកិច្ច បានឲ្យដឹងថាៈ ប្រតិបត្តិការបង្ក្រាបខាងលើ សមត្ថកិច្ច បានឃាត់ត្រាក់ទ័របានចំនួន ២ គ្រឿង ពណ៌ក្រហមម៉ាក KUBOTA M9540 ស្ថិតទីតាំងដីត្រង់ចំណុចនិយាមកា 657164-1427475 , 567138- 1427412) ទីតាំងដីព្រៃនោះដែរ រងការកាប់រាន ឈូសឆាយ ហ៊ុមព័ទ្ធយកធ្វើកម្មសិទ្ធិទំហំ ៣,៥៨០១ ហិកតា (ជាង ៣ ហិកតា)។

ពាក់ព័ន្ធករណីបទល្មើសឈូសឆាយ តំបន់ការពារ ដែនព្រៃបំរុងទុកអចិន្រៃ្តយ៍របស់រដ្ឋខាងលើនេះ បានត្រូវប្រភពព័ត៌មាន ទម្លាយឱ្យដឹងកាលល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ថា ចំពោះត្រាក់ទ័រទាំង ៣ គ្រឿង រត់រួច១ គ្រឿង ដែលធ្វើសកម្មភាពឈូសឆាយព្រៃខាងលើ ជារបស់កូន និង ក្មួយរបស់ លោក ប្រាក់ មិន មេឃុំសុចិត្រ ។ ម្ចាស់ត្រាក់ទ័រទាំងនោះ ជាកម្មសិទ្ធិរបស់លោកមេឃុំមាន ពីរនាក់ ១.ឈ្មោះកំសត់ , ២.ឈ្មោះ ឃាន និងទី៣. ឈ្មោះ ម៉ាច ជាកូនរបស់លោកមេឃុំ។

រាល់ថ្ងៃ នៅឃុំសុចិត្រ គ្មានដីត្រង់ណាដែល ស្របច្បាប់នោះទេ គឺសុទ្ធតែដីគម្របព្រៃឈើឆ្នាំ២០០២ ដីព្រៃឡង់ គ្មានដីណា មានប្លង់នោះទេ! ប្រជាពលរដ្ឋ ចេះតែនាំគ្នាធ្វើ នាំគ្នាឈូសទៅ តែគេចោទប្រកាន់ថា ឈូសព្រៃ ព្រោះនៅជុំវិញនេះ សុទ្ធតែចំការស្រេចហើយ។ ទាំងនេះ គឺការលើកឡើងរបស់លោកមេឃុំ ប្រាក់ មិន តែប៉ុណ្ណោះ។

ដោយឡែក ខណៈនេះដែរ លោកអភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ តំណាងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមជាមួយ អាជ្ញាធរមន្ទីរពាក់ព័ន្ធ សម្រេចឲ្យចុចយកនិយាមកា ដើម្បីហ៊ុមព័ទ្ធ ស្នើសុំធ្វើដីកាដកហូត និងពន្លឿន អាជ្ញាធរ មន្ទីរពាក់ព័ន្ធ រៀបចំចងក្រងសំណុំរឿងតាមនីតិវិធី ក្នុងរយៈពេល ១សប្តាហ៍ ឱ្យរួចរាល់ ដើម្បីបញ្ជូនទៅតុលាការ៕/V-PC