ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ជោគវាសនានៃទីប្រជុំជនរ៉ែអំបិលដែលរងការបំផ្លិចបំផ្លាញមួយនៅភាគខាងកើតអ៊ុយក្រែនកំពុងស្ថិតក្នុងភាពស្រពេចស្រពិលកាលពីថ្ងៃពុធទី១១មករានៅក្នុងសមរភូមិដ៏បង្ហូរឈាមបំផុតនៃការលុកលុយរបស់រុស្ស៊ី ខណៈការតស៊ូក្រាញននៀលរបស់អ៊ុយក្រែននិងបញ្ហាប្រឈមផ្សេងទៀតបានជំរុញឱ្យរដ្ឋាភិបាលក្រុងមូស្គូរុះរើថ្នាក់ដឹកនាំយោធាម្តងទៀត។
កងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះចម្បាំង កាំភ្លើងត្បាល់ និងគ្រាប់រ៉ុក្កែតដើម្បីវាយជ្រំលើទីប្រជុំជនសូឡេដា (Soledar) ក្នុងការវាយលុកឥតឈប់ឈរមួយ។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសដកតំណែងប្រមុខកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន បន្ទាប់ពីបានបំពេញការងារនេះបានត្រឹមតែបីខែប៉ុណ្ណោះ។
មន្ត្រីយោធាកំពូលរបស់រុស្ស៊ី ដែលជាប្រធានអគ្គសេនាធិការយោធា លោកឧត្តមសេនីយ៍ វ៉ាល់ឡឺរី ជើរ៉ាស៊ីម៉ូវ (Valery Gerasimov) ត្រូវបានតែងតាំងជាអ្នកជំនួសលោកឧត្តមសេនីយ៍ សឺហ្គេ ស៊ូរ៉ូវីគីន (Sergei Surovikin) ដែលត្រូវបានបន្ទាបតំណែងមកជាអនុប្រធានវិញ។
ក្នុងអំឡុងពេលដ៏ខ្លីរបស់គាត់ក្នុងការត្រួតត្រាកងទ័ពនៅអ៊ុយក្រែន ឧត្តមសេនីយ៍ស៊ូរ៉ូវីគីនត្រូវបានទទួលស្គាល់ស្នាដៃក្នុងការពង្រឹងការសម្របសម្រួលនិងការគ្រប់គ្រង។ ប៉ុន្តែលោកក៏បានប្រកាសដកខ្លួនចេញយ៉ាងអាម៉ាស់ក្នុងខែវិច្ឆិកាពីទីក្រុងឃើសុនផងដែរ ដែលជាមជ្ឈមណ្ឌលក្នុងតំបន់តែមួយគត់ដែលកងកម្លាំងរុស្ស៊ីរឹបអូសបានប៉ុន្មានសប្តាហ៍បន្ទាប់ពីវិមានក្រឹមឡាំងបានកាត់យកតំបន់នេះដោយខុសច្បាប់។
ទន្ទឹមនឹងនោះ ឧត្តមសេនីយ៍ជើរ៉ាស៊ីម៉ូវត្រូវគេមើលឃើញថាជាស្ថាបនិកកំពូលនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនហើយអ្នករិះគន់បានស្តីបន្ទោសគាត់ចំពោះបរាជ័យផ្នែកយោធារបស់រដ្ឋាភិបាលក្រុងមូស្គូ។
ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ការដាក់ឧត្តមសេនីយ៍ជើរ៉ាស៊ីម៉ូវឱ្យទទួលបន្ទុកគឺជា “ការចង្អុលបង្ហាញអំពីការកើនឡើងនៃស្ថានភាពធ្ងន់ធ្ងរដែលរុស្ស៊ីកំពុងប្រឈមមុខហើយជាការទទួលស្គាល់យ៉ាងច្បាស់ថា យុទ្ធនាការនេះគឺមិនអាចសម្រេចគោលដៅយុទ្ធសាស្ត្ររបស់រុស្ស៊ីបានទេ”។
ក្រសួងបានបន្ថែមនៅក្នុង Tweet មួយថា ពួកអ្នកជាតិនិយមជ្រុលនិងអ្នកសរសេរប្លុកយោធា ដែលរិះគន់ឧត្តមសេនីយ៍ជើរ៉ាស៊ីម៉ូវ ទំនងស្វាគមន៍ដំណឹងនេះជាមួយ “ការមិនសប្បាយចិត្តជាខ្លាំង”៕
លោកឧត្តមសេនីយ៍ វ៉ាល់ឡឺរី ជើរ៉ាស៊ីម៉ូវ (ស្តាំ) នឹងជំនួសលោកឧត្តមសេនីយ៍ សឺហ្គេ ស៊ូរ៉ូវីគីន នៅអ៊ុយក្រែន