ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ មនុស្សបីនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត ហេតុ និងម្នាក់ទៀត រងរបួស ដោយសារឆ្លងចរន្តអគ្គិសនី ជាមួយគ្រែដែក។

ហេតុការណ៍នេះ បានកើតឡើង ត្រង់ចំណុចការដ្ឋានកាយបក់បូបខ្សាច់ (យីហោ ចាន់ មានហេង បឹងព្រៃអង្គរ) ភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៧ យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

នគរបាលមូលដ្ឋាន បានឲ្យដឹងថាៈ ជនរងគ្រោះដែលស្លាប់បីនាក់នោះ រួមមានៈ ១.ឈ្មោះ ប៊ុត វុទ្ធី អាយុ ៤៣ ឆ្នាំ ត្រូវជាប្តី មុខរបរ អ្នកកាន់ម៉ាស៊ីន បូមខ្សាច់ , ២.ឈ្មោះ ជីប សុខុន អាយុ ៤២ ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរមេចុងភៅ , ៣.ឈ្មោះ សេង ធីប អាយុ ១១ ឆ្នាំ ត្រូវជាកូនស្រី ។ ចំណែកឈ្មោះ សេង សុខម៉េង អាយុ ៨ឆ្នាំ ត្រូវជាកូនប្រុស រងរបួសដៃ និងពកក្បាល។

ប្រភព បានបន្តទៀតថាៈ មូលហេតុបណ្តាលឲ្យឆក់ មកពីខ្សែភ្លើងរលាត់ ហើយមានភ្លៀងឆ្លងចរន្ត ជាមួយគ្រែដែក ។ សពជនរងគ្រោះ ខាងលើ មានទីលំនៅ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយសមត្ថកិច្ច បានប្រគល់ឱ្យសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕/V-PC