ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងវៀងចន្ទន៍ នាយករដ្ឋមន្ត្រីវៀតណាមលោកផាំ មិញ ជិញ និងនាយករដ្ឋមន្ត្រីឡាវថ្មីលោកសូណេសាយ ស៊ីផានដន(Sonexay Siphandone)កាលពីថ្ងៃពុធបានព្រមព្រៀងគ្នាថានឹងបង្កើនភាពជាដៃគូសេដ្ឋកិច្ចព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងដំណើរការជំរុញការរើបរើសេដ្ឋកិច្ចឡើងវិញនៅក្រោយកូវីដ១៩។
ក្នុងអំឡុងពេលពិភាក្សាគ្នានៅការិយាល័យនាយករដ្ឋមន្ត្រីឡាវក្នុងក្រុងវៀងចន្ទន៍ លោកជិញនិងស៊ីផានដនបានបញ្ជាក់អះអាងឡើងវិញថា ប្រទេសទាំងពីរតែងតែអោយអាទិភាពខ្ពស់លើសាមគ្គីភាពនិងមិត្តភាព ព្រមទាំងកិច្ចសហការពិស្តាររវាងប្រជាជាតិទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាមលោកផាំ មិញ ជិញ និងនាយករដ្ឋមន្ត្រីឡាវថ្មីលោកសូណេសាយ ស៊ីផានដនថតនៅក្រុងវៀងចន្ទន៍ កាលពីថ្ងៃ១១មករា
ក្រៅពីពង្រឹងជំនឿទុកចិត្តនយោបាយ ប្រទេសទាំងពីរបានព្រមព្រៀងបង្កើនកិច្ចសហការសេដ្ឋកិច្ច គាំទ្រគ្នានៅក្នុងដំណើរការជំរុញការរើបរើនៅក្រោយជំងឺឆ្លងនិងស្ថាបនាសេដ្ឋកិច្ចទីផ្សារពឹងលើខ្លួនឯង ឯករាជ្យនិងលម្អៀងទៅសង្គមនិយមជាមួយនឹងសមាហរណកម្មអន្តរជាតិដោយប្រសិទ្ធភាព ស៊ីជំរៅនិងទូលំទូលាយ។
ប្រទេសទាំងពីរក៏នឹងពង្រឹងភាពប្រទាក់ក្រឡាសេដ្ឋកិច្ច ចេញពីហេដ្ឋារចនាសម្ពន្ធគមនាគមន៍ ទូរគមនាគមន៍និងថាមពល រហូតដល់ហេដ្ឋារចនាសម្ពន្ធទន់ដូចជា ស្ថាប័ន នយោបាយ ពាណិជ្ជកម្មអេឡិចត្រូនិច សេដ្ឋកិច្ចឌីជីថល ធនាគារនិងហិរញ្ញវត្ថុ។
ភាគីទាំងពីរបានសំរេចកិច្ចព្រមព្រៀងមួយស្តីពីការបន្តរក្សាកំណើនពាណិជ្ជកម្មក្នុងរង្វង់១០ទៅ១៥ភាគរយក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា កិច្ចសហការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងឡាវបានបន្តរីកចំរើនវិជ្ជមានកាលពីឆ្នាំទៅ ។វៀតណាមបានបង្កើតគំរោងថ្មីចំនួនប្រាំនៅឡាវ និងបានបង្កើនការវិនិយោគនៅក្នុងគំរោងបួនទៀត ដែលមានតំលៃសរុប៧០លានដុល្លារ ដោយកើនជិត៥០ភាគរយធៀបនឹងឆ្នាំ២០២១។
ពាណិជ្ជកម្មជាវិស័យលេចធ្លោមួយនៅក្នុងទំនាក់ទំនងវៀតណាម-ឡាវឆ្នាំ២០២២ ដោយចំណូលបានកើនដល់ជិត១,៧ពាន់លានដុល្លារ កើន២១ភាគរយលើឆ្នាំ២០២១។
លោកជិញនិងលោក ស៊ីផានដនក៏បានព្រមព្រៀងគ្នាអំពីសារសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហការយុទ្ធសាស្ត្រវៀតណាម-ឡាវសំរាប់ឆ្នាំ២០២១-២០៣០ ហើយមេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនក្នុងវិស័យផ្សេងៗគ្នា៕